National
• 1 hour ago• Lim_Rothanaksambath
កម្ពុជា និងមូលនិធិសកល ជំរុញការរៀបចំគម្រោងសំណើមូលនិធិសកលជុំទី៨ ពង្រឹងការប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង

ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងសុខាភិបាលកម្ពុជា និងប្រភពថវិកាដៃគូអន្តរជាតិ មូលនិធិសកល (The Global Fund) បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការវាយតម្លៃវឌ្ឍនភាព ការដោះស្រាយបញ្ហាប្រឈម និងការកំណត់អាទិភាពគន្លឹះៗ សម្រាប់រៀបចំគម្រោងសំណើមូលនិធិសកលជុំទី៨ សំដៅធានានិរន្តរភាពនៃកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជំងឺរបេងនៅកម្ពុជា។
ជំនួបពិភាក្សាការងារនេះបានប្រព្រឹត្តទៅនៅថៃ្ងទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រវាង លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងមូលនិធិសកល ជាមួយ លោកស្រី Sylwia Murray, Fund Portfolio Manager នៃមូលនិធិសកល។
នៅក្នុងជំនួបផ្លូវការនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើសមាសភាគបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗចំនួន ៣ ដើម្បីធានាថាជំនួយរបស់មូលនិធិសកលត្រូវ បានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត គឺ៖
១. សំណើអាទិភាពលើសពីទឹកប្រាក់បែងចែក៖ ការកំណត់តម្រូវការចាំបាច់បន្ថែមលើសពីកញ្ចប់ថវិកាដែលបានបែងចែក ដើម្បីឆ្លើយតបទៅនឹងគម្លាតថវិកាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង។
២. ផែនការនិរន្តរភាព និងផែនការអន្តរកាល៖ ការរៀបចំយុទ្ធសាស្ត្ររយៈពេលវែងដើម្បីឱ្យប្រព័ន្ធសុខាភិបាលកម្ពុជាអាចម្ចាស់ការលើការគ្រប់គ្រង និងធានាថវិកាដោយខ្លួនឯងជាបណ្តើរៗ ក្នុងដំណាក់កាលអន្តរកាលនៃការកាត់បន្ថយជំនួយពីខាងក្រៅ។
៣. ការវិនិយោគឡើងវិញនូវថវិកាសន្សំ៖ ការពិនិត្យ និងបង្វែរថវិកាដែលសន្សំបានពីការអនុវត្តគម្រោងកន្លងមក យកទៅវិនិយោគលើសកម្មភាពអាទិភាពចាំបាច់ និងមានផលប៉ះពាល់វិជ្ជមានខ្ពស់ដល់សុខភាពសាធារណៈ។
កិច្ចពិភាក្សាក៏បានផ្តោតលើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាថាការអនុវត្តកម្មវិធីគាំទ្រដោយមូលនិធិសកលដំណើរការទៅដោយរលូន មិនត្រឹមតែលុបបំបាត់ជំងឺឆ្លងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងប្រព័ន្ធថែទាំសុខភាពជារួមនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីតំណាងអង្គភាពប្រតិបត្តិថវិកា និងមជ្ឈមណ្ឌលជាតិជំនាញពាក់ព័ន្ធជាច្រើន រួមមាន៖ ក្រុមការងារដឹកនាំការអនុវត្តគម្រោងនៃក្រសួងសុខាភិបាល, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS), មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT), មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (CNM) និងមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព (NCHP)។
តាមប្រភពព័ត៌មានពីក្រសួងសុខាភិបាល និងរបាយការណ៍របស់មូលនិធិសកល បានឱ្យដឹងថា កម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តគម្រោងជំនួយជុំទី៧ (Grant Cycle 7 - GC7) សម្រាប់ឆ្នាំ២០២៤-២០២៦ ហើយបច្ចុប្បន្នកំពុងរៀបចំសេចក្តីព្រាងសំណើសម្រាប់ជុំទី៨ (Grant Cycle 8 - GC8) សម្រាប់វដ្តឆ្នាំ២០២៧-២០២៩។
កន្លងមក ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម សាស្ត្រាចារ្យ ឈៀង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាមួយប្រតិភូមូលនិធិសកល ភាគីមូលនិធិសកលបានសម្តែងនូវការកោតសរសើរចំពោះការប្តេជ្ញាចិត្តផ្នែកនយោបាយ និងលទ្ធផលការងារដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយអត្រាឆ្លង និងអត្រាស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ យ៉ាងមានប្រសិទ្ធភាព។ មូលនិធិសកលបានបញ្ជាក់ជំហរជាថ្មីក្នុងការបន្តគាំទ្រកម្ពុជាទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅលុបបំបាត់ជំងឺអេដស៍ និងជំងឺរបេង ឱ្យផុតពីគ្រោះថ្នាក់ចំពោះសុខភាពសាធារណៈនាពេលខាងមុខ។
គួរបញ្ជាក់ឱ្យដឹងផងដែរថា កិច្ចប្រជុំរវាងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងតំណាងមូលនិធិសកលនាពេលនេះ គឺជាជំហានគន្លឹះដ៏សំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រហិរញ្ញប្បទានសុខាភិបាលរបស់កម្ពុជា។ ការរៀបចំសំណើគម្រោងជុំទី៨ ដោយផ្តោតលើភាពជាក់ស្តែង និងនិរន្តរភាព នឹងធានាថាប្រជាពលរដ្ឋកម្ពុជាទទួលបានសេវាបង្ការ និងព្យាបាលជំងឺអេដស៍ និងរបេង ដោយសមធម៌ មានគុណភាព និងឥតរអាក់រអួល ស្របតាមទិសដៅគ្របដណ្តប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាលកម្ពុជា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



