The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានដែនអាកាសពីសំណាក់ឧទ្ធម្ភាគចក្រយោធាថៃ នៅខេត្តបាត់ដំបង

កម្ពុជា តវ៉ាដាច់អហង្ការចំពោះការរំលោភបំពានដែនអាកាសពីសំណាក់ឧទ្ធម្ភាគចក្រយោធាថៃ នៅខេត្តបាត់ដំបង
ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញមុខតវ៉ាយ៉ាងខ្លាំងក្លាជាផ្លូវការ ចំពោះការរំលោភបំពានជាបន្តបន្ទាប់លើអធិបតេយ្យភាព និងបូរណភាពទឹកដី ពីសំណាក់យោធាថៃ បន្ទាប់ពីមានករណីឧទ្ធម្ភាគចក្រកងទ័ពអាកាសថៃ បានហោះចូលដែនអាកាសកម្ពុជាដោយគ្មានការអនុញ្ញាត កាលពីដើមខែកញ្ញានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឧទ្ធម្ភាគចក្រយោធារបស់ថៃមួយគ្រឿង បានហោះចូលក្នុងដែនអាកាសកម្ពុជាក្នុងជម្រៅប្រមាណ ៤០០ម៉ែត្រ នៅចំណុចក្បែរច្រកទ្វារព្រំដែនអន្តរជាតិដូង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ សកម្មភាពនេះ ត្រូវបានកម្ពុជាចាត់ទុកថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលប្រទេសទាំងពីរមានជាមួយគ្នា។

នៅក្នុងការតវ៉ានេះ រាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងនូវមូលដ្ឋានច្បាប់សំខាន់ៗចំនួន ៣ ចំណុច រួមមាន៖

១. រំលោភលើមាត្រា១ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ (Chicago Convention 1944)៖ ដែលចែងថា រដ្ឋនីមួយៗមានអធិបតេយ្យភាពពេញលេញ និងផ្តាច់មុខលើដែនអាកាសរបស់ខ្លួន។
២. រំលោភលើមាត្រា៣ (គ) នៃអនុសញ្ញាដដែល៖ ដែលហាមដាច់ខាតមិនឱ្យយន្តហោះរដ្ឋ (យោធា) ហោះហើរលើដែនដីរដ្ឋដទៃដោយគ្មានការអនុញ្ញាតពិសេស។
៣. រំលោភលើចំណុចទី៦ នៃវិធានការបន្ថយភាពតានតឹង៖ ដែលមានចែងក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។

តាមរយៈការតវ៉ានេះ កម្ពុជាបានទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពរំលោភបំពានបែបនេះជាបន្ទាន់ និងត្រូវគោរពការប្តេជ្ញាចិត្តក្នុងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងទំនាក់ទំនងជាអ្នកជិតខាងល្អ។

ទោះជាយ៉ាងណាក៏ដោយ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយរាល់បញ្ហាព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីរក្សាមិត្តភាពរវាងប្រទេសទាំងពីរឱ្យបានគង់វង្ស៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2