National

• 2 hours ago• Lim_Rothanaksambath

ស្ថានទូតកម្ពុជាប្រចាំជប៉ុន ចេញសេចក្តីជូនដំណឹងអាសន្ន ណែនាំពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុង Champi

ស្ថានទូតកម្ពុជាប្រចាំជប៉ុន ចេញសេចក្តីជូនដំណឹងអាសន្ន ណែនាំពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះព្យុះទីហ្វុង Champi
ភ្នំពេញ, ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងអាសន្ន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្ស-និស្សិត និងពលករខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងប្រទេសជប៉ុន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះឥទ្ធិពលនៃ «ព្យុះទីហ្វុង Champi» ដែលជាព្យុះទី៣០ និងជាព្យុះមានកម្លាំងខ្លាំងក្លា។

យោងតាមការជូនដំណឹងពី ទីភ្នាក់ងារឧតុនិយមជប៉ុន (Japan Meteorological Agency - JMA) ព្យុះទីហ្វុង Champi អាចនឹងបោកបក់ចំលើកោះ Sakishima រួមទាំងកោះ Ishigakijima និងកោះ Miyakojima នៃខេត្ត Okinawa ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍សប្តាហ៍នេះ ព្រមទាំងបន្តប៉ះពាល់លើផ្នែកខ្លះនៃតំបន់ Kyushu ចាប់ពីចុងសប្តាហ៍នេះតទៅ។

ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញសេចក្តីណែនាំឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ រួមមាន៖ ខ្យល់បោកបក់ខ្លាំងក្លា, ទឹករលកសមុទ្រខ្ពស់ៗ រហូតដល់ ១១ម៉ែត្រ, ភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀង និង ការបាក់ដី នៅតាមតំបន់ភ្នំ ឬតំបន់ប្រឈម។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ចំពោះមុខស្ថានភាពគ្រោះធម្មជាតិនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់រងផលប៉ះពាល់ អនុវត្តនូវវិធានការបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងតាមដានព័ត៌មានបច្ចុប្បន្នភាពស្ដីពីអាកាសធាតុជាប្រចាំ។ គោរព និងអនុវត្តតាមសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន ឱ្យបានខ្ជាប់ខ្ជួន។ ស្នាក់នៅក្នុងទីកន្លែងដែលមានសុវត្ថិភាព និងជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ក្នុងអំឡុងពេលព្យុះបោកបក់។

បន្ថែមពីនេះ ស្ថានទូតបានបញ្ជាក់ថា ក្នុងករណីមានការជម្លៀសប្រជាពលរដ្ឋ ឬប្រសិនបើទទួលបានព័ត៌មានអំពីពលរដ្ឋខ្មែរណាម្នាក់ដែលរងគ្រោះ ឬរងផលប៉ះពាល់ដោយសារព្យុះទីហ្វុងនេះ សូមមេត្តាជូនដំណឹង និងទាក់ទងមកកាន់ស្ថានទូតជាបន្ទាន់តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ Royal Embassy of Cambodia in Japan និងលេខទូរស័ព្ទបន្ទាន់ (Hotline) 080-4689-9374។

ស្ថានឯកអគ្គរាជទូតកម្ពុជា ក៏បានបួងសួង និងជូនពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់នៅជប៉ុន ជួបប្រទះតែសុខសុវត្ថិភាព និងជៀសផុតពីគ្រោះធម្មជាតិនេះដោយសុវត្ថិភាពគ្រប់ៗគ្នា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1