National

1 hour agoLim_Rothanaksambath

កាយរឹទ្ធិជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម «អ្នកនាំសារសន្តិភាព» ឆ្នាំ២០២៦ អបអរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា

កាយរឹទ្ធិជាតិកម្ពុជា រៀបចំការប្រកួតគម្រោងឆ្នើម «អ្នកនាំសារសន្តិភាព» ឆ្នាំ២០២៦ អបអរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា
ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលម៉ានី KAMPUS រាជធានីភ្នំពេញ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងការប្រកួតគម្រោងឆ្នើមប្រចាំឆ្នាំ២០២៦ នៃកម្មវិធី «អ្នកនាំសារសន្តិភាព» (អ.ស.ស. / Messengers of Peace) ដើម្បីអបអរសាទរទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កម្មវិធី «អ្នកនាំសារសន្តិភាព» (អ.ស.ស.) ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញ លើកទឹកចិត្ត និងបំផុសគំនិតផ្ដួចផ្ដើមសន្តិភាពដល់ប្អូនៗកាយរឹទ្ធិ ឱ្យចេះរៀបចំគម្រោងសកម្មភាពជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍។ គំនិតផ្ដួចផ្ដើមនេះ ត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា ការិយាល័យកាយរឹទ្ធិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងអង្គការពិភពលោកនៃចលនាកាយរឹទ្ធិ (WOSM) ព្រមទាំងចូលរួមចំណែកយ៉ាងសកម្មដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។

កម្មវិធីនេះមានថិរវេលាអនុវត្តសរុបចំនួន ៦ខែ ចាប់ពីខែឧសភា ដល់ខែធ្នូ ឆ្នាំ២០២៦ដោយបែងចែកជា ៤ដំណាក់កាល រួមមាន៖ ការបណ្ដុះបណ្ដាល, ការអភិវឌ្ឍសមត្ថភាព, ការចុះសិក្សាស្រាវជ្រាវ, និងការប្រកួតគម្រោងឆ្នើមប្រចាំឆ្នាំ ដើម្បីទទួលបានបណ្ណសញ្ញាកង និងកន្សែងអ្នកនាំសារសន្តិភាព។ នៅចុងបញ្ចប់នៃកម្មវិធី គម្រោងឆ្នើមទាំងអស់នឹងត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់អង្គការពិភពលោកនៃចលនាកាយរឹទ្ធិ និងកាយរឹទ្ធិជាតិកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងឆ្នាំ២០២៦ នេះ មានកាយរឹទ្ធិជំទង់ចំនួន ៥ល្បាត មកពីបណ្តាវិទ្យាល័យនានា បានចូលរួមបកស្រាយ និងការពារគម្រោងរបស់ខ្លួន៖
1. កងឯកភាពវិទ្យាល័យ ហ៊ុន សែន តាខ្មៅ (ខេត្តកណ្ដាល)៖ គម្រោង «សាលារៀនជាទីជម្រកទីពីរ គ្មានហិង្សា គ្មានការរើសអើង»
2. កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព (ខេត្តកណ្ដាល)៖ គម្រោង «សេរីភាពនៃបេះដូងសន្តិភាព»
3. កងឯកភាពវិទ្យាល័យ ជា ស៊ីម សាមគ្គី (រាជធានីភ្នំពេញ)៖ គម្រោង «សន្តិភាពក្នុងសាលារៀនក្នុងយុគសម័យឌីជីថល»
4. កងឯកភាពវិទ្យាល័យ សម្ដេច ជា ស៊ីម អំពិល (ខេត្តស្វាយរៀង)៖ គម្រោង «ការកសាងវប្បធម៌សន្តិភាពនៅក្នុងសាលារៀន»
5. កងឯកភាពវិទ្យាល័យ រមាសហែក (ខេត្តស្វាយរៀង)៖ គម្រោង «ដាំពន្លកសីលធម៌ បណ្ដុះអំពើល្អ»

