National
• 1 hour ago• Lim_Rothanaksambath
សំណល់គ្រាប់បែកចង្កោមយោធាថៃលើដីពលរដ្ឋស្លូតត្រង់កម្ពុជាជិត ៤.០០០ គីឡូម៉ែត្រការ៉េ ត្រូវបង្ហាញក្នុងកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ ស្តីពីគ្រាប់បែកចង្កោម នៅវៀងចន្ទន៍

ភ្នំពេញ, ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦៖ ថ្លែងទៅកាន់សហគមន៍អន្តរជាតិ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (Convention on Cluster Munitions - CCM) នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងរឹងមាំ និងច្បាស់លាស់ ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម។
នៅក្នុងថ្លែងការណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេលជាង ៣៣ ឆ្នាំកន្លងមកនេះ កម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERW) ដោយបានរំដោះផ្ទៃដីប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋបានជាង ៣,៥០០ គីឡូម៉ែត្រការ៉េ និងបានកម្ទេចចោលនូវយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាមអតីតកាល និងតម្រូវឱ្យបន្តដោះស្រាយយ៉ាងសកម្ម។
ឯកឧត្តមបណ្ឌិត លី ធុជ បានគូសរំលេចដោយក្តីបារម្ភថា កម្ពុជាមិនដែលរំពឹងថានឹងត្រូវចាប់ផ្តើមការងារបោសសម្អាតអាវុធគ្រោះថ្នាក់នេះសារជាថ្មីនោះឡើយ។ ប៉ុន្តែជាអកុសល ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្នុងបរិបទនៃជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គ្រាប់បែកចង្កោមត្រូវបានបាញ់ប្រហារមកលើទឹកដី និងសហគមន៍កម្ពុជា ដែលបានបង្កើតឱ្យមានតំបន់រងផលប៉ះពាល់ថ្មីជិត ៤,០០០ គីឡូម៉ែត្រការ៉េ។ ក្នុងនោះ ផ្ទៃដីជិត ៣,០០០ គីឡូម៉ែត្រការ៉េ ត្រូវបានរងផលប៉ះពាល់ដោយសារតែគ្រាប់បែកចង្កោមដែលបាញ់ដោយកងកម្លាំងយោធាថៃ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក លី ធុជ - Ly Thuch និង HENG Ratanaការគំរាមកំហែងថ្មីនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតប្រជាពលរដ្ឋស៊ីវិល ជាពិសេសក្រុមប្រជាកសិករ ដែលត្រូវរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត និងរងរបួសពិការ។ លើសពីនេះ ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០ នាក់ ត្រូវបានបង្ខំចិត្តបោះបង់ចោលផ្ទះសម្បែង និងដីធ្លី ដើម្បីផ្លាស់ទីលំនៅទៅកាន់កន្លែងសុវត្ថិភាព ហើយរហូតមកដល់ពេលនេះ ពួកគាត់នៅតែមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាននៅឡើយ។
ឯកឧត្តមបណ្ឌិត លី ធុជ បានមានប្រសាសន៍ថា «កម្ពុជាមិនទាន់បញ្ចប់ការបោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤,០០០ គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយការប្រើប្រាស់អាវុធក្នុងឆ្នាំ២០២៥ ដោយកងកម្លាំងយោធាថៃ។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់»។
ទោះបីជាកម្ពុជាមិនទាន់ជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ក៏ដោយ ប៉ុន្តែកម្ពុជាតែងតែគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងមនុស្សធម៌របស់អនុសញ្ញានេះ។ កម្ពុជាមិនដែលប្រព្រឹត្តិការផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ ហើយបន្តឈរជើងយ៉ាងរឹងមាំក្នុងការប្រឆាំង និងថ្កោលទោសរាល់ការប្រើប្រាស់អាវុធប្រភេទនេះពីសំណាក់ប្រទេសណាក៏ដោយ។
ជាមួយគ្នានេះដែរ ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍សម្បូរបែប និងការទទួលស្គាល់ពីអន្តរជាតិលើការងារដោះស្រាយគ្រោះថ្នាក់ដោយសារអាវុធមិនទាន់ផ្ទុះ កម្ពុជាបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍បច្ចេកទេសលើការបោសសម្អាត ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការផ្តល់ជំនួយដល់ជនរងគ្រោះ ជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះដល់មនុស្សជាតិទាំងមូល៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



