International
• 6 hours ago• Lim_Rothanaksambath
ឡាវ បើកប្រតិបត្តិការបង្ក្រាបជម្រកឆបោកតាមអនឡាញនៅវៀងចន្ទន៍ និងចំប៉ាសាក់ ចាប់ខ្លួនជនសង្ស័យជិត ១០០នាក់

ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ តាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ថ្មីៗនេះបានឱ្យដឹងថា ប្រទេសឡាវ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកជិត ១០០នាក់ ក្នុងប្រតិបត្តិការឆែកឆេរនៅទូទាំងប្រទេសកាលពីសប្តាហ៍មុន ខណៈដែលមនុស្ស ១២៩នាក់ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការមុននេះ ត្រូវបានប្រគល់ជូនអាជ្ញាធរថៃ។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋឡាវ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្ក្រាបចុងក្រោយបង្អស់កាលពីថ្ងៃទី១៨ ខែកញ្ញា អាជ្ញាធរខេត្តចំប៉ាសាក់ បានឃាត់ខ្លួនជនសង្ស័យឆបោកចំនួន ២៣នាក់ ក្នុងនោះមានជនជាតិចិន ២២នាក់ និងជនជាតិឡាវ ១នាក់។
កម្លាំងនគរបាលបានបើកប្រតិបត្តិការនេះឡើងនៅក្នុងភូមិហួសែ (Huasae) ស្រុកបាជាងចរើនសុខ (Bachiang Chaleunsouk) បន្ទាប់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានរាយការណ៍អំពីសកម្មភាពសង្ស័យពាក់ព័ន្ធនឹងបទល្មើសស៊ីប័រនៅផ្ទះជួលមួយកន្លែង។
សមត្ថកិច្ចបានដកហូតកុំព្យូទ័រតាំងតុចំនួន ៤៩គ្រឿង, ទូរស័ព្ទដៃ ២៣៧គ្រឿង, ក្បាលម៉ាស៊ីនកុំព្យូទ័រ (CPUs) ២៧គ្រឿង និងឧបករណ៍សម្រួលតង់ស្យុងអគ្គិសនីចំនួន ៧គ្រឿង។ សំណុំរឿងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
ប្រតិបត្តិការបង្ក្រាបនៅខេត្តចំប៉ាសាក់ គឺជាប្រតិបត្តិការចុងក្រោយបង្អស់នៅក្នុងយុទ្ធនាការជាបន្តបន្ទាប់ដែលតម្រង់ទិសដៅលើបណ្តាញបទល្មើសស៊ីប័រ និងល្បែងស៊ីសងអនឡាញនៅទូទាំងប្រទេសឡាវក្នុងខែនេះ។
កាលពីថ្ងៃទី២០ ខែកញ្ញា ប៉ូលិសបានប្រគល់ខ្លួនជនជាតិថៃចំនួន ១២៩នាក់ រួមទាំងស្ត្រី ៥៧នាក់ ជូនទៅអាជ្ញាធរថៃ នៅឯស្ពានមិត្តភាពឡាវ-ថៃ ទី១ ក្នុងរាជធានីវៀងចន្ទន៍។ ប៉ូលិសបានឃាត់ខ្លួនក្រុមនេះក្នុងអំឡុងពេលចុះឆែកឆេរកាលពីថ្ងៃទី២៨ ខែសីហា នៅសណ្ឋាគារ Mangrove និង Glory Apartment ក្នុងស្រុកជ័យសេដ្ឋា (Xaysettha)។
ពីរថ្ងៃមុននេះ គឺនៅថ្ងៃទី១៦ ខែកញ្ញា ប៉ូលិសបានឃាត់ខ្លួនជនបរទេសសង្ស័យចំនួន ៤១នាក់ រួមមានជនជាតិថៃ ៤០នាក់ និងជនជាតិចិន ១នាក់ ក្នុងអំឡុងពេលចុះឆែកឆេរសណ្ឋាគារចំនួន ៤ ក្នុងរាជធានីវៀងចន្ទន៍ រួមមាន៖ Eastin, La Sen, Inthad និង Minta។ មន្ត្រីនគរបាលបានដកហូតទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតជាច្រើនគ្រឿង រួចបាននាំខ្លួនជនសង្ស័យទៅសាកសួរ។
កាលពីដើមខែនេះ ប៉ូលិសក៏បានចាប់ខ្លួនមនុស្ស ១៣នាក់ផងដែរ ក្នុងប្រតិបត្តិការឆែកឆេរផ្ទះជួលចំនួនពីរ កាលពីថ្ងៃទី១២ ខែកញ្ញា ដោយដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនសង្ស័យចំនួន ១.៤៩៤គ្រាប់។ ប្រតិបត្តិការឆែកឆេរកាលពីថ្ងៃទី៦ ខែកញ្ញា នៅសណ្ឋាគារ Yuzhou Smart Hotel បានឈានទៅដល់ការចាប់ខ្លួនមនុស្ស ៤៣នាក់ ខណៈដែលប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងកាលពីថ្ងៃទី៥ ខែកញ្ញា បាននាំទៅដល់ការចាប់ខ្លួនមនុស្ស ២នាក់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
