National

1 hour agoLim_Rothanaksambath

កម្ពុជា បង្ហាញសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការថាមពលបៃតង ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង

កម្ពុជា បង្ហាញសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងជំរុញកិច្ចសហប្រតិបត្តិការថាមពលបៃតង ក្នុងពិព័រណ៍ចិន-អាស៊ាន លើកទី២៣ នៅទីក្រុងណាននីង


ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងព្រឹត្តិការណ៍ «ពិព័រណ៍ចិន-អាស៊ាន» (CAEXPO) លើកទី២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញការទាក់ទាញវិនិយោគ បង្កើនការនាំចេញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ថាមពលបៃតង ក្នុងក្របខ័ណ្ឌ «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងកម្ពុជា និងចិន។

តួយ៉ាង នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា» ក្រោមប្រធានបទ «ការផ្សព្វផ្សាយកម្ពុជា៖ គោលដៅប្រកបដោយថាមវន្តសម្រាប់ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍» ដែលរៀបចំឡើងអមព្រឹត្តិការណ៍ CAEXPO លើកទី២៣។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមាន ឯកឧត្តម LIU Youming អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម បណ្ឌិត Jonathan K. S. Choi ប្រធានសភាពាណិជ្ជកម្មទូទៅចិន និងជាប្រធានក្រុមហ៊ុន Sunwah Group, តំណាងសមាគមសហគ្រិនស្ត្រីពិញសៀង (Pingxiang), សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងធុរជន វិនិយោគិន និងប្រតិបត្តិករទេសចរណ៍នៃប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ឆ្នាំ២០២៦ នេះ កម្ពុជាបានជ្រើសរើស «ខេត្តកំពង់ស្ពឺ» ជា «ទីក្រុងសម្រស់ប្រឹមប្រិយ» (Charming City) តំណាងឱ្យកម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ ដោយសារខេត្តនេះមានសក្តានុពលខ្ពស់លើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍។

ឯកឧត្តម បានផ្តល់នូវអនុសាសន៍ និងទិសដៅយុទ្ធសាស្ត្រគន្លឹះចំនួន ៤ រួមមាន៖

1. ប្រែក្លាយទំនាក់ទំនងទៅជាលទ្ធផលជាក់ស្ដែង៖ ជំរុញឱ្យភាគីទាំងពីរប្រែក្លាយមិត្តភាពដ៏រឹងមាំ ឱ្យទៅជាឱកាសធុរកិច្ច និងការវិនិយោគជាក់ស្ដែង។
2. កម្ពុជាជាច្រកទ្វារយុទ្ធសាស្ត្រអាស៊ាន៖ ស្នើឱ្យវិនិយោគិនចិន សម្លឹងឃើញកម្ពុជាជាច្រកទ្វារភ្ជាប់ទៅកាន់ទីផ្សារអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការលើផ្នែកភស្តុភារកម្ម ឧស្សាហកម្មកែច្នៃ កសិកម្ម និងពាណិជ្ជកម្មឌីជីថល។
3. បង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែង៖ អំពាវនាវដល់ក្រុមហ៊ុនចែកចាយចិន ឱ្យគាំទ្រ និងបង្កើតដៃគូពាណិជ្ជកម្មរយៈពេលវែងលើផលិតផល និងម៉ាកយីហោខ្មែរដែលមានគុណភាព។
4. យន្តការរដ្ឋ និងឯកជន ដើរទន្ទឹមគ្នា៖ រាជរដ្ឋាភិបាលកម្ពុជា បន្តកែលម្អបរិយាកាសធុរកិច្ច ខណៈវិស័យឯកជនត្រូវសកម្មក្នុងការចាប់យកឱកាសអាជីវកម្មជាក់ស្ដែង។

អមជាមួយគ្នានេះ គណៈអធិបតីបានអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ចំនួន ៣ រួមមាន៖

• MOU ១៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម រវាងសមាគមសហគ្រិនស្ត្រីពិញសៀង និងសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា។
• MOU ២៖ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើប្រព័ន្ធត្រជាក់ (Liquid Cooling) សម្រាប់មជ្ឈមណ្ឌលទិន្នន័យ AI នៅកម្ពុជា។
• MOU ៣៖ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើសេវាកម្មបកប្រែ AI និងសេវាកម្មប្រជុំឆ្លាតវៃនៅកម្ពុជា។
ដោយឡែក នភព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បូរ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាគន្លឹះក្នុង «វេទិកាស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍថាមពល ចិន-អាស៊ាន ឆ្នាំ២០២៦» ក្រោមមូលបទ «ថាមពលឆ្លាតវៃតភ្ជាប់អនាគតអាស៊ានបៃតង»។

វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម QIAN Xueming អនុប្រធានសន្និសីទប្រឹក្សានយោបាយប្រជាជនចិន តំបន់ក្វាងស៊ី និងឯកឧត្តម YANG Kun អនុប្រធានប្រតិបត្តិក្រុមប្រឹក្សាអគ្គិសនីចិន ដោយមានការចូលរួមពីតំណាងវិស័យថាមពលមកពីប្រទេសសមាជិកអាស៊ាន និងចិនយ៉ាងច្រើនកុះករ។ វេទិកានេះមានគោលបំណងបន្តអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» សំដៅពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងលើការអភិវឌ្ឍថាមពលស្អាត និងឆ្លាតវៃរវាងចិន និងអាស៊ាន។

បន្ថែមពីលើសកម្មភាពរបស់ ឯកឧត្តម សំហេង បូរ៉ា នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ Shangri-La ទីក្រុងណាននីង លោកជំទាវ សុមេធ សុមនា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមក្នុង «កិច្ចសន្ទនាកម្រិតខ្ពស់ RCEP & CAFTA ស្តីពីកិច្ចសហប្រតិបត្តិការដើម្បីកំណើន» (RCEP & CAFTA High-Level Dialogue on Collaborative Growth)។

កិច្ចសន្ទនានេះ មានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗ រួមមាន ឯកឧត្តម វ៉េ ថាវ (Wei Tao) អភិបាលតំបន់ស្វយ័តក្វាងស៊ី, ឯកឧត្តម Yan Dong អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន, ឯកឧត្តមបណ្ឌិត កៅ កឹមហួន អគ្គលេខាធិការអាស៊ាន, រដ្ឋមន្ត្រីពាណិជ្ជកម្មមីយ៉ាន់ម៉ា និងទីម័រឡេស្តេ ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុន និងអ្នកជំនាញសេដ្ឋកិច្ច។

កិច្ចសន្ទនានេះបានផ្តោតលើសសរស្តម្ភយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣៖
1. ការទាញយកផលប្រយោជន៍អតិបរមាពី RCEP និង CAFTA 3.0៖ ដើម្បីលើកកម្ពស់ការចូលទៅកាន់ទីផ្សារ សម្រួលពាណិជ្ជកម្ម និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក។
2. ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មតំបន់៖ ធ្វើសមាហរណកម្មសហគ្រាសកម្ពុជា ពិសេសវិស័យកសិធុរកិច្ច កម្មន្តសាល និងសេដ្ឋកិច្ចឌីជីថល ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់។
3. ការសម្របសម្រួលគោលនយោបាយ និងបទប្បញ្ញត្តិ៖ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍ ការប្រកួតប្រជែង និងការពង្រឹងពាណិជ្ជកម្មឌីជីថល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3