National

1 hour agoLim_Rothanaksambath

កម្ពុជា និងប្រទេសរូម៉ានី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញផលិតផលខ្មែរចូលទីផ្សារអឺរ៉ុប និងតំបន់អាស៊ាន

កម្ពុជា និងប្រទេសរូម៉ានី បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញផលិតផលខ្មែរចូលទីផ្សារអឺរ៉ុប និងតំបន់អាស៊ាន
រាជធានីភ្នំពេញ៖ កម្ពុជា និងប្រទេសរូម៉ានី បានសហការគ្នាយ៉ាងសកម្មក្នុងការជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែស៊ីជម្រៅ ដោយបានកំណត់ទីតាំងយុទ្ធសាស្ត្រនៃប្រទេសទាំងពីរជា «ច្រកទ្វារសេដ្ឋកិច្ច» សំខាន់ពីរឆ្ពោះទៅកាន់ទីផ្សារអាស៊ាន និងសហភាពអឺរ៉ុប (EU)។

កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ទី នីតូរ្យ អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងក្រុមហ៊ុន UNI Holding ដែលមានការសម្របសម្រួលដោយ លោក ប៉ុល ពន្លឺ អគ្គលេខាធិការនៃសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានចុះជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នា ជាមួយថ្នាក់ដឹកនាំស្ថាប័នពាណិជ្ជកម្មកំពូលនៃប្រទេសរូម៉ានី នៅរដ្ឋធានីប៊ុយការេស។

នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោក Catalin Dan ប្រធាននាយកដ្ឋានកិច្ចការបរទេស នៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មរូម៉ានី (CCIR), លោក Octavia Stocklosa អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មរដ្ឋធានីប៊ុយការេស (CCIB),តំណាងធុរកិច្ចរូម៉ានី ក្នុងវិស័យកែច្នៃកសិផល ភស្តុភារកម្ម (Logistics) និងបច្ចេកវិទ្យាឌីជីថល។
ជំនួបពិភាក្សានេះបានផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យគន្លឹះចំនួន ៥ រួមមាន៖ ការកែច្នៃកសិផល, ទេសចរណ៍, ភស្តុភារកម្ម, ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាឌីជីថល។

ក្រុមហ៊ុន UNI Holding របស់កម្ពុជា បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការជ្រើសរើសប្រទេសរូម៉ានី ជាមជ្ឈមណ្ឌល (Hub) សម្រាប់កែច្នៃ និងចែកចាយផលិតផលកម្ពុជា បន្តទៅកាន់ទីផ្សារនៃបណ្តាប្រទេសក្នុងសហភាពអឺរ៉ុបទាំងមូល។ ខនៈដែល ធុរជន និងតំណាងសភាពាណិជ្ជកម្មរូម៉ានី បានបង្ហាញការចាប់អារម្មណ៍ខ្ពស់លើការចូលរួមអភិវឌ្ឍន៍វិស័យភស្តុភារកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។

សកម្មភាពការងារយ៉ាងសកម្មនៅរដ្ឋធានីប៊ុយការេសនាពេលនេះ គឺជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្ត យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច (Economic Diplomacy Strategy) របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ យុទ្ធសាស្ត្រនេះមានគោលដៅ បើកច្រក និងផ្តល់វេទិកា ជូនធុរជន និងវិនិយោគិនកម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយដៃគូបរទេស, សម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ រវាងរដ្ឋ និងវិស័យឯកជននៃប្រទេសទាំងពីរ និង ប្រែក្លាយកាលានុវត្តភាពឱ្យទៅជាគម្រោងជាក់ស្តែង ដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការបរទេស - Ministry of Foreign Affairs and International Cooperation