National

1 hour agoLim_Rothanaksambath

កម្ពុជា និងចិនពង្រឹងមិត្តភាពដែកថែប ខណៈអាជ្ញាធរខេត្តហ្វូជៀន ជំរុញ ក្រុមហ៊ុន សហគ្រាស និងវិនិយោគិនមកវិនិយោគនៅកម្ពុជាឱ្យច្រើន

កម្ពុជា និងចិនពង្រឹងមិត្តភាពដែកថែប ខណៈអាជ្ញាធរខេត្តហ្វូជៀន ជំរុញ ក្រុមហ៊ុន សហគ្រាស និងវិនិយោគិនមកវិនិយោគនៅកម្ពុជាឱ្យច្រើន
ព័ត៌មានជាតិភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងស្មារតីពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ឱ្យកាន់តែស្អិតរមួត នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយថ្នាក់ដឹកនាំកំពូលៗនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសអញ្ជើញចូលរួមពិព័រណ៍ CIFIT លើកទី២៦ នៅទីក្រុងសៀមិន។

នៅក្នុងជំនួបដាច់ដោយឡែកពីគ្នាជាមួយ ឯកឧត្តម Han Zheng អនុប្រធានាធិបតីចិន និង ឯកឧត្តម Zhou Zuyi លេខាធិការបក្សខេត្តហ្វូជៀន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗដែលជាផលប្រយោជន៍យុទ្ធសាស្ត្រសម្រាប់ប្រទេសទាំងពីរ។
ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនអំពីវឌ្ឍនភាពការងារនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រដ៏ធំធេងរបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង និងឯកឧត្តមនាយករដ្ឋមន្ត្រី Li Qiang និងរដ្ឋាភិបាលចិន ដែលបានផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងដល់គម្រោងនេះ។

ជាការឆ្លើយតបទៅនឹងក្ដីកង្វល់នៃសន្តិសុខតំបន់ កម្ពុជាបានចាត់ទុកការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិភាពខ្ពស់បំផុត។ ឯកឧត្តមបានប្រកាសថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នៅរាជធានីភ្នំពេញ នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់កម្ពុជាក្នុងឆាកអន្តរជាតិ។

ដើម្បីជំរុញវិស័យទេសចរណ៍ កម្ពុជាបានដាក់ចេញនូវយុទ្ធនាការលើកលែងទិដ្ឋាការរយៈពេល ៤ខែ សម្រាប់ទេសចរចិន។ បន្ថែមពីនេះ ឯកឧត្តមបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការថែទាំវិនិយោគិន ជាពិសេសក្រុមហ៊ុនមកពីខេត្តហ្វូជៀន ដែលជាខេត្តមានសក្តានុពលសេដ្ឋកិច្ចខ្លាំងរបស់ចិន។

ជាការឆ្លើយតប ភាគីចិនបានកោតសរសើរយ៉ាងខ្លាំងចំពោះជំហរការទូតដ៏រឹងមាំរបស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់ «គោលនយោបាយចិនមួយ»។ ឯកឧត្តម Han Zheng និងថ្នាក់ដឹកនាំខេត្តហ្វូជៀន បានប្ដេជ្ញាថា នឹងបន្តជំរុញឱ្យក្រុមហ៊ុន និងសហគ្រាសធំៗនៅក្នុងខេត្តហ្វូជៀន មកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ដើម្បីពង្រីកផ្លែផ្កានៃសហគមន៍វាសនារួមក្នុងយុគសម័យថ្មី។

ជំនួបទ្វេភាគីនេះ មិនត្រឹមតែជាការបញ្ជាក់ពីមិត្តភាពដែកថែបប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងនាំមកនូវកំណើនជីវភាពកាន់តែប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3