National

1 hour agoLim_Rothanaksambath

ប្រធានាធិបតីមីយ៉ាន់ម៉ា ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

ប្រធានាធិបតីមីយ៉ាន់ម៉ា ផ្ញើសារលិខិតថ្លែងអំណរគុណជូន សម្តេចតេជោ ហ៊ុន សែន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ឯកឧត្តម មីន អោងឡាំង (Min Aung Hlaing) បានផ្ញើសារលិខិតថ្លែងអំណរគុណផ្លូវការជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងសារលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម មីន អោងឡាំង បានសម្តែងនូវការអរគុណយ៉ាងស្មោះស្ម័គ្រចំពោះសម្តេចតេជោ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ដែលត្រូវបានផ្តល់ជូនរូបលោក និងគណៈប្រតិភូជាន់ខ្ពស់មីយ៉ាន់ម៉ា ក្នុងអំឡុងពេលស្នាក់នៅ និងបំពេញបេសកកម្មនៅកម្ពុជា។

ឯកឧត្តមបានសម្តែងក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារសារជាថ្មីជាមួយ សម្តេចតេជោ ហ៊ុន សែន ដោយជឿជាក់យ៉ាងមុតមាំថា ការពិភាក្សាដ៏ស្និទ្ធស្នាល និងទទួលបានផ្លែផ្ការវាងថ្នាក់ដឹកនាំទាំងពីរ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងមិត្តភាពជាប្រវត្តិសាស្ត្រ និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ លទ្ធផលវិជ្ជមានដែលទទួលបានពីដំណើរទស្សនកិច្ចនេះ មិនត្រឹមតែពង្រឹងចំណងមិត្តភាពផ្លូវការរវាងរដ្ឋ និងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញទំនាក់ទំនង និងការយល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ប្រភព និងរូបភាព៖ ​ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia និង Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ​ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia និង Samdech Hun Sen of Cambodia
ឯកឧត្តម មីន អោងឡាំង បានលើកឡើងពីភាពរីករាយចំពោះដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប ដោយដំណើរទស្សនកិច្ចនេះបានអនុញ្ញាតឱ្យលោកបានឈ្វេងយល់កាន់តែស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរុងរឿងរបស់កម្ពុជា។ ឯកឧត្តមប្រធានាធិបតីក៏បានសម្តែងនូវបំណងទន្ទឹងរង់ចាំស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នាពេលវេលាសមស្របណាមួយខាងមុខ ដើម្បីតបស្នងចំពោះបដិសណ្ឋារកិច្ចដ៏ស្មោះស្ម័គ្រដែលកម្ពុជាបានផ្តល់ជូន។

សូមជម្រាបឱ្យដឹងផងដែរថា ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម មីន អោងឡាំង ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការ និងរៀបចំជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានមិត្តភាព។ លើសពីនេះ ឯកឧត្តមក៏បានអញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ផងដែរ។

ក្នុងជំនួបទ្វេភាគីរវាង ឯកឧត្តម មីន អោងឡាំង និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព ភាគីទាំងពីរបានសម្រេចចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការចំនួន។ យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា កម្ពុជាបានស្វាគមន៍ដំណើរទស្សនកិច្ចនេះដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងកាទូតជាប្រវត្តិសាស្ត្រដែលមានអាយុកាលជាង ៧១ ឆ្នាំ រវាងប្រទេសទាំងពីរ និងការគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍គ្រឹះរបស់អាស៊ាន គឺ «ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋសមាជិក» ដើម្បីបើកផ្លូវឱ្យមានការសន្ទនា និងកិច្ចសហប្រតិបត្តិការស្ថាបនាបន្ថែមទៀត៕


​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3