National

1 hour agoLim_Rothanaksambath

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស៊ីប ប្តេជ្ញាពង្រីក និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស៊ីប ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌

ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស៊ីប ប្តេជ្ញាពង្រីក និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស៊ីប ដោយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌
ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Koula Sophianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបប្រគល់សារតាំង និងសម្តែងការគួរសម នៅវិមានសាមគ្គីភាព ក្នុងរាជធានីភ្នំពេញ។

ក្រោយបញ្ចប់ជំនួប ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុងជំនួបទទួលសារតាំងនេះ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាមព្រះករុណាព្រះមហាក្សត្រ បានសម្ដែងការស្វាគមន៍ និងអបអរសាទរចំពោះលោកជំទាវ Koula Sophianou ដែលទទួលបានការតែងតាំង ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីប ប្រចាំព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោ ប្រមុខរដ្ឋស្តីទី បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ក្នុងអំឡុងពេលនៃការបំពេញបេសកកម្មការទូតរបស់លោកជំទាវ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស៊ីប ឱ្យកាន់តែរឹងមាំ និងមានការរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប លោកជំទាវ គូឡា សូហ្វីអានូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យលោកជំទាវចូលជួបប្រគល់សារតាំង និងសម្តែងការគួរសម។ លោកជំទាវ បានសម្តែងនូវការគោរពយ៉ាងខ្ពង់ខ្ពស់ចំពោះសម្តេចតេជោ ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់ដែលមានភាពល្បីល្បាញទាំងក្នុងឆាកជាតិ និងអន្តរជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំប្រឹងប្រែងពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយផ្តោតលើទិសដៅសំខាន់ ២ រួមមាន៖

១. កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៖ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក និងពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។
២. វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៖ ស្វែងរកឱកាស និងកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្តែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ និងបានចាត់ទុកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ គឺជាសសរស្ដម្ភគន្លឹះក្នុងការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។

សម្ដេចតេជោ បានលើកទឹកចិត្តឱ្យភាគីទាំងពីរ កម្ពុជា-សាធារណរដ្ឋស៊ីបបន្តខិតខំស្វែងរកឱកាស និងបង្កើតយន្តការថ្មីៗ ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន។ សម្ដេចក៏បានសម្តែងក្តីសង្ឃឹមថា សាធារណរដ្ឋស៊ីប នឹងមានឱកាស និងលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ដែលនឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនាពេលអនាគត។


សម្ដេចតេជោ ហ៊ុន សែន បានជូនពរ លោកជំទាវ គូឡា សូហ្វីអានូ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការបំពេញបេសកកម្មការទូត និងភារកិច្ចផ្លូវការរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Hun Sen of Cambodia