ដើម្បីតម្រង់ទិស និងពង្រឹងស្មារតីយុវជនកាយរឹទ្ធិ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដ៏មានអត្ថន័យចំនួន ៩ ចំណុច៖
1. សន្តិភាពផ្តើមចេញពីបុគ្គល៖ សន្តិភាពពិតប្រាកដមិនមែនត្រឹមតែជាការងារថ្នាក់ជាតិ ឬពិភពលោកនោះទេ គឺត្រូវផ្តើមចេញពីខ្លួនយើងម្នាក់ៗ ដោយគិតគូរពីផលប្រយោជន៍សាលារៀន និងសហគមន៍។
2. សកម្មភាពជាក់ស្តែង៖ កាយរឹទ្ធិឆ្នើមមិនមែនត្រឹមតែការនិយាយនោះទេ ប៉ុន្តែត្រូវបង្ហាញតាមរយៈសកម្មភាព និងការធ្វើអំពើល្អ ស្របតាមគោលការណ៍គ្រឹះនៃចលនាកាយរឹទ្ធិ។
3. ជាភ្នែកច្រមុះរបស់សង្គម៖ កាយរឹទ្ធិជាកែវភ្នែករបស់សាលារៀន និងសង្គមជាតិ ដែលត្រូវហ៊ានកំណត់បញ្ហា និងរួមគ្នារកដំណោះស្រាយពិតប្រាកដ។
4. គុណតម្លៃនៃគម្រោង៖ គម្រោងល្អមិនចាំបាច់មានថវិកាច្រើន ឬវិសាលភាពធំធេងនោះទេ ប៉ុន្តែជាគម្រោងដែលដោះស្រាយបញ្ហាចំគោលដៅ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានពិតប្រាកដ។
5. ភាពជាម្ចាស់របស់យុវជន៖ យុវជនត្រូវតែជាម្ចាស់លើការរៀបចំ និងអនុវត្តគម្រោងដោយផ្ទាល់ ដើម្បីពង្រឹងសមត្ថភាពដោះស្រាយបញ្ហា ការងារក្រុម និងភាពជាអ្នកដឹកនាំ ដោយមានលោកគ្រូអ្នកគ្រូជាអ្នកប្រឹក្សា និងគាំទ្រ។
6. ស្របតាមសសរស្ដម្ភអប់រំ៖ កម្មវិធី អ.ស.ស. គឺជាការសិក្សាបែបអនុវត្តគម្រោងដែលឆ្លើយតបទៅនឹងសសរស្ដម្ភទាំង៤ នៃការអប់រំរបស់អង្គការយូណេស្កូ (UNESCO)។
7. ស្មារតីរៀនសូត្រពីការប្រកួត៖ ដោយផ្អែកតាមទស្សនៈរបស់ Nelson Mandela ថា «បើខ្ញុំបានចូលរួមការប្រកួត ទោះមិនឈ្នះ ក៏ខ្ញុំបានរៀនដែរ» យុវជនត្រូវបន្តរៀនសូត្រ និងយកគម្រោងទៅអនុវត្តក្នុងសាលារៀនទោះជាមិនបានជ័យលាភីក៏ដោយ។
8. និរន្តរភាពនៃគម្រោង៖ គម្រោងល្អមិនត្រូវបញ្ចប់ត្រឹមថ្ងៃប្រកាសលទ្ធផលនោះទេ ប៉ុន្តែត្រូវបន្តអនុវត្ត និងផ្ទេរអ្នកទទួលខុសត្រូវបន្ត ដើម្បីធានានិរន្តរភាព។
9. ផ្តោតលើផលជះពិតប្រាកដ៖ ការចូលរួមមិនមែនដើម្បីតែបណ្ណសញ្ញា ឬវិញ្ញាបនបត្រនោះទេ គឺដើម្បីត្រឡប់ទៅដោះស្រាយបញ្ហាពិតប្រាកដនៅក្នុងសាលារៀន និងសហគមន៍។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក MoEYS Cambodia
ជាលទ្ធផលនៃការវាយតម្លៃយ៉ាងស្ទាត់ជំនាញពីគណៈកម្មការ គម្រោងឆ្នើមទាំង ៣ ដែលទទួលបានបណ្ណសញ្ញាកង «ទូតសន្តិភាព» និងកន្សែងអ្នកនាំសារសន្តិភាព រួមមាន៖ ទី១. កងឯកភាពវិទ្យាល័យ សម្ដេច ជា ស៊ីម អំពិល មកពីខេត្តស្វាយរៀង, កងឯកភាពវិទ្យាល័យ រមាសហែក មកពីខេត្តស្វាយរៀង និង កងឯកភាពវិទ្យាល័យ ហ៊ុន សែន សេរីភាព មកពីខេត្តកណ្ដាល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3