SPORTS

1 hour agoLim_Rothanaksambath

ឯកឧត្ដម វ៉ាត់ ចំរើន៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games 2026 ខណៈក្រុមកីឡាបាល់ទាត់លើតុដណ្ដើម បានមេដាយសំរឹទ្ធ ២គ្រឿងដំបូងជូនជាតិ

ឯកឧត្ដម វ៉ាត់ ចំរើន៖ កម្ពុជាដើរទៅមុខយ៉ាងរលូននៅ Asian Games 2026 ខណៈក្រុមកីឡាបាល់ទាត់លើតុដណ្ដើម បានមេដាយសំរឹទ្ធ ២គ្រឿងដំបូងជូនជាតិ
ភ្នំពេញ, ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦៖ ដំណើរការនៃការចូលរួមរបស់គណៈប្រតិភូ និងអត្តពលិកជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅទីក្រុង Nagoya ប្រទេសជប៉ុន គឺបានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ទាំងក្នុងពិធីបើកផ្លូវការ និងការប្រកួតនៅលើទីលាន។ នេះបើយោងតាមការគូសបញ្ជាក់របស់ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា។


ក្នុងបេសកកម្មប្រវត្តិសាស្ត្រនៅលើទឹកដីជប៉ុននាពេលនេះ គណៈប្រតិភូ និងអត្តពលិកកម្ពុជា ទទួលបានការដឹកនាំ អមដំណើរ និងការលើកទឹកចិត្តផ្ទាល់ដល់ទីលានប្រកួតពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជាញរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ វត្តមាន និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំបានក្លាយជាកម្លាំងចិត្តយ៉ាងសំខាន់សម្រាប់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងការតស៊ូប្រកួតលើទីលានកម្រិតទ្វីបមួយនេះ។


ប្រភព និងរូបភាព៖ គេហទំព័រ Olympic Cambodiaប្រភព និងរូបភាព៖ គេហទំព័រ Olympic Cambodia
ដំណឹងដ៏រីករាយ និងជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺក្រុមកីឡាបាល់ទាត់លើតុកម្ពុជា បានប្រជែងដណ្តើមបាន មេដាយសំរឹទ្ធចំនួន ២គ្រឿង ដែលជាមេដាយដំបូងបង្អស់ជូនមាតុភូមិ ក្នុងនោះរួមមាន៖ វិញ្ញាសាគូនារី (Women's Doubles) ដណ្តើមបានមេដាយសំរឹទ្ធ ដោយកីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនី ម៉ី ស្រីមាស និង វិញ្ញាសាឯកត្តជននារី (Women's Singles) ដណ្តើមបានមេដាយសំរឹទ្ធ ដោយកីឡាការិនី ឌី គឹមយាន។

ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា ឯកឧត្ដម វ៉ាត់ ចំរើន បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងស្វិតស្វាញ រហូតអាចអភិវឌ្ឍសមត្ថភាពពីការប្រកួតកម្រិតតំបន់ ស្ទុះទៅដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបដ៏ធំមួយនេះ។

ឯកឧត្ដមអគ្គលេខាធិការ NOCC បានសង្កត់ធ្ងន់ថា «ការសម្រេចបានមេដាយកម្រិតទ្វីបអាស៊ីនាពេលនេះ មិនត្រឹមតែជាជ័យជម្នះដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ និងជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ក្នុងការតស៊ូដណ្តើមជ័យជម្នះជូនជាតិ»។

សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ (20th Asian Games 2026) នៅទីក្រុង Nagoya ប្រទេសជប៉ុននេះ រាជរដ្ឋាភិបាល និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជូនប្រតិភូកីឡាសរុបចំនួន ១០៦ រូប លើ ១៤ ប្រភេទកីឡា ដើម្បីចូលរួមប្រកួតប្រជែងតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ ការទទួលបានមេដាយដំបូងតាំងពីដើមយុទ្ធនាការប្រកួតមកនេះ ត្រូវបានរំពឹងថានឹងបង្កើតនូវបរិយាកាសវិជ្ជមាន និងបង្កើនទំនុកចិត្តយ៉ាងខ្លាំងដល់កីឡាករ-កីឡាការិនីកម្ពុជាលើប្រភេទកីឡាផ្សេងៗទៀត៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ គេហទំព័រ Olympic Cambodia
ប្រភព និងរូបភាព៖ គេហទំព័រ Olympic Cambodia