កងយោធភូមិភាគទី៤ របស់កម្ពុជា បានទាក់ទងទៅភាគីថៃឱ្យផ្ទៀងផ្ទាត់ និងពង្រឹងវិន័យកងទ័ពខ្លួន ក្រោយមានករណីបាញ់កាំភ្លើង ៨គ្រាប់ ចេញពីខាងភាគីថៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅតំបន់ភ្នំទ្រព្យ និងភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ។ ក្រសួងការពារជាតិកម្ពុជា ក៏បានបដិសេធចោលទាំងស្រុងនូវព័ត៌មានមិនពិតដែលចោទថា ទាហានកម្ពុជាជាអ្នកបាញ់បង្កការរំខាន ដោយបញ្ជាក់ថាកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យយ៉ាងហ្មត់ចត់។ តើនេះ អាចរាប់ថាជា “ល្បិចកូរទឹកឱ្យល្អក់”?
ទី១- ក្នុងមុំការទូត ថៃបានប្រាប់កម្ពុជាថា “សូមកុំលើកយករឿងព្រំដែនទៅវេទិកាអន្តរជាតិទៀត ទន្ទឹមនឹងកម្ពុជាពោលពេញៗមាត់ ចំពោះការរំលាភអធិបតេយ្យភាពលើដែនដីខ្លួន និងមិនទទួលស្គាល់បន្ទាត់ព្រំដែនណាដែលវាស់ដោយ កម្លាំងយោធា”។ អ្វីដែលប្រមុខការទូតថៃលោក ស៊ីហាសាក់ បានលើកឡើង ទំនងជាប្រាប់កម្ពុជាថា “បើចង់បានសុខ! សូមកុំមាត់ច្រើនទៀត លើឆាកអន្តរជាតិ”? ខណៈដែលកម្ពុជា បន្តរក្សាជំហរខ្លួនដដែល ត្រង់ថា “កម្ពុជាក៏មិនចង់និយាយច្រើនដែរ! ឱ្យតែថៃឈប់បំពាន”? ជំហរថៃពេលនេះ ត្រូវបានគេសន្មតថា “ប្រើក្បួនសម្លុត កម្ពុជាដដែលៗ ខណៈដែលកម្ពុជារក្សាសុខ ប្រឹងដោះស្រាយរឿង ដែលសេសសល់ឱ្យអស់”?
ទី២- រដ្ឋការអនុទីន នឹងដឹកដៃមន្រ្តីខ្លួនទៅជួប ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ។ ក្នុងសេណារីយូនៃជំនួបនោះ គេសង្ស័យថា “អនុទីននឹងលើកយករឿងព្រំដែនកម្ពុជា-ថៃ ទៅជួបពិភាក្សា និងស្វែងរកជំនួយឯកសារផ្លូវច្បាប់អន្តរជាតិជាដើម”។ ទោះជំហរថៃបែបណាក៏ដោយ អ្វីដែលកម្ពុជា បន្តធ្វើគឺ “រក្សាការផ្ទៀងផ្ទាត់បទឈប់បាញ់ ស្របពេលដែលយោធាថៃ តាមអុកឡុក កូរស្ថានការណ៍ឱ្យច្របល់”? រឿងមួយក្នុងចំណោមរឿងជាច្រើនគឺ “កម្ពុជា នៅតែបន្តយកចិត្តទុកដាក់លើយន្តការដែលមានស្រាប់ ហើយ អនុទីន ទំនងជាគ្រវែងចោលយន្តការ AOT ដាក់ធុង បញ្ឈឺហ្វីលីពីន ជាប្រធានអាស៊ានប្ដូរវេន”? ហើយប្រសិនជាថៃគ្រវែងចោលនោះ “ព្យុះភ្លៀងនឹងបន្តជាហូរហៀរ ក្រោមយុទ្ធសាស្រ្តរំខាន ធ្វើឱ្យកម្ពុជាច្របូកច្របល់ ស្លន់ស្លោជាដើម”? ក្នុងស្ថានភាពដែលថៃកូរស្ថានការណ៍នេះ ការរក្សាជំហរព័ត៌មាន គឺជារឿងសំខាន់។ សូមរក្សាជំហរ និងប្រភពព័ត៌មានផ្លូវការដើម្បីរក្សាលំនឹងខ្លួនឯង និងសេដ្ឋកិច្ចគ្រួសារ។ ទោះជាបែបណាក៏ដោយ សូមបន្តតាមដាន!
