National

• 1 hour ago• Lim_Rothanaksambath

ពីការបោសសម្អាតមីនឱ្យមានសុវត្ថិភាព CMAC ជំរុញការកែច្នៃសំណល់មីន និងគ្រាប់មិនទាន់ផ្ទុះទៅជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ

ពីការបោសសម្អាតមីនឱ្យមានសុវត្ថិភាព CMAC ជំរុញការកែច្នៃសំណល់មីន និងគ្រាប់មិនទាន់ផ្ទុះទៅជាវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃ
ភ្នំពេញ, ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៖ អង្គភាពមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានចូលរួមរៀបចំស្តង់តាំងពិព័រណ៍ពិសេសមួយ ដើម្បីបង្ហាញពីការកែច្នៃសំណល់យុទ្ធភណ្ឌសង្គ្រាមទៅជារតនវត្ថុនៃសន្តិភាពដ៏មានតម្លៃ និងគ្រឿងអលង្ការអនុស្សាវរីយ៍នៃសន្តិភាព នៅក្នុងព្រឹត្តិការណ៍ពិធីបុណ្យវប្បធម៌ប្រពៃណីជប៉ុន «ប៊ុនអូដូរិ» (Bon Odori Festival) ដែលបានរៀបចំឡើងដោយ សមាគមជប៉ុននៅកម្ពុជា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ នៅផ្សារទំនើបអ៊ីអន មានជ័យ។

ពិធីបុណ្យវប្បធម៌ប្រពៃណីជប៉ុននេះ បានប្រព្រឹត្តទៅក្រោមវត្តមានចូលរួមយ៉ាងខ្ពង់ខ្ពស់ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងអង្គការ JICA ភាគីជប៉ុន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

ឯកឧត្តម ហេង រតនា អគ្គនាយកអង្គភាពមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានសង្កត់ធ្ងន់ថា អង្គភាព CMAC មិនមែនផ្សព្វផ្សាយសកម្មភាពមីន ឬលក់ទំនិញជាគ្រាប់មីននោះទេ ព្រោះជាទង្វើដែលខុសច្បាប់ជាតិ និងច្បាប់អន្តរជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
ឯកឧត្តមបានបន្តថា ការចូលរួមតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍ពិធីបុណ្យវប្បធម៌ប្រពៃណីជប៉ុន «ប៊ុនអូដូរិ» នេះ គឺជាការចូលរួមបង្ហាញពីការកែឆ្នៃសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះខ្លះ​ ដែលក្រោយបន្សាបរួច​អាចមានបំណែកខ្លះ​អាចយកមកផលិតជាគ្រឿងអលង្ការសម្រាប់ជាវត្ថុអនុស្សាវរីយ៍ដ៍ស្រស់ស្អាត។ វត្ថុអនុស្សាវរីយ៍នេះ​ ក៏មានគោលបំណងលុបបំបាត់ទម្រង់ហឹង្សាប្រដាប់អាវុធ​ ជាពិសេសប្រែក្លាយសំណល់គ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមពីឃាតករលាក់មុខ​ មកជាឧបករណ៍អនុស្សាវរីយ៍ ដេីម្បីរំលឹកចងចាំវិនាសកម្មដោយសារសង្គ្រាម​ និងក្លាយជាវត្ថុស្សាវរីយ៍​ ដេីម្បីមិត្តភាពនិងសន្តិភាព។

សូមជម្រាបឱ្យដឹងផងដែរថា ពិធីបុណ្យប៊ុនអូដូរិ (Bon Odori) គឺជាពិធីបុណ្យប្រពៃណីរំលឹកគុណបុព្វបុរសរបស់ជប៉ុន ដែលសមាគមជប៉ុននៅកម្ពុជា តែងតែរៀបចំឡើងជាប្រចាំ ដើម្បីផ្លាស់ប្តូរវប្បធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ឆ្នាំ២០២៦នេះ គឺជាលើកទី១៨ ហើយដែលសមាគមជប៉ុននៅកម្ពុជា (Japanese Association in Cambodia) បានផ្តួចផ្តើម និងរៀបចំពិធីបុណ្យប្រពៃណីវប្បធម៌មួយនេះឡើងនៅប្រទេសកម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3