National

1 hour agoLim_Rothanaksambath

កុមារ និងស្ត្រីភៀសសឹកជាង ១៥,០០០នាក់ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ទទួលការថែទាំសុខភាព និងកិច្ចគាំពារសង្គមពីយូនីសេហ្វ និងរាជរដ្ឋាភិបាល

កុមារ និងស្ត្រីភៀសសឹកជាង ១៥,០០០នាក់ នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ ទទួលការថែទាំសុខភាព និងកិច្ចគាំពារសង្គមពីយូនីសេហ្វ និងរាជរដ្ឋាភិបាល
ភ្នំពេញ, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ អង្គការយូនីសេហ្វប្រចាំកម្ពុជា (UNICEF Cambodia) សហការជាមួយអង្គការ រ៉ាឆា (RACHA) ដោយមានការឧបត្ថម្ភថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុន Smart Axiata បានប្រមូលផ្តុំផ្តល់សេវាថែទាំសុខភាព អាហាររូបត្ថម្ភ និងជំនួយហិរញ្ញវត្ថុចាំបាច់ផ្ទាល់ ជូនដល់ប្រជាពលរដ្ឋភៀសសឹកជាង ១៥,ឡ០00 នាក់ រួមទាំងកុមារ និងស្ត្រីជាម្តាយ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុង «ភូមិរង់ចាំ» ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។

ការផ្តល់ជំនួយ និងសេវាថែទាំនេះ បានធ្វើឡើងតាមរយៈក្រុមការងារចល័ត ដែលចុះផ្ទាល់ដល់ទីតាំងរស់នៅរបស់ប្រជាពលរដ្ឋ ដោយផ្តល់ជូននូវ៖

១. សេវាសុខភាព និងអាហាររូបត្ថម្ភ៖ ការផ្តល់ថ្នាំបង្ការ (ការចាក់វ៉ាក់សាំង), ការថែទាំសុខភាពទាំងមុន និងក្រោយសម្រាល, ការពិនិត្យតាមដានអាហាររូបត្ថម្ភ, ការប្រឹក្សាសុខភាព និងការគាំទ្រផ្នែកផ្លូវចិត្ត (Psychosocial support) ដល់គ្រួសារដែលរងផលប៉ះពាល់ពីវិបត្តិព្រំដែន។

២. កិច្ចគាំពារសង្គម និងជំនួយហិរញ្ញវត្ថុ៖ ការភ្ជាប់ទំនាក់ទំនងគ្រួសារងាយរងគ្រោះទៅនឹង «កម្មវិធីកញ្ចប់គ្រួសារ» (Family Package) ដែលជាកម្មវិធីគាំពារសង្គមគាំទ្រដោយយូនីសេហ្វ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីអន្តរាគមន៍ពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលបន្ទុកជីវភាព និងធានាថាគ្រួសារនីមួយៗមានលទ្ធភាពថែទាំកូនៗបានល្អប្រសើរ។

គួរឱ្យដឹងផងដែរថា «ភូមិរង់ចាំ» ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើជាទីតាំងរៀបចំដីធ្លី និងជម្រកបណ្តោះអាសន្ន ជូនដល់គ្រួសារប្រជាពលរដ្ឋដែលបានភៀសសឹក ឬផ្លាស់ប្តូរទីលំនៅចេញពីតំបន់ព្រំដែន។ រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីបានរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមទាំងផ្លូវ ទឹក ភ្លើង សាលារៀន និងមណ្ឌលសុខភាព ដើម្បីសម្រួលដល់ការរស់នៅ និងបង្កើតមុខរបរថ្មីៗ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNICEF Cambodia - ដើម្បីកុមារគ្រប់រូបប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក UNICEF Cambodia - ដើម្បីកុមារគ្រប់រូប
តំណាងអង្គការយូនីសេហ្វ បានគូសបញ្ជាក់ថា កិច្ចសហការរវាងយូនីសេហ្វ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា គឺជាសសរទ្រទ្រង់យ៉ាងសំខាន់ក្នុងការជួយឱ្យកុមាររងគ្រោះអាចស្តារស្ថានភាពជីវិត និងបន្តការអភិវឌ្ឍទៅមុខទៀត។ អង្គការយូនីសេហ្វ ក៏បានរំលឹកឡើងវិញនូវគោលការណ៍គ្រឹះថា «កុមារគ្រប់រូប មានសិទ្ធិក្នុងការទទួលបានឱកាសរស់រានមានជីវិត លូតលាស់ និងរីកចម្រើនពេញលេញតាមសក្តានុពលរបស់ពួកគេ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិក្តី»។

ការរួមគ្នារវាងស្ថាប័នអន្តរជាតិ UNICEF អង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាលបរទេស និងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លុះបញ្ចាំងពីគំរូភាពនៃការឆ្លើយតបផ្នែកមនុស្សធម៌ចម្រុះវិស័យ ដែលជួយធានាបានទាំងសុខមាលភាពរាងកាយ ផ្លូវចិត្ត និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារក្នុងពេលតែមួយ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3