National

1 hour agoLim_Rothanaksambath

កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

កម្ពុជា និងចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ
ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ កម្ពុជា និងធនាគារអាហរ័ណ-នីហរ័ណចិន (China Exim Bank) បានឈានដល់សមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានទំហំទឹកប្រាក់ជិត ១ពាន់លានដុល្លារអាម៉េរិក សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងសៀមិន ប្រទេសចិន ក្រោមអធិបតីភាព និងជាសក្ខីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។

កិច្ចព្រមព្រៀងហិរញ្ញប្បទានដែលមានតម្លៃជិត ១ពាន់លានដុល្លារអាម៉េរិកនេះ ត្រូវបានចុះហត្ថលេខារវាងតំណាងធនាគារ China Exim Bank និងក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (Funan Techo Coastal-Inland Waterways Company)។ ពិធីដ៏មានសារសំខាន់នេះបានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សហប្រតិបត្តិការវិនិយោគអន្តរជាតិ ក្រោមប្រធានបទ «ប្រាជ្ញាសកល, ការពង្រឹងកម្លាំងរួមគ្នាលើការវិនិយោគអន្តរជាតិ និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការ» (Global Wisdom, Mutual Empowerment: International Investment & Cooperation Exchange)។

ព្រឹត្តិការណ៍នេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុន ហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក ព្រមទាំងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិយ៉ាងច្រើនកុះក។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន, ធនាគារ China Exim Bank, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន (NDRC), ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន (CIDCA) និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហការយ៉ាងស្មោះស្ម័គ្រ និងជិតស្និទ្ធ រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងមួយនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវអនុវត្តឡើងក្រោមទម្រង់ «សាងសង់-ប្រតិបត្តិការ-ផ្ទេរ» (BOT) គឺជា «តួអង្គផ្លាស់ប្តូរមុខមាត់កម្ពុជា» (Game Changer)។

គម្រោងនេះមិនត្រឹមតែភ្ជាប់បណ្តាញផ្លូវទឹកទន្លេទៅកាន់សមុទ្រ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើត «របៀងសេដ្ឋកិច្ចថ្មី» និងជាសរសៃឈាមសេដ្ឋកិច្ចដ៏រស់រវើក។ តាមរយៈគម្រោងនេះ តំបន់ឧស្សាហកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម ការកែច្នៃកសិផល ការអភិវឌ្ឍក្រុងរណប និងវិស័យទេសចរណ៍ នឹងរីកចម្រើនយ៉ាងខ្លាំងក្លាតាមបណ្តោយផ្លូវទឹកនេះនាទសវត្សរ៍ខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវសុភាសិតចិនមួយឃ្លាថា «កាលណាប្រជាជនមានចិត្តគំនិតតែមួយ សូម្បីតែភ្នំតៃសានក៏អាចរំកិលបានដែរ» ដើម្បីបង្ហាញពីថាមពលនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ। ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវទៅកាន់ថ្នាក់ដឹកនាំធុរកិច្ចអន្តរជាតិទាំងអស់ ឱ្យអញ្ជើញមកកាន់កម្ពុជា សម្លឹងមើលឱកាសវិនិយោគ និងរីកចម្រើនជាមួយកម្ពុជា ដោយកម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការស្វាគមន៍ សម្របសម្រួល និងធ្វើការរួមគ្នាដើម្បីជោគជ័យប្រកបដោយចីរភាព។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ឬគម្រោងផ្លូវទឹក និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកជាប្រវត្តិសាស្ត្ររបស់កម្ពុជា មានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃប្រព័ន្ធទន្លេមេគង្គ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងឆ្ពោះទៅកាន់ឆ្នេរសមុទ្រក្នុងខេត្តកែប។

គម្រោងនេះត្រូវបានបែងចែកជា ២ កំណាត់សាងសង់សំខាន់ៗគឺ កំណាត់ទី១ (ប្រវែង ២១ គីឡូម៉ែត្រ)៖ បានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ និងកំណាត់ទី២ (ប្រវែង ១៥១,៦ គីឡូម៉ែត្រ)៖ មានតម្លៃវិនិយោគប្រមាណ ១,១៧ ពាន់លានដុល្លារអាម៉េរិក ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPMប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chanthol Sun DPM
ការសម្រេចបានកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារជាមួយធនាគារ China Exim Bank នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការធានាប្រភពទុនគាំទ្រដំណើរការសាងសង់ឱ្យប្រព្រឹត្តទៅដោយរលូន ដែលនឹងជួយឱ្យកម្ពុជាមានម្ចាស់ការពេញលេញលើការដឹកជញ្ជូនតាមផ្លូវទឹកទៅកាន់សមុទ្រ កាត់បន្ថយការចំណាយលើសេវាភស្តុភារកម្ម និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចជាតិក្នុងតំបន់៕
 
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2