National

1 hour agoLim_Rothanaksambath

សម្ដេចធិបតី៖ កម្ពុជា ប្ដេជ្ញាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគោរពអធិបតេយ្យភាព

សម្ដេចធិបតី៖ កម្ពុជា ប្ដេជ្ញាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដោយគោរពអធិបតេយ្យភាព
ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពបើក «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» (ICCOS-2026) នៅក្នុងរាជធានីភ្នំពេញ ដោយបានគូសបញ្ជាក់យ៉ាងច្បាស់ថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) គឺជា «បាតុភូតថ្មី» ដែលបានកើតឡើងយ៉ាងគំហុកនៅក្រោយវិបត្តិកូវីដ-១៩ ហើយសកម្មភាពឧក្រិដ្ឋកម្មនេះ បានផ្ទុយស្រឡះពីវប្បធម៌ និងបរិយាកាសនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតមិនបណ្តោយឱ្យបទល្មើសឆបោកតាមអ៊ីនធឺណិតមកវាយប្រហារ ឬបំផ្លាញសមិទ្ធផល កិត្តិយស និងកិត្យានុភាពរបស់ជាតិបានឡើយ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (CCOS) ដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រីផ្ទាល់។

តាមរយៈប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុក ឬ ប្រតិបត្តិការកណ្ដាប់ដែក អាជ្ញាធរមានសមត្ថកិច្ចបានបំបែក និងបោសសម្អាតទីតាំងឆបោកធំៗជាច្រើនកន្លែង។ ទោះជាយ៉ាងណា ប្រមុខរាជរដ្ឋាភិបាលបានទទួលស្គាល់ថា នៅមានសេសសល់ទីតាំងតូចៗមួយចំនួន ដែលតម្រូវឱ្យកម្លាំងអនុវត្តច្បាប់បន្តកម្ទេចឱ្យដល់ឬសគល់បន្ថែមទៀត។

ប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងព័ត៌មានប្រភព និងរូបភាព៖ គេហទំព័រ ក្រសួងព័ត៌មាន
ដើម្បីធានាបាននូវប្រសិទ្ធភាពជារយៈពេលយូរអង្វែង រាជរដ្ឋាភិបាលកម្ពុជាកំពុងកសាង និងអនុវត្តច្បាប់ ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់នូវ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលច្បាប់នេះត្រូវប្រកាសឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមេសា ឆ្នាំ២០២៦ និងការធ្វើទំនើបកម្មយន្តការ និងធនធានមនុស្ស ដោយអភិវឌ្ឍសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ដើម្បីឆ្លើយតបឱ្យទាន់សភាពការណ៍នៃការប្រែប្រួលយ៉ាងឆាប់រហ័ស និងភាពស្មុគស្មាញនៃឧក្រិដ្ឋកម្មឌីជីថល។

សម្ដេចធិបតី បានឱ្យដឹងទៀតថា ដោយសារបទល្មើសនេះមានខ្សែបណ្ដាញជាសកល (Transnational Crime) «កិច្ចសហប្រតិបត្តិការជាសកល គឺជាគន្លឹះសំខាន់តែមួយគត់» ក្នុងការកាត់ផ្តាច់ឫសគល់ឧក្រិដ្ឋជន។ កម្ពុជាស្វាគមន៍កិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ បើកចំហ និងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ ឬបទពិសោធន៍។

ទន្ទឹមនឹងនេះ សម្ដេចបានផ្ញើសារព្រមានច្បាស់ៗថា ការយកលេសបង្ក្រាបបទល្មើសឆបោក ដើម្បីមកបំពានសមត្ថកិច្ចអធិបតេយ្យ ឬឈ្លានពានកាន់កាប់ទឹកដីនៃរដ្ឋមួយទៀត គឺជាការអនុវត្តផ្ទុយស្រឡះពីច្បាប់អន្តរជាតិ និងសច្ចធម៌នៃកិច្ចសហប្រតិបត្តិការ។

សន្និសីទអន្តរជាតិដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃនេះ មានគោលដៅយុទ្ធសាស្ត្រចំនួន៣ គឺសិក្សាអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកឌីជីថល, ជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិ និងបង្កើតក្របខ័ណ្ឌសកម្មភាពរួមគ្នាក្នុងការទប់ស្កាត់ ការពារជនរងគ្រោះ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3