National

3 hours agoLim_Rothanaksambath

កម្ពុជា និងចក្រភពអង់គ្លេស រួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មបោកតាមអនឡាញ ខណៈរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង

កម្ពុជា និងចក្រភពអង់គ្លេស រួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មបោកតាមអនឡាញ ខណៈរដ្ឋមន្ត្រីមហាផ្ទៃអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូង
ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងស្មារតីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃចក្រភពអង់គ្លេស (UK Home Office Minister) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិ និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មី ក្នុងគោលបំណងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការក្លែងបន្លំផ្សេងៗ។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក Lord Hanson នឹងតំណាងឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស ចូលរួមជាមួយតំណាងភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិនានា នៅក្នុង «សន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងដោយប្រទេសកម្ពុជា។

ជាមួយគ្នានេះ ភាគីទាំងពីរ កម្ពុជា-ចក្រភពអង់គ្លេស នឹងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មី រវាងប្រទេសទាំងពីរ ដែលជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ ដើម្បីឆ្លើយតប និងទប់ស្កាត់ការគំរាមកំហែងពីបទល្មើសឆបោកតាមអនឡាញ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅលើសកលលោក។

ក្រៅពីការចូលរួមសន្និសីទ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី លោករដ្ឋមន្ត្រី Lord Hanson ក៏មានកាលវិភាគជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN Agencies) និងក្រុមអ្នកសារព័ត៌មានផងដែរ។ ជំនួបនេះធ្វើឡើងដើម្បីផ្លាស់ប្ដូរព័ត៌មាន ស្វែងយល់បន្ថែមអំពីការវិវត្តនៃស្ថានការណ៍ជាក់ស្ដែង ប្រភពដើម និងផលប៉ះពាល់នៃឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍។

ពាក់ព័ន្ធនឹងបេសកកម្មនេះ ភាគីអង់គ្លេសបានសង្កត់ធ្ងន់លើគោលជំហររួមថា បណ្ដាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា។

ជាមួយគ្នានោះ ភាគីអង់គ្លេសបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះតួនាទី និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រមូលផ្ដុំកម្លាំងដៃគូអន្តរជាតិ ដើម្បីរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប្រភេទបទល្មើសមួយក្នុងចំណោមបទល្មើសដែលលូតលាស់លឿនបំផុតនៅលើពិភពលោក។

តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងចក្រភពអង់គ្លេស និងកម្ពុជា ភាគីទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងអាចរួមគ្នារំខានដល់ខ្សែសង្វាក់ប្រតិបត្តិការ បង្ក្រាបបណ្ដាញឧក្រិដ្ឋជនឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ការពារប្រជាពលរដ្ឋស្លូតត្រង់ និងក្រុមងាយរងគ្រោះពីការចាញ់បោក ព្រមទាំងរួមចំណែកពង្រឹងយន្តការអន្តរជាតិក្នុងការការពារសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធឌីជីថលទាំងមូល៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក British Embassy in Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក British Embassy in Cambodia