National

2 hours agoLim_Rothanaksambath

គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងបណ្តាញព័ត៌មានឌីជីថលរដ្ឋ និងទំនុកចិត្តសាធារណជន

គេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ត្រូវសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីពង្រឹងបណ្តាញព័ត៌មានឌីជីថលរដ្ឋ និងទំនុកចិត្តសាធារណជន
ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងព័ត៌មាន សហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «គេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥» នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងសមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុជាច្រើនរូប។

ការរៀបចំប្រព័ន្ធគេហទំព័ររួមនេះ ធ្វើឡើងក្នុងគោលដៅជំរុញ បរិវត្តកម្មឌីជីថល (Digital Transformation) និងធ្វើទំនើបកម្មវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ដើម្បីចូលរួមសាងសង់ «រដ្ឋាភិបាលឌីជីថល» ដ៏រឹងមាំ និងឆ្លើយតបទៅនឹងសេដ្ឋកិច្ច និងសង្គមឌីជីថល។

គំនិតផ្ដួចផ្ដើមនេះ បានបំប្លែងការផ្សព្វផ្សាយពីទម្រង់ប្រពៃណី ទៅជា «ការផ្សព្វផ្សាយមាតិកាតាមថ្នាលពហុប្រព័ន្ធ» (Content Distribution Across Multi-Systems Platform)។ គេហទំព័រទាំង២៥ នឹងក្លាយជាច្រកចេញ-ចូលព័ត៌មានឌីជីថលផ្លូវការ (Digital Gateway) សម្រាប់បង្ហាញសកម្មភាព សមិទ្ធផល និងព្រឹត្តិការណ៍សំខាន់ៗនៅតាមមូលដ្ឋាន ដោយភ្ជាប់ទំនាក់ទំនងរវាងអាជ្ញាធររាជធានី-ខេត្ត និងសាធារណជនឱ្យកាន់តែជិតស្និទ្ធ ឆាប់រហ័ស និងមានប្រសិទ្ធភាព។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា «ការសម្ពោធគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ នៅថ្ងៃនេះ មិនមែនជាចំណុចបញ្ចប់ទេ វាគឺជាការចាប់ផ្តើមដំណើរថ្មីនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការតាមប្រព័ន្ធឌីជីថល... យើងត្រូវឱ្យប្រជាពលរដ្ឋដឹងថា នៅពេលពួកគាត់ចង់ស្វែងរកព័ត៌មានផ្លូវការ ពួកគាត់មានប្រភពដែលអាចពឹងផ្អែកបាន។ នេះជាការកសាងទំនុកចិត្តរបស់សាធារណជនចំពោះប្រព័ន្ធព័ត៌មានរបស់រដ្ឋ»។

ឯកឧត្តម បានបន្ថែមទៀតថា ត្រូវធ្វើបរិវត្តកម្មទាំងបច្ចេកវិទ្យា និងរបៀបគិត របៀបធ្វើការ ដើម្បីឱ្យគេហទំព័រនីមួយៗផ្តល់តម្លៃ និងប្រយោជន៍ពិតប្រាកដដល់ប្រជាពលរដ្ឋ។

Inline image
ជាមួយគ្នានោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា «ថ្នាលគ្រប់គ្រងមាតិកាព័ត៌មាន (Content Management Platform - CMP) ដែលយើងកំពុងប្រើប្រាស់ដើម្បីដាក់ដំណើរប្រព័ន្ធគេហទំព័ររបស់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ កំពុងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថល (Digital Public Infrastructure) ថ្មីមួយទៀត និងជាឃ្នាស់សម្រាប់ជំរុញការដាក់ដំណើរការប្រព័ន្ធគេហទំព័រនៃស្ថាប័នរាជរដ្ឋាភិបាលផ្សេងៗទៀតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលធានាបាននូវអធិបតេយ្យភាពឌីជីថល សន្តិសុខប្រព័ន្ធ និងចីរភាព»។

គេហទំព័រផ្លូវការទាំង២៥ ត្រូវ បានអភិវឌ្ឍឡើងលើ ថ្នាលគ្រប់គ្រងមាតិកាព័ត៌មានរួម (CMP) ដែលមានស្តង់ដារបច្ចេកទេសខ្ពស់ រួមមាន៖

1. សមត្ថភាពគ្រប់គ្រង៖ គាំទ្រការគ្រប់គ្រងគេហទំព័រច្រើនក្នុងបណ្តាញតែមួយ (Multi-site Management) និងអាចតភ្ជាប់ទិន្នន័យ (API Integration) ជាមួយប្រព័ន្ធផ្សេងៗ។
2. សុវត្ថិភាពប្រព័ន្ធ៖ បំពាក់មុខងារផ្ទៀងផ្ទាត់ពីរជំហាន (Two-Factor Authentication - 2FA) ការកំណត់សិទ្ធិអ្នកប្រើប្រាស់ (Access Control) និងការកត់ត្រាប្រតិបត្តិការ (Audit Logs) ដើម្បីការពារហានិភ័យសន្តិសុខស៊ីប័រ។
3. អត្តសញ្ញាណឌីជីថលរួម (Unified Digital Identity)៖ ប្រើប្រាស់អនុដែនជាតិ .info.gov.kh។ សាធារណជនអាចចូលទស្សនាគេហទំព័រផ្លូវការតាមខេត្តនីមួយៗតាមទម្រង់អាសយដ្ឋាន https://www.[ឈ្មោះខេត្ត].info.gov.kh

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន - Ministry of Information និង Neth Pheaktraប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន - Ministry of Information និង Neth Pheaktra
ដើម្បីធានាថាគេហទំព័រទាំងនេះដំណើរការបានរលូន និងមិនក្លាយជា «វេទិកាដែលមានតែព័ត៌មានចាស់ៗ» ក្រសួងព័ត៌មាន បានណែនាំឱ្យមន្ទីរព័ត៌មាននីមួយៗចាត់តាំងមន្ត្រីទទួលបន្ទុកច្បាស់លាស់។ រាល់ព័ត៌មានទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រភព ភាពត្រឹមត្រូវ អក្ខរាវិរុទ្ធ ចំណងជើង និងរូបភាព ដោយគោរពតាមស្តង់ដារវិជ្ជាជីវៈសារព័ត៌មានយ៉ាងម៉ឺងម៉ាត់។ ចំណែកឯ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានផ្តល់ជូន កុំព្យូទ័រចំនួន ៥០គ្រឿង ក្នុង១មន្ទីរទទួលបាន ២គ្រឿង ដល់មន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ ដើម្បីដោះស្រាយកង្វះខាតឧបករណ៍ និងលើកកម្ពស់ប្រសិទ្ធភាពការងារផលិតមាតិកាឌីជីថល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3