សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ដែលមាន ៨ជំពូក និង ២០មាត្រា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយពី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តជាផ្លូវការកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
ស្របពេលដែលច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ និងមានវិសាលភាពអនុវត្តលើប្រជាពលរដ្ឋខ្មែរគ្រប់រូប ចាប់ពីអាយុ ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា លើកលែងតែស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។ សម្រាប់អ្នកមិនជាប់កាតព្វកិច្ចយោធា រួមមាន៖ ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ) ប្រជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងក្នុងវេទិកាជួបអង្គបោះឆ្នោត នៅកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះថា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ការអនុវត្តច្បាប់កាតព្វកិច្ចយោធា ធ្វើដោយស្មើភាព ហើយចៅៗរបស់លោកបានត្រៀមអនុវត្តដោយគ្មានការលើកលែង»។ ក្នុងន័យនេះ គឺបានន័យថា ចៅៗរបស់សម្ដេចតេជោ ហ៊ុន សែន ក៏នឹងត្រូវចូលរួមអនុវត្តកាតព្វកិច្ចយោធា ដូចយុវជនទូទៅដោយគ្មានការលើកលែងនោះឡើយ។
«កាតព្វកិច្ចយោធា មិនមែនជាបន្ទុក តែជាឱកាសយុវជនអាចការពារបូរណភាពជាតិ» នេះជាការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ដូច្នេះ សូមចូលរួមលើកទឹកចិត្តយុវជនឱ្យចូលរួមអនុវត្តច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» គ្រប់ៗគ្នា ដើម្បីពង្រឹងខឿនការពារជាតិ ការពារបូរណភាពទឹកដី និងបណ្ដុះស្មារតីស្នេហាជាតិដល់យុវជនជំនាន់ក្រោយ៕
រាយការណ៍ដោយ ៖ The Khmer Daily Network