National

2 hours agoLim_Rothanaksambath

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ការខូចខាតប្រាសាទព្រះវិហារ និងតាមដានសកម្មភាពរំលោភបំពានរបស់យោធាថៃនៅតាមព្រំដែន

ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះផ្ទៀងផ្ទាត់ការខូចខាតប្រាសាទព្រះវិហារ និងតាមដានសកម្មភាពរំលោភបំពានរបស់យោធាថៃនៅតាមព្រំដែន
ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មមកពីសាធារណរដ្ឋហ្វីលីពីន ចុះពិនិត្យ និងផ្ទៀងផ្ទាត់ផ្ទាល់នៅតំបន់ប្រាសាទព្រះវិហារ ដើម្បីប្រមូលព័ត៌មានជុំវិញការខូចខាតបេតិកភណ្ឌពិភពលោក និងការរំលោភលើបទឈប់បាញ់ពីសំណាក់យោធាថៃ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានឱ្យដឹងថា បេសកកម្មនេះបានធ្វើឡើងនៅវេលាម៉ោង ០៨:១៥ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២៦។ ក្រុមអ្នកសង្កេតការណ៍អាស៊ាន បានចុះពិនិត្យស្ថានភាពជាក់ស្តែង ផ្ទៀងផ្ទាត់ និងត្រៀមធ្វើរបាយការណ៍អំពីស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ ជាពិសេសនៅតំបន់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។

អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា សំណង់ និងស្ថាបត្យកម្មប្រវត្តិសាស្ត្រសំខាន់ៗនៃប្រាសាទព្រះវិហារ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពីការបាញ់ផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត ព្រមទាំងការទម្លាក់គ្រាប់បែកពីលើអាកាសដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (Drone) និងយន្តហោះចម្បាំងពីសំណាក់យោធាថៃ មកលើតំបន់ប្រាសាទដោយចេតនា និងមិនរើសអើង។

ជាការពិត ទោះបីជាបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏យោធាថៃនៅតែបន្តសកម្មភាពរំលោភលើអធិបតេយ្យភាពកម្ពុជា។ សកម្មភាពទាំងនោះ រួមមាន៖ ការដាក់ពង្រាយទូកុងតឺន័រ ការរាយបន្លាលួស ការជីកប្រឡាយ ការធ្វើលេណដ្ឋាន និងការសាងសង់ផ្លូវបេតុងខិតចូលកាន់តែជិតតំបន់ប្រាសាទព្រះវិហារ ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
ពាក់ព័ន្ធនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានជម្រាបជូនសាធារណជន និងសហគមន៍អន្តរជាតិថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហរដោះស្រាយទំនាស់ដោយសន្តិវិធី តាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ និងអនុលោមតាមសន្ធិសញ្ញា ច្បាប់អន្តរជាតិ ក៏ដូចជាធម្មនុញ្ញអាស៊ាន។

ក្រសួងការពារជាតិកម្ពុជាក៏បានបញ្ជាក់សារជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងដល់បេសកកម្មរបស់ក្រុម AOT និងបានសង្កត់ធ្ងន់ពីចាំបាច់ក្នុងតួនាទី និងអាណត្តិរបស់ AOT ក្នុងការចុះពិនិត្យទីតាំងជាក់ស្តែង។ ការចុះផ្ទៀងផ្ទាត់នេះ គឺដើម្បីធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងតម្លាភាព ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3