The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ចិនផ្ដល់បច្ចេកវិទ្យាដ្រូនវៃឆ្លាត និងវគ្គហ្វឹកហ្វឺនដល់ CMAC ពន្លឿនប្រតិបត្តិការបោសសម្អាតមីនឱ្យកាន់តែមានសុវត្ថិភាព

ចិនផ្ដល់បច្ចេកវិទ្យាដ្រូនវៃឆ្លាត និងវគ្គហ្វឹកហ្វឺនដល់ CMAC ពន្លឿនប្រតិបត្តិការបោសសម្អាតមីនឱ្យកាន់តែមានសុវត្ថិភាព
ភ្នំពេញ, ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីន និងបង្កើនប្រសិទ្ធភាពក្នុងប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាម អង្គភាពស៊ីម៉ាក់ (CMAC) បានទទួលឧបករណ៍ដ្រូន (Drone) និងបើកវគ្គហ្វឹកហ្វឺនបច្ចេកទេស ដែលជាជំនួយបច្ចេកវិទ្យាដ៏មានសារៈសំខាន់ពីភាគីមិត្តចិន។

តួយ៉ាង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ នៅទីបញ្ជាការដ្ឋានអង្គភាព CMAC រាជធានីភ្នំពេញ មានការរៀបចំពិធីប្រគល់-ទទួល និងបើកវគ្គហ្វឹកហ្វឺនការប្រើប្រាស់យានគ្មានមនុស្សបើក (Drone) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) រួមជាមួយលោក Li Guodong លេខាទី១ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងលោក XU Peng អគ្គនាយកក្រុមហ៊ុន Hopong របស់ប្រទេសចិន។


ការនាំយកបច្ចេកវិទ្យាដ្រូនវៃឆ្លាតមកប្រើប្រាស់ក្នុងវិស័យសកម្មភាពមីននេះ ត្រូវបានគេរំពឹងថានឹងក្លាយជា "របត់ថ្មី" សម្រាប់អង្គភាព CMAC។ បច្ចេកវិទ្យានេះនឹងជួយដល់
ការស្រាវជ្រាវតាមអាកាស ពិនិត្យ និងកំណត់សញ្ញាសម្គាល់ទីតាំងដែលមានការសង្ស័យថាមានមីន ឬសំណល់យុទ្ធភណ្ឌសង្គ្រាមបានរហ័ស។ កាត់បន្ថយពេលវេលានៅក្នុងប្រតិបត្តិការស្ទង់មតិលើផ្ទៃដីធំៗ និងជួយឱ្យមន្ត្រីជំនាញអាចវាយតម្លៃស្ថានភាពហានិភ័យពីចម្ងាយ មុននឹងបញ្ជូនកម្លាំងចូលទៅបោសសម្អាតផ្ទាល់ដី។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយក CMAC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន Hopong ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា។ ជំនួយនេះមិនត្រឹមតែបង្ហាញពីចំណងមិត្តភាពដែកថែបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងសមត្ថភាពម្ចាស់ការលើ "ខឿនការពារជាតិ" និង "ខឿនសេដ្ឋកិច្ចជាតិ" តាមរយៈការរំដោះដីធ្លីដែលមានមីនឱ្យក្លាយជាដីមានសុវត្ថិភាពសម្រាប់បង្កបង្កើនផល។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
គួររំលឹកផងដែរថា ប្រទេសចិនគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយរបស់កម្ពុជា ក្នុងការងារបោសសម្អាតមីន។ កន្លងមក ចិនបានផ្តល់ជំនួយជាបន្តបន្ទាប់ទាំងផ្នែកថវិកា សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។ យោងតាមរបាយការណ៍កន្លងមករបស់អាជ្ញាធរមីន (CMAA) កម្ពុជាបានដាក់ចេញនូវទិសដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" ដែលតម្រូវឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដូចជាដ្រូននេះ ដើម្បីសម្រេចមហិច្ឆតានេះឱ្យទាន់ពេលវេលា។

តាមរយៈការហ្វឹកហ្វឺនដែលចាប់ផ្តើមនៅថ្ងៃនេះ មន្ត្រីជំនាញរបស់ CMAC នឹងទទួលបានចំណេះដឹងផ្នែកបញ្ជាដ្រូន ការវិភាគទិន្នន័យរូបភាព និងការថែទាំឧបករណ៍ ដើម្បីធានាបាននូវនិរន្តរភាពនៃបច្ចេកវិទ្យានេះនៅក្នុងសមរភូមិអត់ផ្សែងកម្ចាត់មីននៅកម្ពុជា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3