The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ម.ជ.ម. និងសហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមជ្ឈត្តការ ជំរុញទំនុកចិត្តវិនិយោគិន

ម.ជ.ម. និងសហភាពអឺរ៉ុប ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមជ្ឈត្តការ ជំរុញទំនុកចិត្តវិនិយោគិន
ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលបំណងលើកកម្ពស់បរិយាកាសធុរកិច្ច និងពង្រឹងយន្តការដោះស្រាយវិវាទពាណិជ្ជកម្មនៅកម្ពុជា ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) បានជួបពិភាក្សាការងារជាមួយប្រតិភូសហភាពអឺរ៉ុប ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នា លើការផ្សព្វផ្សាយវិស័យមជ្ឈត្តកម្មដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនមកពីតំបន់អឺរ៉ុប។

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. បានដឹកនាំសមាជិកក្រុមប្រឹក្សាប្រតិបត្តិ និងក្រុមការងារអគ្គលេខាធិការដ្ឋាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះក៏មានការចូលរួមពីតំណាងសភាពាណិជ្ជកម្មអ៉ឺរ៉ុបប្រចាំកម្ពុជា (EuroCham) ផងដែរ។

ក្នុងឱកាសនោះ លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ ប្រធាន ម.ជ.ម. បានបង្ហាញពីបេសកកម្មស្នូលរបស់ ម.ជ.ម. ក្នុងនាមជាស្ថាប័នឯករាជ្យ និងមិនស្វែងរកប្រាក់ចំណេញ ដែលផ្តល់សេវាកម្មដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ (ADR)។ លោកបានបញ្ជាក់ថា ការដោះស្រាយវិវាទប្រកបដោយយុត្តិធម៌ ឯករាជ្យ តម្លាភាព និងប្រសិទ្ធភាព គឺជាកត្តាគន្លឹះក្នុងការធានាបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគនៅកម្ពុជា។

ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាយ៉ាងស៊ីជម្រៅលើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងការយល់ដឹងអំពីវិស័យមជ្ឈត្តការពាណិជ្ជកម្ម។ កិច្ចសហការនេះមានគោលដៅសំខាន់ ដូចជា ផ្សព្វផ្សាយយន្តការមជ្ឈត្តកម្មទៅកាន់វិនិយោគិនអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅកម្ពុជា, បង្កើនទំនុកចិត្តលើប្រព័ន្ធច្បាប់ និងយុត្តិធម៌ពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ និង រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយចីរភាព រវាងកម្ពុជា និងសហភាពអឺរ៉ុប។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Commercial Arbitration Centre - NCACប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Commercial Arbitration Centre - NCAC
ឯកឧត្តម Igor Driesmans បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ម.ជ.ម. ខណៈដែលសហភាពអឺរ៉ុបតែងតែយកចិត្តទុកដាក់លើការពង្រឹងនីតិរដ្ឋ និងការសម្របសម្រួលពាណិជ្ជកម្ម។ សហភាពអឺរ៉ុបដើរតួនាទីយ៉ាងសំខាន់ក្នុងការតំណាងឱ្យផលប្រយោជន៍ និងគោលនយោបាយអឺរ៉ុបនៅកម្ពុជា តាមរយៈការគាំទ្រដល់ការវិនិយោគ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

លោកមជ្ឈត្តករ ហ៊ឹប ណារិទ្ធិ វេស៍ បានថ្លែងអំណរគុណដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនាពេលខាងមុខនឹងក្លាយជាសសរស្តម្ភដ៏សំខាន់ក្នុងការសម្រេចបាននូវគុណតម្លៃរួមសម្រាប់ស្ថាប័នទាំងពីរ ក៏ដូចជាសម្រាប់សហគមន៍ធុរកិច្ចទាំងមូលនៅកម្ពុជា។

គួររំលឹកផងដែរថា មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (NCAC) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវជម្រើសដោះស្រាយវិវាទដែលចំណេញពេលវេលា និងរក្សាបាននូវការសម្ងាត់ជូនដល់ធុរជន ដែលនេះជាផ្នែកមួយដ៏សំខាន់ក្នុងការទាក់ទាញទុនវិនិយោគពីបរទេស៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2