National

• 1 hour ago• Lim_Rothanaksambath

ក្រសួងប្រៃសណីយ៍ ជំរុញនិស្សិត CADT រួមគ្នាលុបបំបាត់ការចម្លងមេរោគអេដស៍ និងជៀសឆ្ងាយពីគ្រឿងញៀន

ក្រសួងប្រៃសណីយ៍ ជំរុញនិស្សិត CADT រួមគ្នាលុបបំបាត់ការចម្លងមេរោគអេដស៍ និងជៀសឆ្ងាយពីគ្រឿងញៀន
ភ្នំពេញ, ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងអប់រំយល់ដឹងមួយ ក្នុងគោលបំណងកសាងកម្លាំង ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងលុបបំបាត់បញ្ហាគ្រឿងញៀននៅក្នុងសង្គមកម្ពុជា។

តួយ៉ាង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី «ជំរុញការចូលរួមរបស់និស្សិត ដើម្បីបញ្ចប់ការចម្លងមេរោគអេដស៍ និងចៀសឆ្ងាយពីគ្រឿងញៀន»។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, តំណាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សរុបប្រមាណ ៣៥០នាក់។

សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនកម្លាំងសាមគ្គីសរុបក្នុងការចូលរួមអនុវត្ត «គោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍», បញ្ជ្រាបចំណេះដឹង និងការយល់ដឹងអំពីហានិភ័យ និងបញ្ហាប្រឈមនៃការឆ្លងមេរោគអេដស៍/ជំងឺអេដស៍, រួមគ្នាបដិសេធ និងប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ ដើម្បីការពារសុខភាព អនាគត និងសង្គមជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunicationsប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខាយ ឃុនហេង បានផ្តល់អនុសាសន៍ និងផ្ដាំផ្ញើយ៉ាងម៉ឺងម៉ាត់ដល់និស្សិតទាំងអស់ ដោយត្រូវប្រកាន់ខ្ជាប់នូវឥរិយាបទរស់នៅស្អាតស្អំ ចេះការពារខ្លួនពីការឆ្លងមេរោគអេដស៍ ព្រមទាំងបញ្ឈប់រាល់ទម្រង់នៃការរើសអើង និងស្កាត់ជើងអ្នកផ្ទុកមេរោគអេដស៍ ដោយផ្លាស់ប្តូរមកជាការផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមក្នុងជីវិតដល់ពួកគេវិញ។

ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្តថា ដាច់ខាតកុំសាកល្បងប្រើប្រាស់គ្រឿងញៀនសូម្បីតែមួយដង ដោយសារតែភាពចង់ដឹង ចង់សាក ឬការអូសទាញពីមិត្តភក្តិ ពីព្រោះគ្មានគ្រឿងញៀនណាមួយធ្វើឱ្យមនុស្សមានប្រាជ្ញាវៃឆ្លាត ឬទទួលបានក្តីសុខពិតប្រាកដនោះឡើយ។

និស្សិតដែលមានចំណេះដឹង គឺជាកម្លាំងបន្តវេនដ៏សំខាន់ ត្រូវនាំយកចំណេះដឹង និងសារអប់រំដែលទទួលបានក្នុងសិក្ខាសាលានេះ ទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ សាច់ញាតិ និងសហគមន៍ ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា «គ្មានមេរោគអេដស៍ និងគ្មានគ្រឿងញៀន»៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3