National

2 hours agoLim_Rothanaksambath

ក្រសួងសុខាភិបាល ដាក់ចេញយុទ្ធសាស្ត្រ ៤ បង្កើនគុណភាព និងសុវត្ថិភាពសេវាថែទាំមាតា និងទារក ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦

ក្រសួងសុខាភិបាល ដាក់ចេញយុទ្ធសាស្ត្រ ៤ បង្កើនគុណភាព និងសុវត្ថិភាពសេវាថែទាំមាតា និងទារក ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល បានរៀបចំប្រារព្ធ «ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ឆ្នាំ២០២៦» (World Patient Safety Day 2026) ក្រោមប្រធានបទ «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង» កាលពីព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ស្តង់ដាសុវត្ថិភាពអ្នកជំងឺ និងកាត់បន្ថយកំហុសឆ្គងផ្នែកវេជ្ជសាស្ត្រនៅតាមមូលដ្ឋានសុខាភិបាល។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានការចូលរួមពីមន្ត្រីសុខាភិបាល បុគ្គលិកពេទ្យ អ្នកជំងឺ និងតំណាងមន្ទីរសុខាភិបាលខេត្តសរុបជាង ៤០០ នាក់។

ទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺនាឆ្នាំនេះ ការរៀបចំក្នុងបំណង អបអរសាទរទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ដោយចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការបដិសេធនូវហានិភ័យ និងគ្រោះថ្នាក់ដែលអាចបង្កឡើងដល់អ្នកជំងឺក្នុងអំឡុងពេលទទួលសេវាព្យាបាល។ បញ្ជ្រាបចំណេះដឹង និងស្តង់ដាសុវត្ថិភាពអ្នកជំងឺដល់បុគ្គលិក និងមន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់, ជំរុញការអនុវត្តវិធានការប្រុងប្រយ័ត្នដើម្បីកាត់បន្ថយកំហុសឆ្គងក្នុងការប្រើប្រាស់ឱសថ ការវះកាត់ និងការឆ្លងរោគនៅក្នុងមន្ទីរពេទ្យ និងលើកកម្ពស់ការចូលរួមរបស់អ្នកជំងឺ និងគ្រួសារក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការថែទាំសុខភាពរបស់ពួកគេ។

នៅក្នុងឱកាសនោះ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ បានគូសបញ្ជាក់ថា សុវត្ថិភាពរបស់អ្នកជំងឺកើតចេញពីភាពប្រុងប្រយ័ត្ន ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តត្រឹមត្រូវរបស់គ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មប។ លោកជំទាវបានដាក់ចេញនូវ យុទ្ធសាស្ត្រគន្លឹះចំនួន ៤ ដើម្បីពង្រឹងគុណភាពសេវា៖

1. ពង្រឹងការអនុវត្ត Color Coding៖ ប្រើប្រាស់ប្រព័ន្ធសម្គាល់ពណ៌ (Color Coding) ជាឧបករណ៍វាយតម្លៃស្ថានភាពសុខភាពស្ត្រីផ្ទៃពោះ និងប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យបានរហ័ស ជៀសវាងភាពយឺតយ៉ាវ។
2. ប្រែក្លាយប្រព័ន្ធ MPDSR ឱ្យមានតម្លាភាព៖ ប្រើប្រាស់ប្រព័ន្ធតាមដាន និងឆ្លើយតបមរណភាពមាតា និងទារក (MPDSR) ជាឧបករណ៍វាយតម្លៃប្រកបដោយតម្លាភាព ដើម្បីរកឱ្យឃើញចន្លោះប្រហោង ធ្វើផែនការឆ្លើយតប និងទទួលខុសត្រូវក្នុងការកែលម្អទាន់ពេលវេលា។
3. កសាងទំនុកចិត្ត និងបង្កើនការចូលរួម៖ ផ្តល់តម្លៃដល់សំឡេងរបស់អ្នកជំងឺ និងគ្រួសារ ដើម្បីកសាងទំនុកចិត្តឱ្យស្ត្រីមកទទួលការថែទាំផ្ទៃពោះបានទៀងទាត់ និងគោរពសិទ្ធិអ្នកជំងឺ។
4. ធានាការត្រៀមលក្ខណៈជាស្រេច៖ រៀបចំឧបករណ៍ បរិក្ខារ ឱសថ ពិធីសារជាតិ និងប្រព័ន្ធបញ្ជូនឱ្យបានរួចរាល់ជានិច្ច។
បន្ថែមពីនេះ លោកជំទាវរដ្ឋលេខាធិការក៏បានរំលេចអំពី ឧបករណ៍វាយតម្លៃ Light Assessment Tool (L.A.T.) ដែលជាឧបករណ៍វាយតម្លៃផ្ទាល់នៅតាមមូលដ្ឋានសុខាភិបាល លើផ្នែកធនធានមនុស្ស ឧបករណ៍ ឱសថ និងបរិក្ខារ ដើម្បីឱ្យថ្នាក់ដឹកនាំដឹងពីតម្រូវការជាក់ស្តែង និងឆ្លើយតបបានទាន់ពេលវេលា។

សូមជម្រាបថា កម្មវិធីនេះមានការចូលរួមផ្ទាល់ចំនួន ១០៨ នាក់ រួមមាន៖ គណៈកម្មការមន្ទីរពេទ្យលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ, តំណាងការិយាល័យបច្ចេកទេស រដ្ឋបាល និងហិរញ្ញវត្ថុ, ប្រធាន-អនុប្រធានផ្នែកព្យាបាល និងថែទាំ, ព្រមទាំងអ្នកជំងឺ និងអ្នកកំដរ។ ជាមួយគ្នានេះ ក៏មានការចូលរួមតាមប្រព័ន្ធវីដេអូនីម្មិត (Online) ចំនួន ៣១៤ រូប បន្ថែមទៀត ដែលជាប្រធាន និងអនុប្រធានមន្ទីរសុខាភិបាល មកពីខេត្តសម្ព័ន្ធមេត្រីចំនួន៣ គឺខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តស្វាយរៀង៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា