National

• 1 hour ago• Lim_Rothanaksambath

ប្រមុខក្រសួងការពារជាតិ ជំរុញយុវជនឱ្យបំពេញកាតព្វកិច្ចយោធា ដើម្បីកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ

ប្រមុខក្រសួងការពារជាតិ ជំរុញយុវជនឱ្យបំពេញកាតព្វកិច្ចយោធា ដើម្បីកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ
ភ្នំពេញ, ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមដំណើរការអនុវត្ត «ច្បាប់ស្តីពីកាតព្វកិច្ចយោធា» នាពេលឆាប់ៗខាងមុខនេះ។ នេះជាការបញ្ជាក់ជាផ្លូវការដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះជាលើកដំបូង ដោយមានគោលដៅយុទ្ធសាស្ត្រសំខាន់ក្នុងការ «កសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព គុណភាព និងវិន័យខ្ពស់» ដែលជាតម្រូវការចាំបាច់ និងជាអាទិភាពរបស់ជាតិក្នុងបរិបទបច្ចុប្បន្ន។

ថ្លែងនៅថ្ងៃទី ២៧ ខែកញ្ញា ដដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានមានប្រសាសន៍ថា «ក្នុងនាមក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ខ្ញុំសូមជម្រាបជូនបងប្អូន យុវជនថា ព្រះរាជាណាចក្រកម្ពុជានឹងចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ។ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង គឺសំដៅកសាងកម្លាំងការពារជាតិឱ្យកាន់តែ មានសមត្ថភាព និងវិន័យដែលជាតម្រូវការរបស់ជាតិ»។

តាមការណែនាំផ្លូវការពីគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវត្រៀមខ្លួន និងស្វែងយល់អំពីព័ត៌មានពាក់ព័ន្ធ ដើម្បីចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

ក្នុងនោះ ពាក្យនឹងចាប់ចែកពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦ ហើយ ទទួលពាក្យមកវិញចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង១១:៣០នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង១៧:០០នាទី ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ នៅគណៈកម្មាធិការកាតព្វកិច្ចយោធា ក្រុង ស្រុក ខណ្ឌ ដែលជាទីលំនៅរបស់បងប្អូនផ្ទាល់ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ខណ្ឌ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក  
Samdech Thipadei Hun Manet, Prime Minister of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia
ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លងមកបង្ហាញដល់មន្ត្រីជំនាញនៅពេលមកទទួលពាក្យ និងដាក់ពាក្យ រួមមាន៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ, សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ សង្កាត់។

ក្រសួងការពារជាតិ លើកទឹកចិត្តឱ្យយុវជន «ត្រៀមខ្លួនឱ្យបានល្អ ស្វែងយល់ឱ្យបានច្បាស់ ចូលរួមអនុវត្តកាតព្វកិច្ចដោយស្មារតីស្នេហាជាតិ»។ ហេតុដូច្នេះ សូមយុវជន និងប្រជាពលរដ្ឋតាមដានព័ត៌មាន សេចក្តីជូនដំណឹង និងការណែនាំផ្លូវការ ដើម្បទទួលបានព័ត៌មានត្រឹមត្រូវអំពីកាលវិភាគ ការចែកពាក្យ ការដាក់ពាក្យ ដំណើរការជ្រើសរើស និងនីតិវិធីនៃការអនុវត្ត។

ដើម្បីធានាតម្លាភាព និងផ្តល់ព័ត៌មានផ្លូវការដែលច្បាស់លាស់ ងាយស្រួលស្វែងយល់ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានប្រកាសដាក់ឱ្យដំណើរការផ្លូវការនូវបណ្តាញសង្គម «កាតព្វកិច្ចយោធា-ក.ក.យ» ចាប់ពីពេលនេះតទៅ។ បណ្តាញសង្គមទាំងនេះ នឹងធ្វើជាមធ្យោបាយផ្លូវការក្នុងការផ្សព្វផ្សាយសេចក្តីជូនដំណឹង ការពន្យល់អំពីនីតិវិធីច្បាប់ និងព័ត៌មានបច្ចុប្បន្នភាពថ្មីៗជូនសាធារណជន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2