National

2 hours agoLim_Rothanaksambath

ក្រសួងកសិកម្ម ប្រជុំពិគ្រោះយោបល់សំណើប្រព័ន្ធកសិកម្មចម្រុះផ្អែកលើដំណាំស្រូវសម្រាប់ជីវភាពជនបទប្រកបដោយភាពធន់នឹងអាកាសធាតុ

ក្រសួងកសិកម្ម ប្រជុំពិគ្រោះយោបល់សំណើប្រព័ន្ធកសិកម្មចម្រុះផ្អែកលើដំណាំស្រូវសម្រាប់ជីវភាពជនបទប្រកបដោយភាពធន់នឹងអាកាសធាតុ
ភ្នំពេញ, ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីកែសម្រួល និងប្រមូលធាតុចូលលើសំណើគម្រោង «ប្រព័ន្ធកសិកម្មចម្រុះផ្អែកលើដំណាំស្រូវសម្រាប់ជីវភាពជនបទប្រកបដោយភាពធន់នឹងអាកាសធាតុ (RICE+)» សំដៅរៀបចំឯកសារដាក់ស្នើសុំហិរញ្ញប្បទានពី «កម្មវិធីសន្តិសុខស្បៀង និងកសិកម្មពិភពលោក (GAFSP)»។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាង ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក (TWG-AW) ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន សរុបចំនួន ៨៣រូប។

គម្រោង RICE+ គឺជាកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការគាំទ្របច្ចេកទេស និងហិរញ្ញប្បទានពី មូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម (IFAD) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO)។ គម្រោងនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការប្រែក្លាយតំបន់ស្រូវប្រាំង និងតំបន់ពឹងផ្អែកលើទឹកភ្លៀង ឱ្យទៅជាប្រព័ន្ធផលិតកម្មចម្រុះ ធន់នឹងការប្រែប្រួលអាកាសធាតុ និងតម្រង់ទិសឆ្ពោះទៅកាន់ទីផ្សារ ដោយប្រើប្រាស់ «សហគមន៍កសិកម្មទំនើប (Modern Agricultural Communities - MACs)» ជាយន្តការស្នូលក្នុងការអនុវត្ត។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅក្នុងអង្គប្រជុំ ភាគីពាក់ព័ន្ធទាំងអស់បានពិភាក្សា និងផ្តល់ធាតុចូលយ៉ាងល្អិតល្អន់លើសមាសធាតុយុទ្ធសាស្ត្រទាំង៥ នៃគម្រោង RICE+ គឺ ការពង្រឹងសហគមន៍កសិកម្មទំនើប (MACs) និងសម្ព័ន្ធសហគមន៍កសិកម្មទំនើប ធ្វើយ៉ាងណាដើម្បីកសាងសមត្ថភាពគ្រប់គ្រង និងទុនបង្វិលរបស់កសិករ។ ការប្រែក្លាយតំបន់ផលិតស្រូវឱ្យធន់នឹងអាកាសធាតុ គឺជាការដាំដុះចម្រុះ និងការប្រើប្រាស់ប្រព័ន្ធស្រោចស្រពឆ្លាតវៃ។ ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគ្រប់គ្រងហានិភ័យ ដោយបង្កើតប្រភពទុនងាយស្រួល និងយន្តការធានារ៉ាប់រងកសិកម្ម។ ការតភ្ជាប់ទីផ្សារ និងការបង្កើតតម្លៃបន្ថែម គឺការភ្ជាប់កសិករទៅកាន់អ្នកទិញ និងការកែច្នៃកសិផល និងការពង្រឹងបរិយាកាសអំណោយផល និងកសាងសមត្ថភាពស្ថាប័ន សំដៅដល់ការគាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស។

លទ្ធផល និងធាតុចូលដែលទទួលបានពីកិច្ចប្រជុំពិគ្រោះយោបល់នេះ នឹងត្រូវយកទៅរួបរួមគ្នាក្នុងការកែលម្អសំណើគម្រោង RICE+ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីគោលនយោបាយអាទិភាពរបស់ក្រសួងកសិកម្ម សំដៅលើកកម្ពស់ជីវភាពកសិករខ្នាតតូចឱ្យមានស្ថិរភាព និងនិរន្តរភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3