National

1 hour agoLim_Rothanaksambath

កម្ពុជា បង្ហាញសក្តានុពលវិនិយោគ និងការប្តេជ្ញាចិត្តលុបបំបាត់បទល្មើសអនឡាញ ទៅកាន់ធុរជនជប៉ុន នៅទីក្រុងអូសាកា

កម្ពុជា បង្ហាញសក្តានុពលវិនិយោគ និងការប្តេជ្ញាចិត្តលុបបំបាត់បទល្មើសអនឡាញ ទៅកាន់ធុរជនជប៉ុន នៅទីក្រុងអូសាកា
ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានអញ្ជើញថ្លែងសុន្ទរកថាពិសេសក្នុងសិក្ខាសាលាស្តីពី «ឱកាសវិនិយោគនៅកម្ពុជា» (Investment Opportunity in Cambodia - Private Seminar) នៅទីក្រុងអូសាកា ប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយបានអំពាវនាវឱ្យវិនិយោគិនជប៉ុន បង្កើនការវិនិយោគលើវិស័យសក្តានុពលជាច្រើននៅកម្ពុជា ព្រមទាំងបានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្នុងឱកាសសិក្ខាសាលាដែលរៀបចំឡើងដោយក្រុមហ៊ុន MIRAKU Capital & Development Co., Ltd. ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន និងថ្នាក់ដឹកនាំធុរកិច្ចជប៉ុនយ៉ាងច្រើនកុះករ ឯកឧត្តម ជុំ សុន្ទរី បានលើកឡើងពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនជប៉ុន ដែលទទួលបានការគោរព និងទំនុកចិត្តខ្ពស់នៅកម្ពុជា តាមរយៈគុណភាព វិជ្ជាជីវៈ បច្ចេកវិទ្យា និងការធ្វើអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តមឯកអគ្គរាជទូត បានបង្ហាញពីគុណសម្បត្តិប្រកួតប្រជែងរបស់កម្ពុជា រួមមាន បរិយាកាសវិនិយោគបើកចំហ និងអំណោយផល លទ្ធភាពចូលទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិតាមរយៈកិច្ចព្រមព្រៀង RCEP និងអាស៊ាន កម្លាំងពលកម្មវ័យក្មេង និងសកម្ម ព្រមទាំងទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ។ ជាមួយគ្នានេះ ឯកឧត្តមបានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) នៅទីក្រុងអូសាកា និងតំបន់កាន់សៃ ផ្តោតការវិនិយោគលើវិស័យសំខាន់ៗ ដូចជា៖ ឧស្សាហកម្មកែច្នៃ និងបច្ចេកវិទ្យាផលិតកម្ម, កសិឧស្សាហកម្ម និងការកែច្នៃចំណីអាហារ, ប្រព័ន្ធឡូជីស្ទីក ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍទីក្រុង, ថាមពលស្អាត បច្ចេកវិទ្យាឌីជីថល សុខាភិបាល ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ឯកឧត្តមឯកអគ្គរាជទូត ក៏បានរំលឹកអំពីជំនួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មអូសាកា (OCCI) កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងកម្ពុជា និងតំបន់អូសាកា-កាន់សៃ ព្រមទាំងបានរំលឹកពីជោគជ័យនៃ «វេទិកាវិនិយោគកម្ពុជា» ដែល OCCI បានរៀបចំជូន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើជាស្ពានតភ្ជាប់ប្រកបដោយប្រសិទ្ធភាព រវាងវិនិយោគិនជប៉ុន ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួង-ស្ថាប័នរដ្ឋ សភាពាណិជ្ជកម្មកម្ពុជា និងដៃគូធុរកិច្ចក្នុងស្រុក។

បន្ថែមពីលើទិដ្ឋភាពសេដ្ឋកិច្ច ឯកឧត្តម ជុំ សុន្ទរី ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីយុទ្ធនាការ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយបានពន្យល់យ៉ាងច្បាស់អំពីសកម្មភាព លទ្ធផលដែលសម្រេចបាន និងវិធានការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដើម្បីធានាបរិយាកាសសន្តិសុខ សុវត្ថិភាព និងទំនុកចិត្តជូនដល់វិនិយោគិន និងភ្ញៀវទេសចរបរទេស៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3