National

• 1 week ago• Lim_Rothanaksambath

ក្រុមនិស្សិតកម្ពុជា CADT និង RUPP ដណ្តើមបានជ័យលាភីលេខ១ និង ៣ ក្នុងការប្រកួតសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង ឆ្នាំ២០២៦

ក្រុមនិស្សិតកម្ពុជា CADT និង RUPP ដណ្តើមបានជ័យលាភីលេខ១ និង ៣ ក្នុងការប្រកួតសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង ឆ្នាំ២០២៦
ភ្នំពេញ, ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រុមនិស្សិតឆ្នើមផ្នែកបច្ចេកវិទ្យារបស់កម្ពុជា មកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានបង្ហាញសមត្ថភាពដ៏គួរឱ្យស្ញប់ស្ញែងលើឆាកអន្តរជាតិ ដោយដណ្តើមបានជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ៣ ក្នុងព្រឹត្តិការណ៍ «ការប្រកួតប្រជែងសន្តិសុខសាយប័រថ្នាក់តំបន់មេគង្គ-ឡានឆាង ឆ្នាំ២០២៦» (Lancang-Mekong Regional Cybersecurity Competition 2026) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅខេត្តសៀមរាប។

ពិធីប្រកាសជ័យលាភី និងបិទការប្រកួតប្រជែងជាផ្លូវការ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារព្រីនអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

ព្រឹត្តិការណ៍ថ្នាក់តំបន់រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ទទួលបានការគាំទ្រពី មូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC Special Fund) ដោយមាននិស្សិតថ្នាក់បរិញ្ញាបត្រសរុបប្រមាណ ៤០ រូប បែងចែកជា ១០ ក្រុម មកពីសាកលវិទ្យាល័យនៃប្រទេសសមាជិកចំនួន ៤ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។

Inline image
បេក្ខជនទាំងអស់បានឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញលើវិញ្ញាសា Capture the Flag (CTF) រយៈពេល ៨ ម៉ោង ដែលរចនាឡើងដើម្បីពិសោធន៍ស្ថានភាពសន្តិសុខសាយប័រជាក់ស្តែង តម្រូវឱ្យបេក្ខជនស្វែងរកចំណុចខ្សោយប្រព័ន្ធ (Vulnerabilities) វិភាគបញ្ហាប្រឈម និងដោះស្រាយបញ្ហាបច្ចេកទេស។ ជាលទ្ធផល ក្រុមជ័យលាភីទាំង ៣ រួមមាន៖

• ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម WillHack4Coffee មកពី បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ១ និងប្រាក់រង្វាន់ចំនួន ៦,០០០,០០០ រៀល។
• ជ័យលាភីចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម ISITDTU1 មកពី សាកលវិទ្យាល័យ Duy Tan University នៃប្រទេសវៀតណាម ទទួលបានពានរង្វាន់លេខ២ និងប្រាក់រង្វាន់ចំនួន ៤,០០០,០០០ រៀល។
• ជ័យលាភីចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម ITEsec មកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៃប្រទេសកម្ពុជា ទទួលបានពានរង្វាន់លេខ៣ និងប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល។

ក្រៅពីការប្រកួតប្រជែង កម្មវិធីក៏បានរៀបចំវគ្គបណ្តុះបណ្តាលដោយអ្នកជំនាញ ដើម្បីផ្សារភ្ជាប់ទ្រឹស្តីសិក្សាទៅនឹងការអនុវត្តជាក់ស្តែងក្នុងឧស្សាហកម្មឌីជីថល។ គំនិតផ្តួចផ្តើមនេះត្រូវបានតម្រង់ទិសដោយគោលបំណងស្នូលចំនួន ៤ គឺ៖ ពង្រឹងសមត្ថភាពអនុវត្តជាក់ស្តែងផ្នែកសន្តិសុខសាយប័រក្នុងចំណោមយុវជន, ផ្តល់ឱកាសឱ្យនិស្សិតវាយតម្លៃសមត្ថភាពខ្លួនឯង និងត្រៀមលក្ខណៈសម្រាប់អាជីពនាពេលអនាគត, លើកកម្ពស់ក្រមសីលធម៌ និងការអនុវត្តប្រកបដោយការទទួលខុសត្រូវក្នុងលំហសាយប័រ, ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ តាមរយៈការធ្វើការងារជាក្រុម ការផ្លាស់ប្តូរចំណេះដឹង និងការកសាងបណ្តាញទំនាក់ទំនងឆ្លងព្រំដែន។

សូមជម្រាបឱ្យដឹងផងដែរថា វិស័យសន្តិសុខសាយប័រ CTF គឺជាស្តង់ដារប្រកួតប្រជែងអន្តរជាតិមួយ ដែលបេក្ខជនត្រូវប្រើប្រាស់ជំនាញសរសេរកូដ ការវិភាគបណ្តាញ (Network Analysis) ការបំបែកកូដសម្ងាត់ (Cryptography) និងការការពារប្រព័ន្ធ ដើម្បីស្វែងរក "ទង់" (Flags/កូដសម្ងាត់) ដែលលាក់ទុកក្នុងប្រព័ន្ធងាយរងគ្រោះ ក្នុងគោលបំណងហ្វឹកហាត់ជំនាញទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិត។

មូលនិធិនេះត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលចិនកាលពីឆ្នាំ២០១៦ ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ខ្នាតតូច និងមធ្យមក្នុងបណ្តាប្រទេសតាមដងទន្លេមេគង្គទាំង ៦ គឺ កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ ការវិនិយោគលើធនធានយុវជនផ្នែកសន្តិសុខសាយប័រនាពេលនេះ គឺស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ក្នុងការកសាងបរិយាកាសឌីជីថលប្រកបដោយសុវត្ថិភាព និងទំនុកចិត្តខ្ពស់៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3