National

1 hour agoLim_Rothanaksambath

មន្ទីរពេទ្យ ហ្លួង ម៉ែ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក

មន្ទីរពេទ្យ ហ្លួង ម៉ែ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ជាមន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក
ភ្នំពេញ, ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យ ហ្លួង ម៉ែ» ដែលជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសពិនិត្យ និងព្យាបាលជំងឺមហារីក ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដើមឡើយ មន្ទីរពេទ្យនេះជាអតីត «មន្ទីរពេទ្យស្ត្រី នគរទេព» ដែលត្រូវបានបង្កើត និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមគំនិតផ្តួចផ្តើមរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី ដើម្បីផ្តោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី។

ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានទិញមន្ទីរពេទ្យនេះ សម្រាប់ប្រើប្រាស់ជាទីតាំងសង្គ្រោះ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ដោយបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យ ហ្លួង ម៉ែ» នៅឆ្នាំ២០២១។

ក្រោយបញ្ចប់វិបត្តិកូវីដ-១៩ ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រាជរដ្ឋាភិបាលបានកែប្រែ និងអភិវឌ្ឍមន្ទីរពេទ្យនេះឱ្យក្លាយជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក» ដោយបានជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបៗ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
មន្ទីរពេទ្យបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗជាច្រើន រួមមាន ម៉ាស៊ីនបាញ់កាំរស្មី Linac, CT-Scan, MRI, Brachytherapy, Mammography, Angiography និងឧបករណ៍ធ្វើរោគវិនិច្ឆ័យស្មុគស្មាញផ្សេងៗទៀត។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរពេទ្យ ហ្លួង ម៉ែ សម្រេចបាននូវលទ្ធផលសំខាន់ៗដូចជា៖ ផ្តល់សេវាពិគ្រោះជំងឺក្រៅបានជាង ២៣ម៉ឺននាក់ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាង ២ម៉ឺននាក់, ពិនិត្យរកឃើញអ្នកជំងឺមហារីកថ្មីចំនួន ៣,៤២០ នាក់, ផ្តល់ការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនបានជាង ៥ពាន់ដូស និងផ្តល់ការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃបានជាង ១០ម៉ឺនករណី។

មន្ទីរពេទ្យ ហ្លួង ម៉ែ កំពុងក្លាយជាមជ្ឈមណ្ឌលសុខាភិបាលឯកទេសដ៏សំខាន់របស់កម្ពុជា ក្នុងការពិនិត្យ ធ្វើរោគវិនិច្ឆ័យ វះកាត់ និងព្យាបាលជំងឺមហារីក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដោយការផ្តល់សេវាមានតម្លៃសមរម្យ ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់បណ្ណ ប.ស.ស. (NSF) សម្រាប់ផ្នែកខ្លះផងដែរ។

ការអភិវឌ្ឍនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពប្រព័ន្ធសុខាភិបាល ការពង្រឹងធនធានមនុស្សជំនាញ និងការទាញយកបច្ចេកវិទ្យាទំនើបមកប្រើប្រាស់ ដើម្បីឱ្យសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល៕

រាយការណ៍ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3