The Khmer Daily Network Logo

National

3 days agoLim_Rothanaksambath

កិត្តិយសធំធេងគ្មានអ្វីប្រៀបផ្ទឹម! ស្រួង ភាវី ស្ត្រីកម្ពុជាដំបូងគេ មានឱកាសគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង

កិត្តិយសធំធេងគ្មានអ្វីប្រៀបផ្ទឹម! ស្រួង ភាវី ស្ត្រីកម្ពុជាដំបូងគេ មានឱកាសគប់គ្រាប់បាល់បើកឆាកប្រកួត Baseball នៅកូរ៉េខាងត្បូង
ភ្នំពេញ, ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦៖ កីឡាការិនីប៊ីយ៉ាការ៉ុម (Carom Billiard) ជម្រើសជាតិកម្ពុជាដ៏ល្បីល្បាញលំដាប់អន្តរជាតិ ដែលបានសាងកេរ្តិ៍ឈ្មោះល្បាញទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងពិភពលោក បានក្លាយជាស្ត្រីដំបូងគេរបស់កម្ពុជា ដែលត្រូវបានអញ្ជើញជាកិត្តិយសក្នុងការគប់គ្រាប់បាល់បើកឆាកប្រកួតលីគ Baseball នៅទីក្រុងអ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង។

នេះជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល ព្រោះកន្លងមកធ្លាប់តែឃើញការបើកកម្មវិធីប្រកួត Baseball នៅប្រទេសកូរ៉េខាងត្បូងអញ្ជើញតារា K-Pop ប្រុសស្រីល្បីៗទៅបោះបាល់បើក ឬ “First Pitch” ប៉ុន្តែឆ្នាំនេះបែរជាកីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី ក្តោបបានឱកាសដ៏កម្រនេះទៅវិញ។

កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា បានរៀបរាប់ថា វាជាកិត្តិយសដ៏ធំធេងមួយ ដែលបានបោះបាល់លើកដំបូងក្នុងពិធីនេះតំណាងឱ្យប្រទេសកម្ពុជា។ កីឡាការិនីបន្តថា នឹងបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយប្រទេសកម្ពុជា តាមរយៈកីឡា និងបង្កើតមោទនភាពដល់ប្រជាជន។

រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Sruong Pheavyរូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Sruong Pheavy
មែនទែនទៅ បុគ្គលដែលអាចក្លាយជា First Pitch បានទាល់តែលំដាប់អ្នកមានកេរ្តិ៍ឈ្មោះកំពូលៗ ដូចជា វីរបុរសជាតិ, ប្រធានាធិបតី និងតារា K-Pop លំដាប់សាកល ព្រោះ Ceremonial first pitch នៅក្នុងវប្បធម៌កីឡា ជាទស្សនីយភាពវប្បធម៌ និងកម្សាន្តដ៏សំខាន់មួយ។ ជាក់ស្តែង នៅប្រទេសកូរ៉េខាងត្បូងប្រភេទកីឡាកំពូលទាំង ៥ ដែលមានអ្នកចូលចិត្តច្រើនបំផុត គឺ Baseball, បាល់ទាត់, កីឡាអេឡិចត្រូនិក, បាល់បោះ និងតេក្វាន់ដូ ខណៈដែលប្រភេទកីឡានីមួយៗតែងមានវត្តមានក្នុងវប្បធម៌ លីគអាជីព និងសមិទ្ធផលអន្តរជាតិរបស់ប្រទេសជាដើម។

វាក៏មិនមែនជារឿងចៃដន្យដែលកីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ស្រួង ភាវី អាចក្លាយជាអ្នកគប់បាល់បើកឆាកប្រកួត KBO League នេះ ព្រោះ ស្រួង ភាវី ធ្លាប់បានបង្កើតមោទនភាពដ៏ធំធេងសម្រាប់ប្រទេសកម្ពុជាតាមរយៈការប្រកួតកីឡាប៊ីយ៉ាការ៉ុម (Billiard/Carom) កម្រិតអន្តរជាតិនៅឯប្រទេសកូរ៉េខាងត្បូង ហើយថ្មីៗនេះ កីឡាការិនីកម្ពុជារូបនេះក៏ទើបឈ្នះជើងឯកពានរង្វាន់ LPBA Championship ផងដែរ។

មិនត្រឹមតែជាកីឡាការិនីឆ្នើមប៉ុណ្ណោះទេ ស្រួង ភាវី ត្រូវបានគេទទួលស្គាល់ថា ជាអ្នកសកម្មក្នុងការចូលរួមជួយកិច្ចការមនុស្សធម៌ និងការចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងសកម្មភាពសប្បុរសធម៌ជាច្រើនទៀតនៅទឹកដីកំណើតប្រទេសកម្ពុជា៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2