National

• 1 hour ago• Lim_Rothanaksambath

នគរបាលជាតិកម្ពុជា និងសិង្ហបុរី ទប់ស្កាត់ទឹកប្រាក់ ១២.៨លានដុល្លារ ពីបទល្មើសឆបោកតាមអ៊ីម៉ែល (BEC)

នគរបាលជាតិកម្ពុជា និងសិង្ហបុរី ទប់ស្កាត់ទឹកប្រាក់ ១២.៨លានដុល្លារ ពីបទល្មើសឆបោកតាមអ៊ីម៉ែល (BEC)


ភ្នំពេញ, ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានប្រកាសពីជោគជ័យដ៏ធំធេងក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយកងកម្លាំងនគរបាលជាតិសិង្ហបុរី ដោយបានបង្កក និងទប់ស្កាត់សាច់ប្រាក់ចំនួន ១២,៨ លានដុល្លារអាមេរិក ដែលជាផលនៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្លែងបន្លំអ៊ីម៉ែល (Business Email Compromise - BEC) ព្រមទាំងបានផ្ទេរត្រឡប់ទៅកាន់ជនរងគ្រោះវិញដោយជោគជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលផ្សព្វផ្សាយដោយ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ដំណើរការនេះបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅពេលដែលនគរបាលជាតិសិង្ហបុរីបានទទួលបណ្តឹងពីក្រុមហ៊ុនប្រេងឥន្ធនៈមួយនៅក្នុងប្រទេសសិង្ហបុរី ថាត្រូវបានក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ល្បិចក្លែងបន្លំអ៊ីម៉ែលអេឡិចត្រូនិច បោកបញ្ឆោតឱ្យផ្ទេរប្រាក់ចំនួន ១២,៨ លានដុល្លារអាមេរិក ចូលមកកាន់គណនីធនាគារសង្ស័យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ភ្លាមៗបន្ទាប់ពីទទួលបានសំណើកិច្ចសហប្រតិបត្តិការបន្ទាន់ពីភាគីសិង្ហបុរី អគ្គស្នងការដ្ឋាននគរបាលជាតិបានចាត់តាំង ក្រុមការងារ Hotline Scam 24/7 ដែលជាសេនាធិការជំនាញ បើកការស្រាវជ្រាវស៊ើបអង្កេតជាប្រញាប់។ តាមរយៈយន្តការឆ្លើយតបលឿនរហ័សនេះ នគរបាលជាតិកម្ពុជា បានសហការជិតស្និទ្ធជាមួយ ធនាគារជាតិនៃកម្ពុជា (NBC) ព្រមទាំងស្ថាប័នហិរញ្ញវត្ថុពាក់ព័ន្ធ ដើម្បីបង្កកប្រតិបត្តិការ ឃាត់សាច់ប្រាក់ និងរៀបចំនីតិវិធីផ្ទេរថវិកាដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រឡប់ទៅកាន់ក្រុមហ៊ុនរងគ្រោះវិញបានទាន់ពេលវេលា។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានគូសបញ្ជាក់ថា ករណីនេះគឺជាសក្ខីភាពស្តែងឱ្យឃើញពីសមត្ថភាព ប្រសិទ្ធភាព ភាពទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ជាមួយគ្នានេះ កម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលារបស់នគរបាលជាតិសិង្ហបុរី ធនាគារជាតិនៃកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាកាត់ផ្តាច់ខ្សែរយៈបទល្មើសឌីជីថលនេះប្រកបដោយលទ្ធផលផ្លែផ្កា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2