Culture

2 hours agoLim_Rothanaksambath

រំលឹកពីប្រវត្តិសាស្ត្រ អរិយធម៌ និងដំណើរដើមទងរបស់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងខួប ៣ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ

រំលឹកពីប្រវត្តិសាស្ត្រ អរិយធម៌ និងដំណើរដើមទងរបស់រមណីយដ្ឋានប្រាសាទកោះកេរ ក្នុងខួប ៣ឆ្នាំ នៃការចុះបញ្ជីបេតិកភណ្ឌពិភពលោកយូណេស្កូ


ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងឱកាសនៃការរំលឹកខួប ៣ឆ្នាំ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦) កម្ពុជាបានសម្តែងនូវមោទនភាពយ៉ាងជ្រាលជ្រៅចំពោះអច្ឆរិយភាពនៃអតីតរាជធានី «ឆោកគគ៌្យរ» ឬ «លិង្គបុរ» ក្នុងសតវត្សរ៍ទី១០ ដែលជារាជធានីបុរាណពោរពេញដោយសិល្បៈស្ថាបត្យកម្មដ៏ស្ចឹមស្ចៃ និងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។

ការទទួលស្គាល់នៅលើឆាកអន្តរជាតិនេះ មិនត្រឹមតែជាការលើកតម្កើងតម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាច្រើនឆ្នាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំឯកសារ និងស្រាវជ្រាវដើម្បីការពារ និងអភិរក្សតំបន់ប្រវត្តិសាស្ត្រដ៏ពិស្រិដ្ឋមួយនេះឱ្យបានគង់វង្សជាយូរអង្វែង។ ខាងក្រោមនេះ ជាដំណើរដើមទងនៃការអភិរក្សរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចងក្រងឡើងដោយ គេហទំព័រផ្លូវការ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)។

តាមរយៈសំណេររបស់គេហទំព័រផ្លូវការ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.) បានរៀបរាប់ឱ្យដឹងថា ព្រះបាទជ័យវរ្ម័នទី៤ បានចាប់ផ្តើមកសាងរាជធានីនៅកោះកេរនាឆ្នាំ៩២១ នៃគ្រិស្តសករាជ ហើយបានគ្រងរាជជាផ្លូវការពីឆ្នាំ ៩២៨ ដល់ ៩៤១ នៃគ្រិស្តសករាជ។ បន្ទាប់មក ព្រះរាជបុត្រព្រះអង្គ ព្រះបាទហសវរ្ម័នទី២ បានឡើងគ្រងរាជរយៈពេលខ្លី រហូតដល់ឆ្នាំ ៩៤៤ នៃគ្រិស្តសករាជ។ រាជធានីរបស់ព្រះអង្គឈ្មោះ លិង្គបុរ (បុរីលិង្គ) ជាភាសាសំស្ក្រឹត និងឆោកគគ៌្យរ (ស្រះគរគី) ជាភាសាខ្មែរ ដែលសព្វថ្ងៃហៅថា កោះកេរ។

រាជធានីកោះកេរ បានរៀបចំឡើងតាមប្រព័ន្ធខ្សែបន្ទាត់យ៉ាងល្អជុំវិញប្រាសាទធំ និងរហាល។​ នៅខាងជើងខ្សែបន្ទាត់កណ្តាលរាជធានី គឺប្រាសាទធំ ដែលមានប្រាសាទប្រាង្គរាងពីរ៉ាមីតកំពស់ ៣៥ម៉ែត្រ ឧទ្ទិសដល់ព្រះឥសូរ ប្រាសាទបន្ទាយពីរជាន់នៅផ្នែកអាគ្នេយ៍ ឧទ្ទិសដល់ព្រះព្រហ្ម និងប្រាសាទចិននៅផ្នែកនិរតី ឧទ្ទិសដល់ព្រះនារាយណ៍។​​ ទិដ្ឋភាពទាំងនេះបញ្ជាក់ពីការទទួលឥទ្ធិពលទស្សនៈសាសនាហិណ្ឌូ ទ្រីមូត៌។ ព្រះបាទជ័យវរ្ម័នទី៤ បានយកទស្សនៈ វស្តុសស្ត្រា នៃសាសនាហិណ្ឌូ ដើម្បីរៀបចំទីក្រុងរបស់ព្រះអង្គឲ្យក្លាយជាក្រុងពិសិដ្ឋលើផែនដី ហើយបានបង្កើតរចនាបថ​សំណង់ សិល្បៈ​​ និងសិលាចារឹក ដែលមានទំហំធំៗ និងចម្លាក់ដែលមានចលនារស់រវើក។ ពោលគឺអ្វីៗកសាងឲ្យមានទំហំធំៗខុសគេ និងមានចលនា។

