National

• 56 minutes ago• Lim_Rothanaksambath

អគ្គនាយក CMAC ក្រើនរំលឹកឱ្យកូនខ្មែរការពារបេតិកភណ្ឌ ខណៈប្រាសាទព្រះវិហារមិនអាចទទួលភ្ញៀវទេសចរ ក្រោយរងការខូចខាតដោយគ្រាប់បែកយោធាថៃ

អគ្គនាយក CMAC ក្រើនរំលឹកឱ្យកូនខ្មែរការពារបេតិកភណ្ឌ ខណៈប្រាសាទព្រះវិហារមិនអាចទទួលភ្ញៀវទេសចរ ក្រោយរងការខូចខាតដោយគ្រាប់បែកយោធាថៃ
ភ្នំពេញ, ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦៖ អាជ្ញាធរជាតិព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការជាសាធារណៈ ស្តីពីស្ថិតិភ្ញៀវទេសចរចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដោយក្នុងនោះរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាតិសរុបជាង ៧000 នាក់ ខណៈរមណីយដ្ឋានប្រាសាទព្រះវិហារពុំមានវត្តមានភ្ញៀវទេសចរឡើយ។

ការចេញផ្សាយទិន្នន័យនេះ ស្របពេលជាមួយគ្នានឹងការក្រើនរំលឹករបស់ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានអំពាវនាវឱ្យសាធារណជន និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ឱ្យមានស្មារតីសាមគ្គីភាពជាតិខ្ពស់បំផុត ក្នុងការរួមគ្នាការពារបូរណភាពទឹកដី និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោករបស់ដូនតាយើង។

ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកបង្ហាញពីការខូតខាតយ៉ាងដំណំរបស់ប្រាសាទព្រះវិហារដោយសារតែគ្រាប់បែកចង្កោមរបស់យោធាថៃ ក្នុងអំឡុងពេលសង្គ្រាមព្រំដែនផ្លូវគោកកម្ពុជា-ថៃ កាលពីឆ្នាំ២០២៥ កន្លងទៅ អគ្គនាយក CMAC បានរៀបរាប់ឡើងថា «វង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯង!! ពួកឈ្លានពានបានទម្លាក់គ្រាប់បែកនិងបាញ់កម្ទេចប្រាសាទព្រះវិហារដូនតាខ្មែរដែលជាមរតកដ៍មហាសាលនិងជាបេតិកភណ្ឌពិភពលោក។ ក្នុងស្មារតីប្រយុទ្ធការពារ កូនខ្មែរគ្រប់រូបមិនថាស្ថិតក្នុងនិន្នាការនយោបាយណានិងអង្គការចាត់តាំងណាទេ ត្រូវតែមានកាតព្វកិច្ចដាច់ខាតចូលរួមការពារបូរណភាពទឹកដីជាពិសេសប្រាសាទព្រះវិហារដ៍កំសត់របស់យេីង!
ដូចនេះអ្នកណាគាំទ្រខ្មាំងសត្រូវដែលឈ្លានពានកាន់កាប់បូរណភាពទឹកដីខ្មែរ បំផ្លិចបំផ្លាញផ្ទះសំបែង ភូមិករប្រជាជន សម្លាប់វរកងទ័ព/ប្រជាជន និងកម្ទេចប្រាសាទខ្មែរយេីង បុគ្គលនោះ ពិតជាជនវង្វេងជាតិ វៀចចិត្តក្បត់ជាតិសាសន៍ឯងហេីយ! »។

Inline image
សារដាស់តឿននេះបង្ហាញភាពពីភាពឈឺចាប់ និងអារម្មណ៍សោកសៅចំពោះសម្បត្តិបេតិកភណ្ឌជាតិរបស់ខ្មែរយើង ដែលពេលនេះមិនអាចទទួលភ្ញៀវទេសចរបានដូចមុន។ ផ្ទុយទៅវិញ នៅជាប់លើប្រាង្គ និងតួនៃប្រាសាទបែរជាមានស្លាកស្នាមនៃសង្គ្រាមដែលបន្សល់ទុកនូវវិនាសកម្ម ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងផលប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងទឹកដី។

គួររំលឹកឱ្យដឹងផងដែរថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសហប្រធាន លោកស្រី LI Qiaozhi អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និង លោក Vijay Shankar PRASAD លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា, តំណាងរដ្ឋសមាជិកចំនួន ៥ ប្រទេស គឺ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក, អ្នកជំនាញការអាដហុក, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក ,មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១៥០ រូប។

ក្នុងកិច្ចប្រជុំនេះ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍អំពីលទ្ធផលនៃបេសកកម្មផ្ដល់យោបល់របស់អ្នកជំនាញការអន្តរជាតិ UNESCO-ICOMOS ដែលបានចុះពិនិត្យ និងវាយតម្លៃផ្ទាល់កាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងនោះ ជម្លោះប្រដាប់អាវុធនាពេលកន្លងមក (ថ្ងៃទី២៤-២៨ ខែកក្កដា នឹងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្កការខូចខាតដល់ប្រាសាទព្រះវិហារចំនួន ៥៦២ កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជុំវិញ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនក្នុងតំបន់។

ជាមួយគ្នានោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់យ៉ាងច្បាស់ថា «តំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ»។

លោកជំទាវ សង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនទ្វេភាគី (JBC) នឹងបន្តការងារបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាជនកម្ពុជាភៀសសឹកប្រមាណ ២០, ០០០ នាក់ អាចត្រឡប់ទៅកាន់ភូមិឋានវិញ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3