National

1 hour agoLim_Rothanaksambath

ក្រសួងអប់រំ នឹងរៀបចំព្រឹត្តិការណ៍ធំ ២ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

ក្រសួងអប់រំ នឹងរៀបចំព្រឹត្តិការណ៍ធំ ២ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ
ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានអញ្ជើញជាអធិបតីភាពដឹកនាំ «កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០» កាលពីរលៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាតំណាង និងជាសមាជិក សមាជិកាអនុគណៈកម្មការទាំងអស់មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនានា រួមទាំងលោក សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាល ខេត្តសៀមរាប ផងដែរ។
នៅក្នុងអង្គប្រជុំ តំណាងអនុគណៈកម្មការនីមួយៗបានធ្វើរបាយការណ៍លម្អិតជូនប្រធានអង្គប្រជុំ អំពីវឌ្ឍនភាពការងារដែលបានអនុវត្តកន្លងមក កិច្ចការដែលបានរៀបចំរួចរាល់ និងផែនការសកម្មភាពបន្ត ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព សុវត្ថិភាព និងភាពជោគជ័យពេញលេញ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ក្នុងក្របខណ្ឌនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលនេះ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីផែនការរៀបចំកម្មវិធីធំៗចំនួន ២ ដើម្បីអបអរសាទរ និងបង្ហាញពីសមិទ្ធផលអប់រំភាសាបារាំងនៅកម្ពុជា រួមមាន៖
១. វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Cycle Scientifique Francophone d'Asie-Pacifique - CSFAP)៖ កម្មវិធីនេះនឹងត្រូវរៀបចំឡើងរយៈពេល ៣ថ្ងៃ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ ទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងដៃគូពាក់ព័ន្ធ។ កម្មវិធីសំខាន់ៗទាំង ៣ ដែលនឹងរៀបចំចំណុះក្រោមកម្មវិធី វដ្ដវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនតំបន់អាស៊ី-ប៉ាស៊ីហ្វិ រួមមាន៖ មហាសន្និបាតឧត្តមសិក្សា និងការស្រាវជ្រាវ, កិច្ចប្រជុំបណ្តាញសាកលវិទ្យាធិការ (C2R) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងសន្និសីទវិទ្យាសាស្ត្រ និងកម្មវិធីអមផ្សេងៗទៀត។
២. ស្តង់ពិព័រណ៍ក្នុងព្រឹត្តិការណ៍អម «ភូមិហ្វ្រង់កូហ្វូន» (Village Francophone)៖ ក្រសួងអប់រំនឹងរៀបចំស្តង់ពិព័រណ៍ ដើម្បីដាក់បង្ហាញសមិទ្ធផលសំខាន់ៗនៃកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ក្នុងការលើកកម្ពស់គុណភាពអប់រំភាសាបារាំងនៅកម្រិតមធ្យមសិក្សាចំណេះទូទៅ និងកម្រិតឧត្តមសិក្សា។ ការតាំងពិព័រណ៍នេះនឹងអនុញ្ញាតឱ្យសាធារណជន សិស្ស-និស្សិត និងភ្ញៀវជាតិ-អន្តរជាតិ បានយល់ដឹងកាន់តែច្បាស់ពីតម្លៃ សក្តានុពល និងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងលើពិភពលោក។

គួរជម្រាបផងដែរថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2