សិលាចារឹក ៧៣ ផ្ទាំងនៅទីកន្លែងប្រាសាទផ្ទាល់បានចារឡើងដោយអក្សរទំហំធំៗ ដែលអាចឲ្យយើងសន្និដ្ឋានបានថា មានមនុស្សប្រហែលមួយម៉ឺននាក់ រស់នៅរាជធានីកោះកេរក្នុងចន្លោះឆ្នាំ ៩២៨​ដល់ ៩៤៤ នៃគ្រិស្តសករាជ។ សិលាចារឹកពិពណ៌នាអំពីអំណោយរបស់ព្រះរាជា ការកសាងប្រាសាទ បញ្ជីអ្នកបំរើប្រាសាទ ឈ្មោះស្រុក ការប្រមូលពន្ធដា និងការគ្រប់គ្រងកំលាំងពលកម្ម។ សិលាចារឹកប្រាសាទដំរីបានប្រាប់ថា ជើងទម្រលើប្រាសាទប្រាង្គតម្កល់លិង្គព្រះឥសូរកំពស់ប្រហែល ៤,០៥ ម៉ែត្រ។​ សិលាចារឹកជាភាសាសំស្ក្រឹតនៅប្រាសាទធំ បាននិយាយពីការកសាងលិង្គព្រះឥសូរឈ្មោះ ត្រីភូវនេស្វរ (ព្រះឥសូរដែលគ្រប់គ្រងលើឋានបី) នៅឆ្នាំ៩២១ នៃគ្រិស្តសករាជ។

ព្រះបាទជ័យវរ្ម័នទី៤ មិនដាក់ឈ្មោះលិង្គព្រះឥសូរតម្កល់លើប្រាសាទប្រាង្គតាមឈ្មោះរបស់ព្រះអង្គទេ គឺព្រះអង្គបានដាក់ឈ្មោះ ត្រីភូវនេស្វរ។ លើសពីនោះ រាជធានី ក៏មិនបានដាក់ឈ្មោះព្រះអង្គដែរ គឺឈ្មោះ លិង្គបុរ ដែលជាលំនៅស្ថានព្រះឥសូរ។ ចំពោះព្រះឥសូរ ព្រះបាទជ័យវរ្ម័នទី៤ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ជាទេពដ៏ធំបំផុតក្នុងលោក។ ដូច្នេះការគ្រងរាជរបស់ព្រះអង្គ ជាផ្នែកមួយនៃការចូលរួមជាមួយព្រះឥសូរ។ ប្រសិនបើ មានការវាយប្រហារទៅលើព្រះមហាក្សត្រ ហាក់បីដូចជាវាយប្រហារទៅលើព្រះឥសូរដែរ។ តាមរយៈយន្កការនេះ ថានៈរបស់ព្រះបាទជ័យវរ្ម័នទី៤ បានឡើងខ្ពស់មួយកំរិតទៀត ពីស្តេចផែនដី ទៅជាស្តេចនៃទេពព្រះឥសូរ ដោយផ្អែកទៅលើបច្ឆាមរណៈនាមរបស់ព្រះអង្គ បរមសីវបទ ដែលជាស្តេចនៃទេពដែលគ្រងរាជលើពិភពលោកទាំងមូល។

ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)
សព្វថ្ងៃប្រាសាទកោះកេរនៅតែចាត់ទុកជាទីតាំងពិសិដ្ឋ និងទីសក្ការៈបូជារបស់អ្នកស្រុក។ ជារៀងរាល់ឆ្នាំ អ្នកភូមិកោះកេរតែងតែរៀបចំពិធីបុណ្យរំលឹកដល់នាងទុនសាត្រា និងស្តេចដំរីសនៅក្បែរផ្នូរស្តេចដំរីស។

ដំណើរការនៃការរៀបចំចងក្រងឯកសារដើម្បីស្នើសុំចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានចាប់ផ្តើមនៅឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ​ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ ដោយមានអាជ្ញាធរជាតិព្រះវិហារជាសេនាធិការអនុវត្តផ្ទាល់ និងមានការចូលរួមពីអ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សារា អាជ្ញាធរជាតិសំបូរព្រៃគុក និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនទៀត។

នៅឆ្នាំ២០១៩ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានស្នើសុំរាជរដ្ឋាភិបាលបង្កើតគណកម្មការអន្តរក្រសួងមួយ ដើម្បីពិនិត្យលើការស្នើសុំពង្រីកផ្ទៃដីតំបន់ការពាររមណីយដ្ឋានបា្រសាទកោះកេរពីទំហំ ៨១០០ហិចតា ទៅទំហំ ៨៧៨៩,៤៣ហិចតា ដោយរួមបញ្ចូលបុរាណស្ថានមួយចំនួនដែលបានរកឃើញតាមលទ្ធផលនៃការស្រាវជ្រាវកន្លងមក ទៅក្នុងតំបន់ការពារ ដើម្បីរក្សានូវតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋាន។

នៅឆ្នាំ២០២០ ព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់រមណីយដ្ឋានប្រាសាទកោះកេរបានអនុម័ត។ ស្របពេលជាមួយគ្នានោះ ឯកសារស្នើសុំចុះរមណីយដ្ឋានប្រាសាទកោះកេរ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានបញ្ចប់បន្ទាប់ពីបានចងក្រង ពិនិត្យ វាយតម្លៃ និងកែសម្រួលយ៉ាងល្អិតល្អន់ចំនួន ១២លើករួចមក។ ជាមួយគ្នានេះ ឯកសារសំខាន់ៗចំនួន ២ទៀត ក៏ត្រូវបានបញ្ចប់ជាមួយគ្នាដែរគឺ ឯកសារផែនការគ្រប់គ្រងរមណីយដ្ឋាន និងឯកសារផែនការមេគ្រប់គ្រងទេសចរណ៍ ដែលជាឯកសារយោងយ៉ាងសំខាន់បន្ថែមលើឯកសារស្នើសុំចុះបញ្ជីសម្រាប់ជាមូលដ្ឋានក្នុងការវាយតម្លៃរបស់គណៈកម្មការបេតិកភណ្ឌពិភពលោក។

នៅខែមករា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជូនលិខិតផ្លូវការស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោក។ ហើយនៅខែកញ្ញា ឆ្នាំដដែល គណៈកម្មការបេតិកភណ្ឌពិភពលោកបានបញ្ជូនអ្នកជំនាញការឯករាជ្យ (ស្ថាប័ន ICOMOS) មកពិនិត្យ និងវាយតម្លៃដោយផ្ទាល់លើលក្ខណៈសម្បត្តិរបស់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីផ្តល់អនុសាសន៍ជូនទៅគណៈកម្មការវិញ។

ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)
នៅខែមីនា ឆ្នាំ២០២២ គណៈកម្មការបេតិកភណ្ឌពិភពលោក បានសម្រេចយកសំណើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដាក់ទៅក្នុងរបៀបវារៈនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី១០-២៥ ខែញ្ញា ឆ្នាំ២០២៣។

គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំ លើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ​ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ​នៅវេលាម៉ោង ១២៖២៨នាទី​ នៅទីក្រុងរីយ៉ាដ ​ត្រូវនឹងម៉ោង ៤៖២៨នាទី រសៀល នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

អបអរសាទរ ខួប៣ឆ្នាំ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (Koh Ker inscribed on the UNESCO World Heritage List)

១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)
ប្រភព និងរូបភាព៖ គេហទំព័រ អាជ្ញាធរជាតិព្រះវិហារ (អ.ជ.ព.វ.)