National

• 2 hours ago• Lim_Rothanaksambath

ក្រសួងពាណិជ្ជកម្មកម្ពុជា រំលេចសក្តានុពល “Cambodia - Basket of Wonders” នៅតំបន់អឺរ៉ុប-អាស៊ី ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus 2026

ក្រសួងពាណិជ្ជកម្មកម្ពុជា រំលេចសក្តានុពល “Cambodia - Basket of Wonders” នៅតំបន់អឺរ៉ុប-អាស៊ី ក្នុងព្រឹត្តិការណ៍ INNOPROM. Belarus 2026
ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ BELEXPO ទីក្រុងមីនស្គ៍ សាធារណរដ្ឋបេឡារុស្ស នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចំនួន ៥ បានអញ្ជើញចូលទស្សនាពន្លាជាតិកម្ពុជាដោយផ្ទាល់ ក្នុងឱកាសនៃពិធីបើកសម្ពោធពិព័រណ៍ឧស្សាហកម្មអន្តរជាតិ INNOPROM. Belarus លើកទី២។

គណៈប្រតិភូជាន់ខ្ពស់អន្តរជាតិដែលបានអញ្ជើញទស្សនាពន្លាជាតិកម្ពុជារួមមាន៖ ឯកឧត្តម Alexander Turchin នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបេឡារុស្ស, ឯកឧត្តម Mikhail Mishustin នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្ស៊ី, ឯកឧត្តម Olzhas Bektenov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន, ឯកឧត្តម Adylbek Kasymaliev ប្រធានគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន និង ឯកឧត្តម Abdulla Aripov នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋអ៊ុយបេគីស្ថាន។

ក្នុងឱកាសនោះ គណៈប្រតិភូជាន់ខ្ពស់អន្តរជាតិត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ និង ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

ថ្នាក់ដឹកនាំអន្តរជាតិទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងចំពោះការរៀបចំដាក់បង្ហាញរបស់កម្ពុជា ក្រោមប្រធានបទ «Cambodia - Basket of Wonders» ដែលបានរំលេចយ៉ាងលេចធ្លោនូវ ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ (GI) ដូចជា ម្រេចកំពត, គ្រាប់ស្វាយចន្ទីកំពង់ធំ និងស្ករត្នោតកំពង់ស្ពឺ, ផលិតផលកសិ-ឧស្សាហកម្ម និងសិប្បកម្ម រួមមាន អង្ករប្រណីតកម្ពុជា, ផលិតផលកសិ-កែច្នៃ, ចម្លាក់ប្រាក់ស្ពាន់, សូត្រ, ផលិតផលថ្មម៉ាប, ស្បែកជើង, កាហ្វេ និងម្ហូបអាហារកែច្នៃផ្សេងៗ ក៏ដូចជា ការបង្ហាញវីដេអូផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ម្ហូបអាហារ ព្រមទាំងសិល្បៈ និងរបាំប្រពៃណីខ្មែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerceប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងពាណិជ្ជកម្ម Ministry of Commerce
ព្រឹត្តិការណ៍នេះ បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ ពង្រីកវត្តមានទំនិញកម្ពុជាលើទីផ្សារអន្តរជាតិ លើកកម្ពស់ការទទួលស្គាល់ម៉ាកយីហោជាតិ និងពង្រឹងការភ្ជាប់ទំនាក់ទំនងធុរកិច្ច (B2B) តាមរយៈការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់រវាងក្រុមហ៊ុន/សហគ្រាសកម្ពុជា និងដៃគូអន្តរជាតិ ជាពិសេសនៅក្នុងតំបន់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAEU)។

គួរឱ្យដឹងផងដែរថា ពិព័រណ៍ INNOPROM គឺជាព្រឹត្តិការណ៍ឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនៅក្នុងតំបន់អឺរ៉ុប-អាស៊ី។ ការចូលរួមយ៉ាងសកម្មរបស់កម្ពុជា គឺជាឱកាសយុទ្ធសាស្ត្រក្នុងការបើកច្រកពាណិជ្ជកម្មទៅកាន់សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (Eurasian Economic Union - EAEU) ដែលជាទីផ្សារដ៏ធំមានប្រជាជនសរុបជាង ១៨០ លាននាក់។

ក្រសួងពាណិជ្ជកម្មកម្ពុជា កំពុងជម្រុញការស្វែងរកទីផ្សារថ្មីៗបន្ថែមពីលើទីផ្សារប្រពៃណី (ដូចជា អាមេរិក អឺរ៉ុប និងចិន) ដោយផ្តោតលើការលើកកម្ពស់ម៉ាកយីហោផលិតផលកម្ពុជា (Made in Cambodia) និងផលិតផល GI ដែលមានគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិ៕



រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3