The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ក្រសួងការពារជាតិ ចូលរួមជាមួយ CMAC បង្ហាញស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមយោធាថៃលើទឹកដីកម្ពុជាទៅ AOT-KH និង MACPP

ក្រសួងការពារជាតិ ចូលរួមជាមួយ CMAC បង្ហាញស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមយោធាថៃលើទឹកដីកម្ពុជាទៅ AOT-KH និង MACPP
ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលឱ្យមានកិច្ចប្រជុំដ៏សំខាន់មួយ នៅទីបញ្ជាការដ្ឋានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីបង្ហាញអំពីបច្ចុប្បន្នភាពនៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលបន្សល់ទុកដោយកងទ័ពថៃលើទឹកដីកម្ពុជា ក្រោយសង្គ្រាមក្នុងឆ្នាំ២០២៥។

ក្នុងនោះ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល CMAC បានរាយការណ៍ជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ចំនួន ៣៧រូប ដឹកនាំដោយលោកឧត្តមនាវីត្រី Glenn Z. Dizon និងក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចំនួន ១៦រូប នូវទិន្នន័យបច្ចេកទេស និងវិសាលភាពនៃផលប៉ះពាល់ រួមមាន៖ ទិន្នន័យភូមិសាស្ត្រ និងផលប៉ះពាល់ ដោយយោងតាមការស្រាវជ្រាវ មានភូមិចំនួន ៣៤៩ បានរងផលប៉ះពាល់ដោយផ្ទាល់។ ក្នុងនោះ CMAC បានបញ្ចប់ការស្រាវជ្រាវចំនួន ៣៣៥ភូមិ រួចរាល់ហើយ។

ផ្ទៃដីរងគ្រោះ ដែលផ្ទៃដីសរុបជាង ៣៨៦,៨៨០ ហិកតា (ស្មើនឹង ៥,៤០៩ តំបន់) ត្រូវបានកំណត់ថាមានសំណល់យុទ្ធភណ្ឌ។ ក្នុងនោះ ផ្ទៃដីជាង ២៩៥,០៩៦ ហិកតា រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយ «គ្រាប់បែកចង្កោម» ខណៈប្រជាពលរដ្ឋជាង ៦៤០,០០០ នាក់ ត្រូវបានជម្លៀសចេញពីលំនៅដ្ឋានក្នុងកំឡុងសង្គ្រាម។ បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ ដោយសារតែហានិភ័យនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ជាមួយគ្នានោះ ក្រុមការងារបានប្រមូល និងកំណត់សក្ខីកម្មជាក់ស្តែងបានជាង ១៦,០០០ ករណី ដើម្បីទុកជាភស្តុតាង។

ការផ្ដល់ព័ត៌មានលម្អិតនេះ គឺក្នុងគោលបំណងបង្កើនការយល់ដឹងដល់សហគមន៍អន្តរជាតិ និងផ្ដល់មូលដ្ឋានគ្រឹះដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពបទឈប់បាញ់ឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការពារជាតិ
រាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ការយល់ដឹងស៊ីជម្រៅអំពីទំហំនៃការបំផ្លិចបំផ្លាញនេះ គឺជាគន្លឹះក្នុងការលើកកម្ពស់តម្លាភាព និងការជឿទុកចិត្តគ្នា ដើម្បីធានាបាននូវសន្តិសុខយូរអង្វែងនៅតាមព្រំដែន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3