National

2 hours agoLim_Rothanaksambath

សមាគមសិល្បករខ្មែរ ទទួលការឧបត្ថម្ភទ្រទ្រង់ ១០ម៉ឺនដុល្លារ ពីសែលកាត ដើម្បីបន្តចក្ខុវិស័យលើកស្ទួយ និងអភិរក្សសិល្បៈវប្បធម៌ជាតិ

សមាគមសិល្បករខ្មែរ ទទួលការឧបត្ថម្ភទ្រទ្រង់ ១០ម៉ឺនដុល្លារ ពីសែលកាត ដើម្បីបន្តចក្ខុវិស័យលើកស្ទួយ និងអភិរក្សសិល្បៈវប្បធម៌ជាតិ


ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រុមហ៊ុនទូរគមនាគមន៍ សែលកាត ដែលជាមោទនភាពរបស់កូនខ្មែរ ១០០% បានប្រកាសផ្តល់ថវិកាទ្រទ្រង់រហូតដល់ ១០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ ជូនដល់សមាគមសិល្បករខ្មែរ ដើម្បីបន្តបេសកកម្មស្រោចស្រង់ អភិរក្ស និងផ្លុំដង្ហើមសិល្បៈវប្បធម៌ជាតិឱ្យកាន់តែរស់រវើកក្នុងសង្គមទំនើប។

ពិធីប្រគល់ និងទទួលថវិកានេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «Better Together» ក្រោមអធិបតីភាព លោក Manu Rajan អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសិល្បករជាច្រើនរូប។

ការឧបត្ថម្ភដ៏ធំធេងនេះ មិនត្រឹមតែជាតួលេខនៅលើក្រដាស ឬជាជំនួយហិរញ្ញវត្ថុធម្មតានោះទេ ប៉ុន្តែជាការវិនិយោគលើដួងព្រលឹងជាតិ ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងនាមជាក្រុមហ៊ុនទូរគមនាគមន៍របស់ប្រជាជនកម្ពុជា ក្រុមហ៊ុនសែលកាតបានបង្វែរផ្លែផ្កា និងប្រាក់ចំណេញបានមកពីការផ្តល់សេវាកម្មជូនអតិថិជន មកចូលរួមចំណែកអភិវឌ្ឍសង្គមវិញ។ ក្រុមហ៊ុនសែលកាត តែងតែចងចាំ និងមិនដែលបំភ្លេចឡើយនូវកាតព្វកិច្ចដ៏សំខាន់ក្នុងការទ្រទ្រង់សិល្បៈវប្បធម៌ជាតិ តាមរយៈការគាំទ្រដល់ការអភិរក្ស ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើន។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងថា៖ «ក្រុមហ៊ុន សែលកាត បានឧបត្ថម្ភទ្រទ្រង់សមាគមសិល្បករខ្មែរ ក្នុងទឹកប្រាក់ ១០០,០០០ ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ការឧបត្ថម្ភនេះ មិនមែនគ្រាន់តែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ។ ប៉ុន្តែ​នាង​ខ្ញុំ​បានមើលឃើញពីចំណុច​សំខាន់ៗចំនួន​៣ នោះគឺ៖

ទី១៖ ការឧបត្ថម្ភ​របស់ សែលកាត (Cellcard) បាន​បង្ហាញពីតម្លៃមួយ​ថា ការអភិវឌ្ឍប្រទេសមួយ មិនអាចផ្អែកតែលើសេដ្ឋកិច្ច និងបច្ចេកវិទ្យាតែ​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវដើរទន្ទឹមគ្នាជាមួយការថែរក្សា និងលើកស្ទួយអត្តសញ្ញាណ សិល្បៈ និងវប្បធម៌ជាតិផងដែរ។ ពោល គឺសេដ្ឋកិច្ចកាន់តែ​រីកចម្រើន អត្តសញ្ញាណ​ជាតិ កាន់តែ​ត្រូវលើកតម្កើង។
ទី២៖ សម្រាប់សមាគមសិល្បករខ្មែរ ថវិកាឧបត្ថម្ភនេះ គឺជាកម្លាំងចិត្ត ក្តីសង្ឃឹម និងជាធនធានដ៏សំខាន់មួយ សម្រាប់ជំរុញសកម្មភាពរបស់សមាគម ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ អភិរក្សស្នាដៃសិល្បៈ បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ព្រមទាំងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ នេះគឺជាដំណើរនៃកសាង​បច្ចុប្បន្ន ដើម្បីអនាគតនៃអត្តសញ្ញាណ។
ទី៣៖ នាង​ខ្ញុំជឿជាក់ថា បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ គឺជាកម្លាំងពីរដែលអាចដើរទន្ទឹមគ្នា ដើម្បីកសាងអនាគតកម្ពុជា។ បច្ចេកវិទ្យាអាចជួយឱ្យសិល្បៈខ្មែរឈានទៅដល់មនុស្សកាន់តែច្រើន ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ខណៈសិល្បៈ និងវប្បធម៌វិញ អាចផ្តល់អត្តសញ្ញាណ និងខ្លឹមសារដល់ការរីកចម្រើនរបស់សង្គមឌីជីថល។ បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ ជំរុញភាពរស់រវើកនៃសិល្បៈ វប្បធម៌កម្ពុជា លើលំហ​សាកលលោក។»

ទន្ទឹមនឹងនោះ លោក Manu Rajan អគ្គនាយកប្រតិបត្តិសែលកាត បានសង្កត់ធ្ងន់ថា សេវាអ៊ីនធឺណិត និងបច្ចេកវិទ្យា 4G/5G របស់សែលកាត មិនត្រឹមតែសម្រាប់ទំនាក់ទំនងទូទៅនោះទេ ប៉ុន្តែវាជាស្ពានតភ្ជាប់បេះដូងអតិថិជនជាង ៤ លាននាក់ ទៅកាន់មរតកវប្បធម៌ខ្មែរ និងជាមធ្យោបាយឌីជីថលថ្មីដែលជួយឱ្យអ្នកបង្កើតថ្មី (Content Creators) និងសិល្បករ អាចរស់នៅ និងប្រកបអាជីពដោយមោទនភាព។

ការចាប់ដៃគ្នារវាងយក្សឌីជីថល និងសមាគមសិល្បករខ្មែរនាពេលនេះ គឺជាសញ្ញាណវិជ្ជមានដ៏ធំមួយដែលបញ្ជាក់ថា ទោះបីជាពិភពលោកបោះជំហានទៅមុខលឿនយ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណ និងឫសគល់វប្បធម៌ខ្មែរ នៅតែត្រូវបានការពារ អភិរក្ស និងចេះច្នៃប្រឌិតឡើងវិញ ដើម្បីរស់នៅយ៉ាងមានឥទ្ធិពលក្នុងបេះដូងកូនខ្មែរគ្រប់រូប៕

​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ Khmer Artists Association
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក សមាគមសិល្បករខ្មែរ Khmer Artists Association