National

1 hour agoLim_Rothanaksambath

រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ញើញដឹកនាំទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ញើញដឹកនាំទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹកអូស្ត្រាលី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ
ភ្នំពេញ, ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែស្អិតរមួត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមនាវីទោ Bradley Smith មេបញ្ជាការទទួលបន្ទុកផ្នែកផ្គត់ផ្គង់លម្ហសមុទ្រ នៃកងទ័ពជើងទឹកភូមិន្ទអូស្ត្រាលី។

ក្នុងជំនួបនោះ ភាគីទាំងពីរបានធ្វើការពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការងារបច្ចេកទេសយោធា ជាពិសេសការស្វែងយល់អំពីប្រតិបត្តិការ និងការផ្គត់ផ្គង់នៅក្នុងមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul ដែលជាមូលដ្ឋានទ័ពដ៏មានសារៈសំខាន់មួយរបស់អូស្ត្រាលីក្នុងតំបន់ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងយោធារវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសក្នុងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពការពារជាតិ និងសុន្តិសុខលម្ហសមុទ្រ។

គួរបញ្ជាក់ថា ទំនាក់ទំនងការពារជាតិរវាងកម្ពុជា និងអូស្ត្រាលី បាននិងកំពុងឈានដល់កម្រិតថ្មីមួយតាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិ (Defence International Bilateral Cooperation) ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការងារសន្តិសុខក្នុងតំបន់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា ក៏បានគូសបញ្ជាក់ផងដែរថា សមិទ្ធផលនៃទំនាក់ទំនងការបរទេស និងការរីកចម្រើននៃកងយោធពលខេមរភូមិន្ទមកទល់ពេលនេះ គឺមិនអាចកាត់ផ្តាច់បានពី "នយោបាយឈ្នះ-ឈ្នះ" ដែលជាមគ្គុទ្ទេសក៍ឯកនាំមកនូវសន្តិភាពពេញលេញ និងការឯកភាពជាតិ ដែលអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពពង្រីកសក្តានុពលរបស់ខ្លួននៅលើឆាកអន្តរជាតិយ៉ាងសកម្មបែបនេះ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3