National

44 minutes agoLim_Rothanaksambath

កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជនឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែន និងភូមិសាស្ត្រមុំបីនៃព្រំដែនកម្ពុជា-ឡាវ

កងយោធពលខេមរភូមិន្ទកម្ពុជា និងកងទ័ពប្រជាជនឡាវ ពង្រឹងកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខព្រំដែន និងភូមិសាស្ត្រមុំបីនៃព្រំដែនកម្ពុជា-ឡាវ
ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ លោកឧត្ដមសេនីយ៍ត្រី អួង សុវណ្ណា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ បានដឹកនាំគណៈប្រតិភូយោធានៃកងពលតូចអន្តរាគមន៍លេខ៩ និងកងពលធំអន្តរាគមន៍លេខ៣ នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយ កងពលថ្មើរជើងលេខ៥ នៃកងទ័ពប្រជាជនឡាវ នៅក្នុងខេត្តចំប៉ាសាក់ សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងសន្តិសុខតាមបណ្តោយព្រំដែន។

ជំនួបនេះធ្វើឡើងដោយផ្អែកលើស្មារតីនៃ «កំណត់ហេតុកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ឡាវ-កម្ពុជា លើកទី៤» ដែលបានរៀបចំឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនេះ ភាគីទាំងពីរបានសំណេះសំណាល និងពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ក្នុងស្មារតីយោគយល់ យល់ចិត្តគ្នាទៅវិញទៅមក ប្រកបដោយសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងនាមជាបងប្អូន និងជាប្រទេសភូមិផងរបងជាមួយ។

ភាគីយោធាទាំងពីរប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខ របៀបរៀបរយ និងសុវត្ថិភាពនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ជាពិសេសការយកចិត្តទុកដាក់ខ្ពស់លើការសម្របសម្រួល និងគ្រប់គ្រងសន្តិសុខក្នុងភូមិសាស្ត្រមុំបី (Tri-border area) ឱ្យកាន់តែមានប្រសិទ្ធភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3