National

• 2 hours ago• Lim_Rothanaksambath

«សេចក្តីប្រកាសទីក្រុងភ្នំពេញ» កំណត់ទិសដៅ ១១ ចំណុច ឆ្ពោះទៅលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីឧក្រិដ្ឋកម្ម

«សេចក្តីប្រកាសទីក្រុងភ្នំពេញ» កំណត់ទិសដៅ ១១ ចំណុច ឆ្ពោះទៅលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីឧក្រិដ្ឋកម្ម


ភ្នំពេញ, ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦៖ តំណាងរដ្ឋាភិបាលមកពីប្រទេសចំនួន ២១ ជុំវិញពិភពលោក រួមជាមួយស្ថាប័នអនុវត្តច្បាប់ និងអង្គការអន្តរជាតិសំខាន់ៗ បានរួមគ្នាចេញ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» (Phnom Penh Declaration) ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បកាត់ផ្តាច់ច្រវាក់ និងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។

អង្គសន្និសីទបានទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាទម្រង់ឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមឧក្រិដ្ឋជនបានកេងចំណេញលើស្ថាប័នហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ តាមរយៈការប្រើប្រាស់ទ្រព្យសកម្មនិម្មិត (Virtual Assets) ដើម្បីលាក់បាំង និងសម្អាតផលនៃបទល្មើស។

ការជួញដូរមនុស្ស គឺការបង្ខិតបង្ខំជនរងគ្រោះឱ្យប្រព្រឹត្តឧក្រិដ្ឋកម្ម។ ការបង្វែរបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលទៅប្រើប្រាស់ខុសគោលដៅ ដែលគំរាមកំហែងដល់សន្តិសុខ និងសេដ្ឋកិច្ចសកល។ ការផ្លាស់ប្តូរទីតាំងភូមិសាស្ត្រ ដោយមជ្ឈមណ្ឌលឆបោកតែងតែប្តូរទីតាំងដើម្បីគេចពីសម្ពាធច្បាប់ ដែលទាមទារឱ្យមានប្រព័ន្ធព្រមានមុន (Early Warning) និងការចែករំលែកព័ត៌មានស៊ើបការណ៍ទាន់ពេលវេលា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង  
រូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokhaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង រូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokha
ដើម្បីលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីឧក្រិដ្ឋកម្មទាំងមូល សេចក្តីប្រកាសទីក្រុងភ្នំពេញបានកំណត់នូវទិសដៅសកម្មភាពសំខាន់ៗចំនួន ១១ ចំណុច៖

1. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ កំណត់មន្ត្រីបង្គោលជាតិ (National Focal Point) ដែលដំណើរការ ២៤ម៉ោង/៧ថ្ងៃ ឆ្លើយតបឆ្លងដែន និងពង្រឹងការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់។
2. កាត់ផ្តាច់ច្រវាក់ និងលុបបំបាត់ប្រព័ន្ធអេកូឡូស៊ីឆបោក៖ ដាក់ទណ្ឌកម្ម និងរារាំងបុគ្គលពាក់ព័ន្ធទាំងអស់ រួមទាំងអ្នករៀបចំ អ្នកជ្រើសរើស មេខ្យល់ គណនីឈរឈ្មោះ (Money Mules) និងអ្នកផ្តល់ជំនួយបច្ចេកទេស។
3. បង្កក និងប្រមូលទ្រព្យសម្បត្តិមកវិញ៖ បង្កើនសមត្ថភាពក្នុងការតាមដាន បង្កក និងរឹបអូសផលនៃបទល្មើស និងឧបករណ៍ប្រព្រឹត្តបទល្មើស។
4. ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា៖ ប្រើប្រាស់ឧបករណ៍វិភាគទិន្នន័យហិរញ្ញវត្ថុ និងកោសលវិច័យឌីជីថល ព្រមទាំងទប់ស្កាត់ការយកបច្ចេកវិទ្យា AI, Deepfake, ស៊ីមកាត និងប្រព័ន្ធផ្កាយរណបទៅប្រើក្នុងផ្លូវខុស។
5. ពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ៖ អនុវត្តវិធានការផ្អែកលើហានិភ័យលើស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្តល់សេវាទ្រព្យសកម្មនិម្មិត។
6. កសាងសមត្ថភាព និងជំនាញ៖ បណ្តុះបណ្តាលរួមគ្នារវាងមន្ត្រីអនុវត្តច្បាប់ ព្រះរាជអាជ្ញា ចៅក្រម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុ។
7. ពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)៖ កិច្ចសហការជាមួយក្រុមហ៊ុនទូរគមនាគមន៍ អ្នកផ្តល់សេវាអ៊ីនធឺណិត និងវេទិកាបច្ចេកវិទ្យា ដើម្បីបិទគណនី និងខ្លឹមសារឆបោក។
8. គាំទ្រ និងការពារជនរងគ្រោះ៖ ពង្រឹងយន្តការជួយសង្គ្រោះ ការពារ និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។
9. អនុវត្តគោលការណ៍មិនផ្តន្ទាទោសជនរងគ្រោះ៖ ធានាថាជនរងគ្រោះនៃការជួញដូរមនុស្សដែលត្រូវបានបង្ខំឱ្យប្រព្រឹត្តបទល្មើស មិនត្រូវបានដាក់ទោសទណ្ឌឡើយ (លើកលែងតែករណីស្ម័គ្រចិត្តត្រឡប់ទៅធ្វើសកម្មភាពឆបោកវិញ)។
10. ទប់ស្កាត់តាមរយៈការអប់រំ និងការយល់ដឹង៖ លើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងហិរញ្ញវត្ថុ ព្រមទាំងផ្តល់ព័ត៌មានច្បាស់លាស់អំពីការបោកបញ្ឆោតលើការផ្តល់ការងារ។
11. លុបបំបាត់ទីតាំង និងហេដ្ឋារចនាសម្ព័ន្ធឆបោក៖ ចាត់វិធានការផ្លូវច្បាប់ម៉ឺងម៉ាត់ដើម្បីបិទទីតាំង និងហេដ្ឋារចនាសម្ព័ន្ធឆបោកជាអចិន្ត្រៃយ៍។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង  
រូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokhaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង រូបភាព៖ ទំព័រហ្វេសប៊ុក Sar Sokha
សេចក្តីប្រកាសទីក្រុងភ្នំពេញនេះ មានលក្ខណៈ ស្ម័គ្រចិត្ត និងពុំចងកាតព្វកិច្ចផ្លូវច្បាប់ ឡើយ ដោយការអនុវត្តនឹងត្រូវធ្វើឡើងស្របតាមច្បាប់ជាតិ និងលិខិតូបករណ៍គតិយុត្តអន្តរជាតិ នៃដែនសមត្ថកិច្ចរៀងៗខ្លួន រួមទាំងការគោរពសិទ្ធិមនុស្ស និងការការពារឯកជនភាពទិន្នន័យផ្ទាល់ខ្លួន៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3