National

1 hour agoLim_Rothanaksambath

កម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ស៊ីជម្រៅ ក្នុងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និង «ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦»

កម្ពុជា និងឡាវ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ស៊ីជម្រៅ ក្នុងខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត និង «ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦»
ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា សហការជាមួយស្ថានទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា បានរៀបចំព្រឹត្តិការណ៍ «ទិវាវប្បធម៌ឡាវនៅកម្ពុជាឆ្នាំ២០២៦» យ៉ាងមហោឡារិក នាល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍វប្បធម៌ជាប្រវត្តិសាស្ត្រនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និង ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងសិល្បករ-សិល្បការិនីយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសិល្បករឡាវ ដែលដឹកនាំដោយ ឯកឧត្តម Khamphou Phiasackkha អគ្គនាយកផែនការ និងសហប្រតិបត្តិការអន្តរជាតិនៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ ដែលបានអញ្ជើញមកសម្តែងសិល្បៈដ៏ប៉ិនប្រសប់ និងមានអត្ថន័យជ្រាលជ្រៅនារាត្រីនេះ។

លោកជំទាវបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជា និងឡាវ គឺជាប្រទេសភូមិផងរបងជាមួយដែលមានប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីភ្ជាប់ប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ។

លោកជំទាវបានមានប្រសាសន៍បន្ថែមថា «កម្ពុជា និងឡាវ បានភ្ជាប់ទំនាក់ទំនងចំណងមិត្តភាពជាមួយគ្នាជាប្រវត្តិសាស្ត្រ និងយ៉ាងជិតស្និទ្ធជាយូរអង្វែងមកហើយ ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីដ៏ពិសេស និងភាពជាដៃគូយុទ្ធសាស្ត្រប្រកបដោយទំនុកចិត្តខ្ពស់បំផុត។ ការសម្តែងសិល្បៈនាពេលនេះ ជាវេទិកាដែលបង្ហាញពីការផ្លាស់ប្តូរវប្បធម៌រវាងគ្នាទៅវិញទៅមក ដែលនេះជាសក្ខីភាពនៃការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌យ៉ាងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ»។

បន្ថែមលើនេះ លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវបន្ថែមទៀត ជាពិសេសលើការជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងសិល្បករលើវិស័យសិល្បៈវប្បធម៌ ការបង្កើនកិច្ចសហការស្រាវជ្រាវរួមគ្នាលើបេតិកភណ្ឌ និងប្រវត្តិសាស្ត្រ និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗក្នុងវិស័យវប្បធម៌ និងការអភិរក្ស ផងដែរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: