National
• 1 hour ago• Lim_Rothanaksambath
ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-ព្រះវិហារ ចុះវាយតម្លៃការងារអភិរក្សនៅប្រាសាទកោះកេរ និងការងារសង្គ្រោះបន្ទាន់នៅប្រាសាទព្រះវិហារ

ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ គណៈប្រតិភូអ្នកជំនាញការអាដហុក (Ad-hoc Experts) នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ (អាយស៊ីស៊ី-ព្រះវិហារ / ICC-Preah Vihear) បានចុះបេសកកម្មពិនិត្យ និងវាយតម្លៃផ្ទាល់លើវឌ្ឍនភាពការងារអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ កាលពីថ្ងៃទី២៧ និងទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
តួយ៉ាង កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-ព្រះវិហារ បានចុះពិនិត្យស្ថានភាពបច្ចេកទេសនៃការងារអភិរក្សនៅតាមបណ្តាប្រាសាទសំខាន់ៗ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងឱកាសនោះ ក្រុមអ្នកជំនាញការអន្តរជាតិបានផ្តល់អនុសាសន៍សំខាន់ៗជូនដល់ក្រុមការងារបច្ចេកទេសរបស់អាជ្ញាធរជាតិព្រះវិហារ ស្តីពីកិច្ចការអភិរក្ស និងការរៀបចំវង់ទស្សនាទេសចរ នៅតាមទីតាំងដូចជា៖ ប្រាសាទខ្នារ, ប្រាសាទគោកគ្រង, ប្រាសាទក្រចាប់, ប្រាសាទបល្ល័ង្កត្បូង, ប្រាសាទក្រហម (ស្ថិតក្នុងបរិវេណប្រាសាទរួម) និង ប្រាសាទប្រាំ ។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិព្រះវិហារ National Authority for Preah Vihearការផ្តល់អនុសាសន៍នេះ ធ្វើឡើងក្នុងគោលបំណងធានាបាននូវនិរន្តរភាពនៃការអភិរក្សសំណង់បុរាណដ្ឋាន និងបង្កើនប្រសិទ្ធភាពនៃការរៀបចំផ្លូវ និងវង់ទស្សនាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមានសុវត្ថិភាព និងភាពងាយស្រួល។
បន្តពីបេសកកម្មនៅប្រាសាទកោះកេរ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូជំនាញការអាដហុក បានបន្តដំណើរទៅកាន់រមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍ និងសង្គ្រោះបន្ទាន់។ ក្នុងនោះ ក្រុមអ្នកជំនាញបានពិនិត្យវាយតម្លៃស្ថានភាពរចនាសម្ព័ន្ធប្រាសាទ ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ដែលបានរងការខូចខាតដោយសារជម្លោះប្រដាប់អាវុធនាពេលកន្លងមក។ នាឱកាសនោះ អ្នកជំនាញការបានផ្តល់អនុសាសន៍បន្ថែមលើទីតាំងដែលមានហានិភ័យខ្ពស់ ដែលអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិព្រះវិហារបានធ្វើការទល់ទ្ររួចរាល់ ព្រមទាំងកំណត់ទីតាំងងាយរងគ្រោះមួយចំនួនទៀត ដែលត្រូវបន្តធ្វើការទល់ទ្រ និងអភិរក្សជាបន្ទាន់។
បន្ថែមពីលើនោះ ក្រុមការងារក៏បានពិនិត្យមើលការរៀបចំប្រព័ន្ធរំដោះទឹកចេញពីបរិវេណប្រាសាទព្រះវិហារ ដើម្បីការពារកុំឱ្យទឹកភ្លៀងដក់ និងហូរច្រោះគ្រឹះប្រាសាទ ក្នុងរដូវវស្សា៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



