National

1 hour agoLim_Rothanaksambath

កម្ពុជា និងមូលនិធិហ្វ្រេដហូឡូ រួមគ្នាលើកកម្ពស់សុខភាពភ្នែកសិស្ស និងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ទូរស័ព្ទដៃ

កម្ពុជា និងមូលនិធិហ្វ្រេដហូឡូ រួមគ្នាលើកកម្ពស់សុខភាពភ្នែកសិស្ស និងកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ទូរស័ព្ទដៃ
ភ្នំពេញ, ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងអប់រំ យុវជន និងកីឡា និងមូលនិធិហ្វ្រេដហូឡូ (The Fred Hollows Foundation - FHF) នៃប្រទេសអូស្ត្រាលី បានប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើកកម្ពស់សុខភាពភ្នែកសិស្សានុសិស្សនៅតាមសាលារៀន ខណៈភាគីទាំងពីរបានសម្តែងការព្រួយបារម្ភចំពោះផលប៉ះពាល់នៃស្មាតហ្វូនមកលើសុខភាពភ្នែករបស់កុមារ និងយុវជនកម្ពុជា។

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូមូលនិធិហ្វ្រេដហូឡូ ដឹកនាំដោយលោក Ross Piper នាយកប្រតិបត្តិ (CEO) ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៥ថ្ងៃ (ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦) នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ លោក Ross Piper បានពាំនាំនូវការសួរសុខទុក្ខពីលោកស្រី Gabi Hollows នាយកស្ថាបនិក (Founding Director) និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ ដែលបានសម្របសម្រួលឱ្យបេសកកម្មការពារភាពពិការភ្នែករបស់ FHF ប្រព្រឹត្តទៅដោយជោគជ័យចាប់តាំងពីឆ្នាំ១៩៩៨ មក។ លោក CEO បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងវាយតម្លៃវឌ្ឍនភាពវិស័យសុខភាពភ្នែក និងស្វែងរកលទ្ធភាពបង្កើនកិច្ចសហការបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia និង វិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនីប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia និង វិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសំខាន់របស់ FHF ក្នុងការផ្តល់សេវាពិនិត្យភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃដល់កុមារកម្ពុជា ដែលជួយលើកកម្ពស់ការសិក្សា និងការលូតលាស់ផ្នែកបញ្ញាស្មារតីរបស់ពួកគេ។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពី បញ្ហាប្រឈមថ្មីនៃការប្រើប្រាស់ទូរស័ព្ទដៃលើសកម្រិត ឬក្នុងរយៈពេលយូរ ពីសំណាក់កុមារ និងយុវជនកម្ពុជានាពេលបច្ចុប្បន្ន ដែលកំពុងប៉ះពាល់ដល់សុខភាពភ្នែក បញ្ញាស្មារតី និងសុខភាពផ្លូវចិត្ត។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមបានផ្តល់អនុសាសន៍ឱ្យពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន៖ បង្កើនសមត្ថភាពគ្រូក្នុងការមើលថែ និងពិនិត្យសុខភាពភ្នែកសិស្សនៅតាមសាលារៀន ពិសេសនៅតំបន់ជនបទដាច់ស្រយាល និងបញ្ជ្រាបការយល់ដឹងពីការប្រើប្រាស់ទូរស័ព្ទ៖ អប់រំសិស្សឱ្យចេះប្រើប្រាស់ទូរស័ព្ទដៃជាជំនួយដល់ការសិក្សាឱ្យបានត្រឹមត្រូវ និងមានកម្រិតកំណត់។

ជាការទទួលស្គាល់ចំពោះសមិទ្ធផល និងគុណបំណាច់ក្នុងការចូលរួមលើកកម្ពស់សុខភាពភ្នែកកុមារនៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តាងនាមក្រសួងអប់រំ យុវជន និងកីឡា បានបំពាក់ «គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍» ជូនចំពោះថ្នាក់ដឹកនាំមូលនិធិហ្វ្រេដហូឡូ។

ទិសដៅការងារ និងសមិទ្ធផលគន្លឹះរវាង MoEYS និង FHF រួមមាន៖ ការពិនិត្យ និងផ្តល់វ៉ែនតា ដោយចុះពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃដល់សិស្សនៅតំបន់ជនបទ, បញ្ជ្រាបមេរៀនអនាម័យ និងការថែទាំភ្នែកក្នុងកម្មវិធីសិក្សាអប់រំសុខភាពផ្លូវការ, ការបណ្តុះបណ្តាលសមត្ថភាព៖ បំពាក់បំប៉នជំនាញវាស់ចក្ខុវិស័យ (Vision Screening) ដល់គ្រូបង្រៀន ដើម្បីសម្គាល់បញ្ហាភ្នែកសិស្សបានទាន់ពេលវេលា, កែលម្អប្រព័ន្ធទឹកស្អាតតាមសាលារៀន ដើម្បីទប់ស្កាត់ជំងឺឆ្លងភ្នែក (ដូចជាជំងឺភ្នែកក្រហម) និងសហការរៀបចំផែនការយុទ្ធសាស្ត្រអប់រំសុខភាព និងប្រមូលទិន្នន័យដើម្បីរៀបចំគោលនយោបាយជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3