The Khmer Daily Network Logo

Entertainment

2 hours agoLim_Rothanaksambath

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បង្ហាញអត្តសញ្ញាណជាតិ សោភ័ណភាពសិល្បៈ និងវប្បធម៌ខ្មែរដ៏អស្ចារ្យលើឆាក Bilibili World 2026

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បង្ហាញអត្តសញ្ញាណជាតិ សោភ័ណភាពសិល្បៈ និងវប្បធម៌ខ្មែរដ៏អស្ចារ្យលើឆាក Bilibili World 2026
ភ្នំពេញ, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានបង្កើតភាពភ្ញាក់ផ្អើល និងមោទនភាពយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា តាមរយៈការបង្ហាញវត្តមានក្នុងកម្មវិធី Bilibili World 2026 នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដោយគ្រងរ៉ូប Couture ដ៏ប្រណីត ដែលរួមបញ្ចូលនូវសិល្បៈច្នៃប្រឌិតសម័យទំនើប ជាមួយនឹងអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងលេចធ្លោ។

Bilibili World 2026 គឺជាព្រឹត្តិការណ៍ Pop Culture ដ៏ធំបំផុតមួយរបស់ប្រទេសចិន និងក្នុងតំបន់អាស៊ី ដែលបានប្រមូលផ្តុំអ្នកគាំទ្ររាប់សែននាក់ អ្នកបង្កើតមាតិកា អ្នក Cosplay ម៉ាកយីហោល្បីៗ ក្រុមហ៊ុនកម្សាន្តអន្តរជាតិ និងភ្ញៀវកិត្តិយសមកពីជុំវិញពិភពលោក។ ក្នុងចំណោមការបង្ហាញជាច្រើន អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានលេចធ្លោជាមួយនឹងរូបរាងដ៏ស្រស់ស្អាត សុភាពរាបសារ និងពោរពេញដោយទំនុកចិត្ត ក្នុងនាមជាតំណាងអត្តសញ្ញាណកម្ពុជា។

អ្វីដែលធ្វើឱ្យឈុតនេះកាន់តែមានតម្លៃ មិនមែនស្ថិតត្រឹមតែភាពស្រស់ស្អាតនៃការរចនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កប់នូវទស្សនវិជ្ជាសិល្បៈ និងកេរដំណែលវប្បធម៌ខ្មែរ។ រ៉ូបពណ៌ខៀវភ្លឺ លាយឡំជាមួយការប៉ាក់លម្អដោយពណ៌មាសយ៉ាងប្រណិត និងគ្រឿងលម្អនៅផ្នែកទ្រូង ដែលមានទម្រង់ស្រដៀងនឹងផ្ការំដួល និងក្បាច់រចនាខ្មែរ បានបង្ហាញពីភាពស្រស់ស្អាតទន់ភ្លន់ សេចក្តីថ្លៃថ្នូរ និងវិចិត្រសិល្បៈដែលជាមោទនភាពរបស់ជាតិ។

Images-Content-0759Images-Content-0759
តាមរយៈបណ្តាញសង្គម អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានបង្ហាញពីមោទនភាពថា ព្រះអង្គមានកិត្តិយសយ៉ាងក្រៃលែង ក្នុងការតំណាងឱ្យកម្ពុជា និងនាំយកអត្តសញ្ញាណខ្មែរទៅកាន់ព្រឹត្តិការណ៍ដ៏ធំមួយនេះ។

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា បានថ្លែងអំណរគុណដល់អ្នករចនាម៉ូដ Almee Couture ដែលបានច្នៃប្រឌិត និងផលិតរ៉ូបដ៏ស្រស់ស្អាត ប្រកបដោយអត្ថន័យ និងសិល្បៈខ្ពស់ សម្រាប់ការបង្ហាញខ្លួនលើឆាកអន្តរជាតិ ខណៈស្នាដៃ Couture បែបខ្មែរ បានបង្ហាញពីសមត្ថភាពនៃអ្នករចនាម៉ូដកម្ពុជា ក្នុងការបង្កើតស្នាដៃដែលអាចភ្ជាប់រវាងវប្បធម៌បុរាណ និងសិល្បៈ Pop Culture សម័យថ្មីបានយ៉ាងស៊ីជម្រៅ និងទាក់ទាញចំណាប់អារម្មណ៍ពីទស្សនិកជនអន្តរជាតិ។

ការបង្ហាញវត្តមានរបស់អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នៅ Bilibili World 2026 មិនត្រឹមតែជាការចូលរួមក្នុងព្រឹត្តិការណ៍ Pop Culture អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការផ្សព្វផ្សាយមុខមាត់ ប្រពៃណី វប្បធម៌ និងសក្តានុពលនៃសិល្បៈរចនាម៉ូដកម្ពុជាទៅកាន់ពិភពលោក ដែលជាការបញ្ជាក់ថា អត្តសញ្ញាណខ្មែរ អាចបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត និងមានតម្លៃ នៅលើឆាកអន្តរជាតិគ្រប់ទម្រង់៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3