National

1 hour agoLim_Rothanaksambath

កម្ពុជា ឥណ្ឌូណេស៊ី ម៉ូសំប៊ិក និងណាមីប៊ី រួមគ្នាជំរុញសេដ្ឋកិច្ចច្នៃប្រឌិតជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព

កម្ពុជា ឥណ្ឌូណេស៊ី ម៉ូសំប៊ិក និងណាមីប៊ី រួមគ្នាជំរុញសេដ្ឋកិច្ចច្នៃប្រឌិតជាកម្លាំងចលករសម្រាប់អភិវឌ្ឍន៍ប្រកបដោយចីរភាព
ភ្នំពេញ, ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកវិសាលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ព្រះរាជាណាចក្រកម្ពុជា បានចាប់ដៃគូជាមួយប្រទេសឥណ្ឌូណេស៊ី ម៉ូសំប៊ិក និងណាមីប៊ី ដើម្បីលើកកម្ពស់ «សេដ្ឋកិច្ចច្នៃប្រឌិត» ឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានសហការរៀបចំព្រឹត្តិការណ៍អម (Side Event) ក្នុងទម្រង់កាត់ (Hybrid) ក្រោមប្រធានបទដ៏មានសារៈសំខាន់ «សេដ្ឋកិច្ចច្នៃប្រឌិតលើសពីព្រំដែន៖ ការប្រើប្រាស់សក្តានុពលនៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព»។

ក្នុងនាមជាវាគ្មិនកិត្តិយសតំណាងឱ្យកម្ពុជា លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងយកចិត្តទុកដាក់ខ្ពស់លើការកសាងប្រព័ន្ធអេកូឡូស៊ីសម្រាប់សេដ្ឋកិច្ចច្នៃប្រឌិត។ លោកស្រីបានសង្កត់ធ្ងន់ថា «វប្បធម៌មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដែលឆ្លុះបញ្ចាំងពីអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាម៉ាស៊ីនសេដ្ឋកិច្ចដ៏មានថាមពលក្នុងការបង្កើតការងារ បង្កើនសាមគ្គីភាពសង្គម និងជួយធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ»។ ការណ៍នេះ គឺស្របទៅនឹងការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងបច្ចេកវិទ្យា។

នៅក្នុងអង្គប្រជុំដែលរួមមានតំណាងជាន់ខ្ពស់ពី អ.ស.ប. និងបណ្តាប្រទេសជាដៃគូ អង្គពិភាក្សាបានឯកភាពលើចំណុចគន្លឹះចំនួន ៤ ដើម្បីជំរុញវិស័យនេះ រួមមាន៖ ការបញ្ជ្រាបគោលនយោបាយ សំដៅដល់ការដាក់បញ្ចូលសេដ្ឋកិច្ចច្នៃប្រឌិតទៅក្នុងផែនការអភិវឌ្ឍន៍ជាតិឱ្យបានស៊ីជម្រៅ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងទីផ្សារ គឺពង្រឹងសមត្ថភាពលើការរកប្រភពទុន និងការធ្វើពាណិជ្ជូបនីយកម្មផលិតផលច្នៃប្រឌិតទៅកាន់ទីផ្សារអន្តរជាតិ។ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) គឺការបង្កើនការចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងការបណ្តុះបណ្តាលជំនាញរវាងប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា និង បរិយាបន្នសង្គម ដែលធានាថា ស្ត្រី យុវជន សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) អាចចូលរួម និងទទួលបានផលប្រយោជន៍ពីខ្សែច្រវាក់តម្លៃសកល។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the United Nations
សូមជម្រាបឱ្យដឹងផងដែរថា កិច្ចសហប្រតិបត្តិការត្បូង-ត្បូង គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់ភាគខាងត្បូងនៃពិភពលោក (Global South) ដើម្បីចែករំលែកធនធាន ចំណេះដឹង និងបច្ចេកវិទ្យា។ តាមរយៈយន្តការនេះ កម្ពុជាអាចរៀនសូត្រពីជោគជ័យនៃវិស័យសេដ្ឋកិច្ចច្នៃប្រឌិតរបស់ឥណ្ឌូណេស៊ី ដែលជាប្រទេសឈានមុខគេមួយក្នុងតំបន់អាស៊ានលើវិស័យនេះ។

ព្រឹត្តិការណ៍នេះ គឺជាជំហានវិជ្ជមានមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុងការបង្ហាញពីឆន្ទៈប្រើប្រាស់ «អំណាចទន់» (Soft Power) តាមរយៈវប្បធម៌ និងការច្នៃប្រឌិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យដើរទាន់និន្នាការសកល និងធានាបាននូវការអភិវឌ្ឍដោយចីរភាពសម្រាប់មនុស្សគ្រប់ជំនាន់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3