National

1 hour agoLim_Rothanaksambath

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងដោះស្រាយខ្សែផ្លូវរងផលប៉ះពាល់ ស្រុកពញាឮ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា

ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ និងដោះស្រាយខ្សែផ្លូវរងផលប៉ះពាល់ ស្រុកពញាឮ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា
ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អភិបាលស្រុកពញាឮ និងមេឃុំឈ្វាំង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេសសាងសង់ និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ លើខ្សែផ្លូវបេតុង ១ខ្សែ ប្រវែង ១ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ។

ខ្សែផ្លូវបេតុង ១ខ្សែនេះ តភ្ជាប់ពីភូមិពង្រ ទៅកាន់ភូមិស្រែអំពិល ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលត្រូវបានស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពារជាតិ។
គម្រោងសាងសង់ផ្លូវនេះសម្រេចបានវឌ្ឍនភាពសរុបប្រមាណ ៩០% ហើយ ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។ ដោយសារការងារស្ថាបនាចិញ្ចើមផ្លូវមានការយឺតយ៉ាវ អមដោយមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់ៗគ្នានាពេលថ្មីៗនេះ បានធ្វើឱ្យខ្សែផ្លូវរងផលប៉ះពាល់ និងបង្កការរំខានដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

នៅក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារនៃកងវិស្វកម្ម ឱ្យពន្លឿនការឈូសឆាយ និងកៀរសម្អាតដីលើតួផ្លូវឡើងវិញជាបន្ទាន់ក្នុងថ្ងៃដដែល ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការប្រកបអាជីវកម្ម របរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋឱ្យវិលត្រឡប់មកភាពប្រក្រតីឡើងវិញ។
ជាលទ្ធផល គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី សហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ បានដោះស្រាយបញ្ហាប្រឈមខាងលើបានដោយរលូន និងចប់ជាស្ថាពរ។
ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានគូសបញ្ជាក់បន្ថែមថា ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតចំពោះការអនុវត្តបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវជនបទ ដើម្បីធានាបាននូវគុណភាព ខឿនមាំមួន និងការពារកុំឱ្យមានបញ្ហារំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបែបនេះកើតឡើងជាថ្មីម្តងទៀតនៅពេលក្រោយ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងអភិវឌ្ឍន៍ជនបទ Ministry of Rural Development