National

1 hour agoLim_Rothanaksambath

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសមានវិស័យ «អេកូទេសចរណ៍» ល្អបំផុត

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ១៧ លើពិភពលោក ជាប្រទេសមានវិស័យ «អេកូទេសចរណ៍» ល្អបំផុត
ភ្នំពេញ, ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជាបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយទៀតលើឆាកអន្តរជាតិ ដោយទទួលបានការចាត់ថ្នាក់ជា «ប្រទេសល្អបំផុតសម្រាប់វិស័យទេសចរណ៍ធម្មជាតិ ឬអេកូទេសចរណ៍ (Eco-Tourism)» លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក យោងតាមរបាយការណ៍វាយតម្លៃកម្រិតសកលរបស់ស្ថាប័នអន្តរជាតិ U.S. News & World Report។

សមិទ្ធផលដ៏ត្រចះត្រចង់នេះ បានស្តែងឱ្យឃើញពីសក្តានុពលដ៏រឹងមាំ និងសម្បូរបែបនៃធនធានធម្មជាតិកម្ពុជា ព្រមទាំងការទទួលស្គាល់ជាសកលលើកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។

តាមទិន្នន័យរបស់ U.S. News & World Report កម្ពុជាបាននាំមុខបណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទទួលបានចំណាត់ថ្នាក់លេខ១៧ លើពិភពលោក ជាប្រទេសមានវិស័យ «អេកូទេសចរណ៍» ល្អបំផុត ដោយស្ថាប័ន U.S. News & World Report បានផ្អែកលើសូចនាករ និងទិន្នន័យសំខាន់ៗជាច្រើនក្នុងការវាយតម្លៃ រួមមាន៖ ការអភិរក្សព្រៃឈើ, ភាពសម្បូរបែបនៃជីវៈចម្រុះ និងប្រភពប្រកបដោយនិរន្តរភាព, តំបន់ការពារធម្មជាតិ និងតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងតំបន់ទាក់ទាញធម្មជាតិជាក់ស្តែង។

ការទទួលបានចំណាត់ថ្នាក់កំពូលនេះ គឺកើតចេញពីកត្តាសំខាន់ៗជាច្រើន រួមមាន៖សន្តិភាព និងស្ថិរភាពនយោបាយ៖ ជាគ្រឹះយ៉ាងរឹងមាំក្នុងការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ បន្ថែមពីលើនោះ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖ ការអនុវត្តស្របតាមមគ្គុទ្ទេសក៍យុទ្ធសាស្ត្ររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តោតលើមុំ ៣ សំខាន់ៗ គឺ «ស្អាត ភាពបៃតង និងចីរភាព»។

រាជរដ្ឋាភិបាលកម្ពុជាបន្តជំរុញការរៀបចំ និងពង្រីក «គោលដៅលំហែបៃតង» នៅតាមតំបន់ការពារធម្មជាតិជុំវិញប្រទេស ដូចជា តំបន់ជួរភ្នំក្រវាញ តំបន់បឹងទន្លេសាប និងតំបន់ឆ្នេរ ដើម្បីបង្កើតការងារបៃតង លើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន និងការពារធនធានធម្មជាតិឱ្យបានគង់វង្ស។

ជាកិច្ចឆ្លើយតប និងពង្រឹងសក្តានុពលនេះ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ក្រសួងចំនួន៣ រួមមាន ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំរួមគ្នាអន្តរក្រសួង ដើម្បីរៀបចំ និងអភិវឌ្ឍតំបន់ការពារធម្មជាតិ «ជីផាត» ក្នុងខេត្តកោះកុង ឱ្យក្លាយជា «គោលដៅលំហែបៃតង» គំរូ ក្នុងគោលដៅទាក់ទាញទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើន និងបង្កើនប្រាក់ចំណូលផ្ទាល់ជូនសហគមន៍។

ការទទួលបានលទ្ធផលជាទីមោទនៈលើឆាកអន្តរជាតិនេះ មិនត្រឹមតែលើកកម្ពស់កិត្យានុភាពជាតិនោះទេ ប៉ុន្តែថែមទាំងជាកាតាលីករជួយជំរុញការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ចបៃតង (Green Economy) របស់កម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1