National

1 hour agoLim_Rothanaksambath

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ឆ្នាំ២០២៦ ក្លាយជាសួនការងារទាក់ទាញអ្នកចូលរួមជិត ១២ម៉ឺននាក់

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ លើកទី១៦ ឆ្នាំ២០២៦ ក្លាយជាសួនការងារទាក់ទាញអ្នកចូលរួមជិត ១២ម៉ឺននាក់
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលរៀបចំឡើងក្រោមប្រធានបទ «ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» បានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់សាធារណជន ជាពិសេសអ្នកស្វែងរកការងារ សិស្ស និស្សិត និងយុវជន ដោយមានអ្នកចូលរួមទស្សនាទាំងផ្ទាល់ និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ ១២ម៉ឺននាក់។

ពិធីបិទព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និយោជក ដៃគូអភិវឌ្ឍន៍ និងអ្នកចូលរួមជិត ៨០០នាក់។

ថ្លែងក្នុងពិធីបិទ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ពិព័រណ៍ជាតិឆ្នាំនេះបានសម្រេចនូវគោលបំណងធំៗចំនួន ៣ គឺ ទី១. ការផ្តល់សេវាការងារ និងប្រឹក្សាយោបល់បែបទំនើបសួនការងារ ដោយក្រសួងបានបង្កើតគំនិតច្នៃប្រឌិតថ្មីមួយ តាមរយៈការបង្កើតសួនការងារដែលជាយន្តការផ្តល់សេវាតែមួយកន្លែងចាប់តាំងពីការរៀបចំ និងព្រីនប្រវត្តិរូបសង្ខេប ការផ្តល់ប្រឹក្សាអាជីព រហូតដល់ការដាក់ពាក្យ និងសម្ភាសជ្រើសរើសភ្លាមៗ។ ឯកឧត្តមបានបញ្ជាក់ថា នេះជាជំហានដំបូងនៃការផ្លាស់ប្តូរវិធីសាស្ត្រធ្វើការពីការរង់ចាំបម្រើទៅជាការនាំសេវាខិតជិតប្រជាពលរដ្ឋ។ ទី២. ការបញ្ជ្រាបព័ត៌មាន និងតម្រូវការជំនាញសម្រាប់អនាគត គឺជាវេទិកាជជែកដេញដោលដែលមានការចូលរួមពីវាគ្មិនជំនាញ បានជួយបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃជំនាញក្នុងការដំឡើងផលិតភាពការងារ និងភាពប្រកួតប្រជែងសេដ្ឋកិច្ច។ ក្រសួងការងារបន្តប្តេជ្ញាចិត្តកែសម្រួលកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីឆ្លើយតបទៅនឹងការប្រែក្លាយរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពី ឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងទី៣ ការបង្កើតវេទិកាដេញដោល និងបំផុសគំនិតសាធារណៈ គឺជាកម្មវិធីបានផ្តល់ឱកាសដល់សិស្សវិទ្យាល័យ និងយុវជន ក្នុងការជជែកដេញដោលផ្លាស់ប្តូរគំនិតជាមួយនិយោជក អ្នកផ្តល់ការបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំខ្លួនជាមុនឆ្លើយតបនឹងទីផ្សារពលកម្ម។


ប្រភព និងរូបភាព៖ ​ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រភព និងរូបភាព៖ ​ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងបន្ថែមថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីជាសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ក៏កម្ពុជានៅតែរក្សាបាននូវស្ថិរភាព និងឧត្តមភាពក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងខិតខំកែសម្រួលបរិយាកាសវិនិយោគ និងធុរកិច្ចបន្ថែមទៀត ដើម្បីឱ្យសហគ្រាសគ្រប់កម្រិតអាចពង្រីកទុនវិនិយោគ និងបង្កើតការងារបន្ថែម។

លោកស្រី Helen Kirsch តំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ បានអបអរសាទរចំពោះជោគជ័យនៃពិព័រណ៍នេះ ដោយលោកស្រីបានគូសបញ្ជាក់ថា កម្លាំងពលកម្មនាពេលអនាគតចាំបាច់ត្រូវមាន ជំនាញបច្ចេកទេស ជំនាញឌីជីថល និងជំនាញទន់ (Soft Skills)។ លោកស្រីបានលើកទឹកចិត្តឱ្យយុវជនបន្តរៀនសូត្រ និងលើកកម្ពស់សមត្ថភាពជាប្រចាំ (Up-skilling & Re-skilling)។ អង្គការ ILO បានអះអាងសារជាថ្មីនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយកម្ពុជា ក្នុងការជំរុញការងារសមរម្យ និងពង្រឹងផលិតភាពទីផ្សារការងារ។

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងបានអំពាវនាវឱ្យអ្នកចូលរួមទាំងអស់ធ្វើជា «អ្នកនាំសារ» ផ្សព្វផ្សាយព័ត៌មានការងារ និងឱកាសបណ្តុះបណ្តាលជំនាញបន្តទៅកាន់សហគមន៍ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព៕


​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3