National
• 59 minutes ago• Lim_Rothanaksambath
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីភពផែនដីត្រជាក់ និងចីរភាព ក្នុងឱកាស «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៦»

ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសារលិខិតផ្លូវការអបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៦» ក្រោមប្រធានបទ «សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន» ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារស្រទាប់អូហ្សូន និងទប់ស្កាត់ការកើនឡើងកម្ដៅភពផែនដី។
សារលិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានរំលឹកថា ការប្រារព្ធពិធីនាឆ្នាំនេះ គឺជាការប្រារព្ធខួបលើកទី៤១ នៃអនុសញ្ញាទីក្រុងវីយែន (១៩៨៥) ខួបលើកទី៣៩ នៃពិធីសារម៉ុងរ៉េអាល់ (១៩៨៧) និងជាខួបលើកទី១០ នៃវិសោធនកម្មទីក្រុងគីហ្គាលី (២០១៦)។ លេខាធិការដ្ឋានអូហ្សូននៃកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ (UNEP) បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា ជា «ទិវាអូហ្សូនពិភពលោក» ចាប់តាំងពីឆ្នាំ១៩៩៥ មកម្ល៉េះ ដើម្បីបំផុសស្មារតីសាធារណជន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីក្នុងការលុបបំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន។
ក្នុងសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៦ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញនូវសមិទ្ធផល និងសកម្មភាពស្នូលធំៗរបស់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖
• ការលុបបំបាត់សារធាតុពុល៖ កម្ពុជាបានសម្រេចកាតព្វកិច្ចបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) ទាំងស្រុងតាំងពីឆ្នាំ២០១០ ហើយបច្ចុប្បន្នកំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) និងវិសោធនកម្មទីក្រុងគីហ្គាលី ដើម្បីកាត់បន្ថយសារធាតុហាយដ្រូភ្លុយអរ៉ូកាបួន (HFC)។
• យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨៖ ការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយតម្កល់អាទិភាពលើមុំយុទ្ធសាស្ត្រចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព»។ ក្នុងនោះ «ភាពស្អាតលើអាកាស» ត្រូវបានយកចិត្តទុកដាក់ខ្ពស់តាមរយៈការបំពាក់ស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់នៅទូទាំងប្រទេស និងការផ្សព្វផ្សាយទិន្នន័យជាសាធារណៈតាមប្រព័ន្ធបច្ចេកវិទ្យា។
• វិធានការទប់ស្កាត់ការបំពុល៖ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការទប់ស្កាត់ការដុតសំរាម សំណល់រឹង គល់ជញ្ជាំង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពចល័ត និងអចល័ត។
ក្នុងនោះផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានអំពាវនាវ និងវិធានការជាក់ស្តែងជូនភាគីពាក់ព័ន្ធមួយចំនួន ដូចជា ធុរកិច្ច និងអ្នកប្រើប្រាស់ ដោយជំរុញឱ្យជ្រើសរើសប្រើប្រាស់បរិក្ខារត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ និងប្រើប្រាស់សារធាតុត្រជាក់ដែលមានសក្តានុពលកម្ដៅសកលទាប ដោយមានការថែទាំជាប្រចាំដើម្បីបង្ការការលេចធ្លាយ។ ឧបករណ៍ចាស់ៗត្រូវតែប្រមូលយកមកវិញ ឬបំផ្លាញចោលប្រកបដោយសុវត្ថិភាព។ អ្នកបច្ចេកទេស និងអាជីវករនាំចូល ដោយតម្រូវឱ្យគោរពតាមបទប្បញ្ញត្តិបច្ចេកទេសសេវាកម្មជាតិ ជៀសវាងដាច់ខាតនូវការនាំចូល លក់ ឬប្រើប្រាស់សារធាតុត្រជាក់ និងបរិក្ខារខុសច្បាប់ ឬមិនបានចុះបញ្ជីត្រឹមត្រូវ។ គ្រឹះស្ថានសិក្សា សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ក៏ត្រូវចូលរួមបង្កើនការផ្សព្វផ្សាយអប់រំបំផុសស្មារតីយុវជន និងសាធារណជនឱ្យយល់ដឹងពីសារៈសំខាន់នៃការការពារស្រទាប់អូហ្សូន និងការប្រើប្រាស់ប្រព័ន្ធត្រជាក់ប្រកបដោយចីរភាព។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវជំនឿយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូននឹងអាចស្តារមកក្នុងស្ថានភាពដើមវិញនៅពាក់កណ្តាលសតវត្សរ៍ទី២១ នេះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលេខាធិការដ្ឋានអូហ្សូន មូលនិធិពហុភាគី ទីភ្នាក់ងារអនុវត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការពារបរិស្ថានសកលមួយនេះ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network