ទី៣- ក្នុងនោះ រឿងដោយឡែក និងចាំបាច់គឺ “កិច្ចការផ្ទៃក្នុង”។ ក្នុងផ្ទះយើង គឺត្រូវការកម្លាំង។ ក្នុងនោះ គឺសាមគ្ដីភាព។ ថ្ងៃនេះ ខ្ទង់តែប៉ុន្មានម៉ោងមុន របត់នយោបាយកម្ពុជាប្រែប្រួល ខុសពីម្សិលមិញ ដោយឃើញមាន ការលើកលែងទោសដល់អ្នកនយោបាយចាស់វស្សាមួយរូប គឺលោក កឹម សុខា ដែលសាធារណមតិ បានអបអរ និងបន្តជំរុញឱ្យមានការរួបរួមសាមគ្ដីគ្នា គ្រប់និន្នាការនយោបាយទាំងអស់ ក្នុងកាលៈទេសៈដែលស្រុកទេសកំពុងតែត្រូវបានគេមាក់ងាយជាន់ឈ្លី។
ទី៤- មានរឿងមួយទៀតដែលមហាជនកំពុងតាមដាន នោះគឺ “កណ្ដាប់ដៃ” ដែលជាកណ្ដាប់ដៃសម្អាតផ្ទះសម្បែង ស្ដារមុខមាត់ប្រទេសឡើងវិញ ទាក់ទងនឹងការឆបោកអនឡាញ។ តាមមើល! អ្វីដែលថៃចង់ឃើញបំផុត “គឺការដកឃ្លាពីបណ្ដាប្រទេសដែលមានឥទ្ធិពលលើជម្លោះនេះ ពិសេស គឺមហាអំណាច” ដោយប្រើលេសថា “ខ្លួនជាអ្នកសម្អាតល្បែងឆបោកអនឡាញ ជំនួសគេឯង ខណៈដែលកម្ពុជាប្រាប់ទៅថៃវិញថា កម្ពុជាខ្លួនឯង ជាអ្នកសម្អាតដោយខ្លួនឯង ព្រោះទីនេះ គឺជាផ្ទះរបស់កម្ពុជាទេ”?
ទី៥- បងប្អូនប្រិយមិត្តអ្នកអាន ចំណងដែលខ្ញុំបានសរសេរខាងលើ ខ្ញុំធ្លាប់បានសរសេរញឹកញយហើយ។ ហើយមែនទែនទៅ! តួនាទីនៃ ការបោសសម្អាតផ្ទះសម្បែង រាប់ចាប់ពីគ្រួសារយើងរៀងៗទៅ! ប្រាកដណាស់ គឺមិនមែនជាបន្ទុកនរណា ម្នាក់ផ្ដាច់មុខឡើយ។ យើងចូលរួមចំណែករៀងៗខ្លួន។ ខ្ញុំចាំបានថា “កាលដែលខ្ញុំ រៀននៅបឋមសិក្សា ដល់ថ្នាក់វិទ្យាល័យ គ្រូបន្ទុកថ្នាក់ និងប្រធានថ្នាក់ បានរៀបចំដាក់វេនគ្នាសម្អាតថ្នាក់ ហើយថ្នាក់រៀនស្អាត គឺភារកិច្ច និងការទទួលខុសត្រូវរបស់សិស្សគ្រប់ៗរូប”។ លុះដល់ពេលដែលបន្តការសិក្សាដាក់ថ្នាក់បណ្ឌិត បានធ្វើឱ្យខ្ញុំមើលឃើញរូបភាពនោះថា “វិន័យអស់ទាំងនោះហើយ គឺជាគ្រាប់ពូជនៃភាពស្រស់ស្អាតសង្គមមួយ”។
ការចូលរួមចំណែកក្នុងសង្គមក្ដី គ្រួសារក្ដី ក្រុមហ៊ុនក្ដី ដ្បិតថា “យើងយល់ឃើញផ្សេងគ្នា! យើងមើលឃើញរូបភាពផ្សេងគ្នា! តែការបោសសម្អាតផ្ទះ និងពង្រឹងសមត្ថភាពខ្លួនឯង និងប្រទេស គឺជាទំនួលខុសត្រូវមួយ សម្រាប់យើងជាមនុស្សម្នាក់ ក្នុងសង្គម”។ យើងអាចបន្ទោសអ្នកនេះ ឬអ្នកនោះ ព្រោះតែការឈឺចាប់ ប៉ុន្តែក្រោយពីភាពឈឺចាប់នេះ យើងគួរបន្តងើបឈរ ឱ្យរឹងមាំ ជាខែលការពារដល់អ្នកជំនាន់ក្រោយ។ គេជាប្រទេសអ្នកមានគេប្រឹង១ តែយើងត្រូវប្រឹងឱ្យ១០ ឬ២០! គាំទ្រផលិតផលក្នុងស្រុក! សាមគ្ដីជាកូនសោ!
អត្ថបទនេះ លោក ឡាំ ឡាយ បានផ្សាយនៅបណ្ដាញសង្គមលោក នៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០២៦
ពីសារព័ត៌មាន The Khmer Daily News